(ភ្នំពេញ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា គម្រោងសាងសង់ជាតិលេខ៧១C ដែលបានតភ្ជាប់ពីខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ស្ថិតនៅតាមស្រុកចំការលើ និងស្រុកស្ទឹងត្រង់ នឹងបើកកាដ្ឋានសាងសង់នៅក្នុងឆ្នាំ២០១៩នេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះ។

រដ្ឋមន្ត្រីក្រសូងសាធារណការ បានថ្លែងយ៉ាងដូចនេះ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលលោកបានដឹកនាំក្រុមកាងារ ចុះធ្វើការត្រួតពិនិត្យ និងសិក្សាលើផ្លូវជាតិលេខ៧១C នៅស្រុកចំការលើ និងស្រុកស្ទឹងត្រង់ ខេត្តត្បូងឃ្មុំ។ ការចុះត្រួតពិនិត្យនេះដែរ ក៏មានការចូលរួមពីមន្ត្រីពាក់ព័ន្ធ រួមទាំងមន្ត្រីនៃក្រុមហ៊ុនសាងសង់ សៀងហៃ ជាច្រើនរូបផងដែរ។

លោកទេសរដ្ឋមន្ត្រីបានថ្លែងថា «យើងមកនៅពេលនេះ គឺដើម្បីសិក្សាមើលផ្លូវ តភ្ជាប់ស្ពានស្ទឹងត្រង់ ឆ្លងពីខេត្តកំពង់ចាមទៅខេត្តត្បូងឃ្មុំ ដែលគម្រោងសាងសង់ផ្លូវ៧១Cនេះ មានប្រវែង ប្រមាណ១១០ គីឡូម៉ែត្រ ហើយគម្រោងនេះ ក្រសួងសារធារណការ បានដាក់ចូលទៅក្នុងផែនការសម្រាប់ឆ្នាំ២០១៩នេះ រួចហើយ បន្ទាប់ពីពិនិត្យលើកនេះហើយ ក្រសួងនឹងរៀបចំពិភាក្សាលម្អិត បន្ថែមទៀត ដើម្បីឈានដល់ការចរចារជាមួយក្រុមហ៊ុន សៀងហៃ ហើយនៅពេលដែលចរចារួចហើយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងស្នើថវិការប្រាក់កម្ចីមកពីប្រទេសចិនដើម្បីធ្វើផ្លូវនេះ»

លោកទេសរដ្ឋមន្ត្រី បានឱ្យដឹងទៀតថា ឆ្នាំនេះអាចនឹងមានគម្រោង២ ដែលបើកការដ្ឋាន គឺគម្រោងផ្លូវ៧១Cនេះ និងគម្រោងផ្លូវលេខ១០ ពីសំឡូត ចុះទៅវាលវែង និងឆ្ពោះទៅកោះកុង ហើយកិច្ចព្រមព្រៀងសាងសង់គម្រោងទាំង២នេះ បានចុះហត្ថលេខារួចហើយ នៅឡើយតែប្រាក់កម្ចីធ្វើផ្លូវទាំង២នេះ នៅមិនទាន់បានចុះហត្ថលេខានោះទេ។ គម្រោងសាងសង់ផ្លូវជាតិលេខ ៧១Cនេះ គ្រោងដាក់បេតុងកៅស៊ូ AC តែម្តង ប៉ុន្តែក្រុមហ៊ុនកំពុងសិក្សាមានច្រើនជម្រើសទៀត មានធ្វើ១២ម៉ែត្រ ១១ម៉ែត្រ ឬ១០ម៉ែត្រ អាស្រ័យទៅលើកាសិក្សាជាក់ស្តែងនេះ ដើម្បីជាការកាត់បន្ថយចំណាយក្នុងការសាងសង់ផ្លូវនេះឯង។

រដ្ឋមន្ត្រីក្រសួងសាធារណការ បានបញ្ជាក់ទៀតថា គម្រោងទាំង២នេះ នឹងអាចបើកការដ្ឋានបាន នៅក្នុងឆ្នាំនេះហើយ ដោយឡែក នៅរង់ចាំតែថវិការនោះទេ បើក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អាចចរចាបានលឿនជាមួយនិងភាគីខាងចិននោះ យើងនឹងអាចឆាប់បានធ្វើ ឆាប់បានបើកការដ្ឋានបានហើយ តែទោះជាយ៉ាងណាក៏ដោយឆ្នាំនេះ យើងនឹងអាចឈានដល់ការចុះកិច្ចសន្យា សាងសង់ផ្លូវនេះឱ្យបាន នៅរង់ចាំតែថវិកាតែប៉ុណ្ណោះ នៅរង់ចាំតែគេចរចាចប់ ហើយបានធ្លាក់លុយមក យើងនឹងចាប់ផ្តើមបើកការដ្ឋានភ្លាមតែម្តង៕