(ក្រចេះ)៖ លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ​បានដឹកនាំ​សហការី បានចុះត្រួតពិនិត្យការសាងសង់ផ្ទះ និងអណ្ដូងទឹក (អណ្ដូងស្នប់) ជូនអតីតយុទ្ធជន ស្ថិតនៅឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ឯម កុសល បាន​ជំរុញដល់ក្រុមការងារ ដែលកំពុងតែធ្វើការ​សាងសង់ផ្ទះជូនអតីតយុទ្ធជនទាំងអស់ ត្រូវតែបង្កើនការប្រុងប្រយ័ត្ន និងបំពេញការងារ​ដោយយកចិត្តទុកដាក់ខ្ពស់បំផុត ដើម្បីទទួលបានគុណភាពល្អ និងពន្លឿនការសាងសង់ឲ្យរួចរាល់ជាស្ថាពរ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោកឧត្តមសេនីយ៍ ឯម កុសល បានបញ្ជាក់ថា ជាលទ្ធផល​ការសាងសង់ផ្ទះសម្រេចបានចំនួន​១០ខ្នងផ្ទះ និងអណ្ដូងស្នប់ចំនួន០៤ ហើយក្រុមការងារបាននិងកំពុងធ្វើការ សាងសង់ផ្ទះចំនួន០៥ខ្នងបន្ដ សម្រេចបាន៤០ភាគរយ ដែលជាអំណោយ​របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា៕