(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានសម្រេចទទួលស្គាល់ជាផ្លូវការ នូវការចុះបញ្ជីរបស់គណបក្សនយោបាយចំនួន២ សម្រាប់ការឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក និងក្រមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ នៅមូលដ្ឋានខេត្ដពោធិ៍សាត់។ នេះបើតាមសេចក្តីសម្រេចរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។

គណបក្សនយោបាយចំនួន២ ដែលត្រូវបានគ.ជ.ប ទទួលស្គាល់មុនគេ សម្រាប់ការបោះឆ្នោតនៅមូលដ្ឋានខេត្តពោធិ៍សាត់នោះ រួមមាន គណបក្សប្រជាជនកម្ពុជា និងគណបក្សសញ្ជាតិកម្ពុជា ខណៈដែលគ.ជ.ប កំពុងពិនិត្យលើការចុះបញ្ជី និងបេក្ខជន របស់គណបក្សផ្សេងៗទៀត។

បើតាមការបញ្ជាក់របស់ គ.ជ.ប បានឲ្យដឹងថា អនុលោមតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្ដិទី៣ ប្រកា១ ២.៤៣ ចែងថា គធ.ខប ត្រូវពិនិត្យសម្រេចលើពាក្យសុំចុះ បញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ក្នុងរយៈពេលយ៉ាងយូរ ៥ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ។

ក្នុងករណី គធ.ខប ពិនិត្យឃើញថា សំណុំលិខិតរបស់គណបក្សនយោបាយណាមួយ ពុំបានបំពេញលក្ខខណ្ឌ ដូចមានចែងក្នុងប្រការ ២.៣៦ ដល់ប្រការ ២.៤១ នៃបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្ដិទី៣ គធ.ខប ត្រូវជូនដំណឹងទៅសាមីគណបក្សនយោបាយនោះវិញ ដើម្បីបំពេញបន្ថែម ឬកែតម្រូវ។

គ.ជ.ប បានបន្ថែមទៀតថា សាមីគណបក្សនយោបាយត្រូវបំពេញលក្ខខណ្ឌ ឬកែតម្រូវលក្ខខណ្ឌ ចំណុចដែលខ្វះខាតយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានទទួលលិខិតជូនដំណឹងនេះ៕

ខាងក្រោមនេះជាសេចក្តីសម្រេចរបស់គ.ជ.ប៖