(ភ្នំពេញ)៖ នៅទីស្នាក់ការកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមីនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់អំណោយមនុស្សធម៌លើកទី ៨ ដល់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ ដែលមានសមាជិកជាជនពិការ ចាស់ជរា ចំនួន ៧១នាក់ រស់នៅក្នុងរាជធានីភ្នំពេញ និងមកពីបណ្តាខេត្តមួយចំនួន។

ក្នុងឱកាសជួបសំណេះសំណាលនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតស្រឡាញ់ លើកទឹកចិត្ត និងការកោតសរសើរចំពោះជនពិការទាំងអស់ ដែលតស៊ូជំនះគ្រប់ឧបសគ្គក្នុងជីវិតរស់នៅ ខិតខំតាមជំនាញរៀងៗខ្លួនប្រកបដោយគុណធម៌ និងសីលធម៌។

នេះជាផ្នែកមួយនៃការចូលរួមជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយជាតិលើកកម្ពស់ជនពិការ ឱ្យរស់នៅស្មើមុខស្មើមាត់ក្នុងសង្គម ដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះ លោកស្រី បានពាំនាំនូវការណែនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដល់ជនពិការទាំងអស់ ឱ្យគួរបង្កើនទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធ ឬសប្បុរសជនដើម្បីសុំការអនុញ្ញាតឬសហការរៀបចំការប្រគុំតន្ត្រីនៅក្នុងឱកាសនៃពិធីបុណ្យនានា ដូចជាបុណ្យទន្លេ ព្រះរាជពិធីបុណ្យអុំទូក -ល- ព្រោះឱកាសនេះនឹងមានមនុស្សចូលរួមច្រើនកុះករដែលអាចឱ្យជនពិការទទួលបានការគាំទ្រកាន់តែច្រើន។

ជាមួយគ្នានេះដែរ ជនពិការទាំង ៧១នាក់ បានសម្តែងនូវក្តីរំភើប និងដឹងគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែផ្តល់ក្តីស្រឡាញ់ ភាពកក់ក្តៅ ក្តីមេត្តា ករុណា និងលើកទឹកចិត្តចំពោះជនងាយរងគ្រោះទាំងអស់ដោយគ្មានការរើសអើងអ្វីឡើយ។ ជាពិសេស បន្ថែមពីការឧបត្ថម្ភអំណោយជាស្បៀង-សម្ភារ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគាំទ្រដល់កម្មវិធីប្រគុំតន្ត្រីរបស់ជនពិការ ដែលកម្មវិធីនេះបានផ្តល់ឱកាសដល់ជនពិការបង្ហាញពីសមត្ថភាពរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយពីសិទ្ធិជនពិការ និងលើកកម្ពស់ការយល់ដឹងកុំឱ្យរើសអើងលើជនពិការ។

បងប្អូនជនពិការ ក៏បានសូមបួងសួងដល់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមមានសុខភាពល្អ អាយុយ៉ឺនយូរដើម្បីបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងមានសុខសន្តិភាពជានិច្ច។

អំណោយដែលបានផ្តល់ជូនអង្គការសកម្មភាពលើយុវវ័យពិការ ដើម្បីអភិវឌ្ឍន៍ រួមមាន ៖ អង្ករ មី ត្រីខ ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកា ៥លានរៀល។ ដោយឡែក ជនពិការទាំង ៧១នាក់ ម្នាក់ៗទទួលបាន ៖ អង្ករ ៣០គីឡូក្រាម មី ១កេស ត្រីខ ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ អាវយឺត១ និងថវិកា ៥ម៉ឺនរៀល។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជា ធា្លប់បានផ្តល់អំណោយជាស្បៀង សម្ភារ និងថវិកា ព្រមទាំងឧបត្ថម្ភគាំទ្រដល់កម្មវិធីប្រគុំតន្ត្រីជនពិការសប្បុរសធម៌ របស់អង្គការសកម្មភាពលើយុវវ័យពិការដើម្បីអភិវឌ្ឍន៍ បានចំនួន ៧លើករួចមកហើយ ដែលថ្ងៃនេះជាការផ្តល់ជូនលើកទី ៨៕