(ភ្នំពេញ)៖ ការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ សំដៅកាត់បន្ថយហានិភ័យលក្ខខណ្ឌវះកាត់ ដែលអាចព្យាបាល និងការពារបាន ពន្លឿនការទទួលបាននូវការវះកាត់ ការដាក់ថ្នាំសណ្តំប្រកបដោយសុវត្ថិភាព នៅទូទាំងសកលលោក ដែលគំនិតផ្ដួចផ្ដើមនេះនឹងផ្ដោតសំខាន់លើ ការកសាងសមត្ថភាពរបស់ស្ថាប័នកម្ពុជានានា ដើម្បីបន្តអភិវឌ្ឍន៍លើការព្យាបាលដោយវះកាត់ទៅអនាគត។

ជាក់ស្ដែង នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ កម្ពុជារៀបចំសន្និសីទការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ ក្រោមអធិបតីភាព លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងមានការចូលរួមពី​​លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត ព្រមទាំងសាស្ត្រាចារ្យ វេជ្ជបណ្ឌិតជា​ភ្ញៀវជាតិ និងអន្តរជាតិច្រើននាក់ទៀតផងដែរ។

ថ្លែងក្នុងឱកាសនោះ លោក ឈាង រ៉ា បានលើកឡើងថា មូលនិធិ GE បានសហការគ្នាជាផ្លូវការ ជាមួយក្រសួងសុខាភិបាល និងបានអនុវត្តការងារ ក្រោមការសម្របសម្រួលរបស់ដៃគូដទៃទៀត ដូចជា Asist international (Dalberg) (Jhiego) ​សាកលវិទ្យាល័យវេជ្ជសាស្ត្រ Harvard និង​ G4 Alliance ដើម្បីពង្រឹងប្រព័ន្ធព្យាបាលដោយវះកាត់ តាមរយៈកម្មវិធី ការវះកាត់ប្រកបដោយសុវត្ថិភាពឆ្នាំ២០២ ដោយសំដៅអភិវឌ្ឍន៍ជំនាញ និងគាំទ្រផ្នែកសម្ភារ។

លោកសាស្ត្រាចារ្យ អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបញ្ជាក់ទៀតថា គម្រោងនេះផ្តោតជាចម្បងលើមន្ទីរពេទ្យចំនួន៤ រួមមាន មន្ទីរពេទ្យកាល់ម៉ែត, មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ, មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម, មន្ទីរពេទ្យបង្អែកខេត្តតាកែវ និងមន្ទីរពេទ្យបង្អែកជ័យជំនះ។

លោកថា​កម្ពុជា​មានសេចក្ដីរីករាយណាស់ ដែលត្រូវបានជ្រើសរើសជាទីតាំងបណ្ដុះបណ្ដាលសម្រាប​កម្មវិធីដ៏ធំនេះ ជាអត្ថប្រយោជន៍សម្រាប់វិស័យ សុខមាលភាពនេះ ព្រោះគោលគំនិតចម្បង គឺពង្រីកចំណេះដឹងដែល​អាចបានសិក្សាពីកម្មវិធីការវះកាត់ ប្រកបដោយសុវត្ថិភាពឆ្នាំ២០២០ ដើម្បីយកទៅចែករំលែកដល់មន្ទីរពេទ្យដទៃទៀត ក្នុងប្រទេសកម្ពុជាតែម្ដង។

លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានលើកឡើងថា ភាពរីកចម្រើននៃការព្យាបាលដោយវះកាត់នៅប្រទេសកម្ពុជា ក៏ដូចជាការអភិវឌ្ឍន៍និរន្ដ នូវធនធានមនុស្សដែលរួមចំណែក ដល់ការលើកកម្ពស់គុណភាពព្យាបាល ដោយឈរលើយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យសុខាភិបាល ក្រោមគោលនយោបាយ​របស់សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​កម្ពុជា ដែលបានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍន៍ឥតឈប់ឈរ លើគ្រប់វិស័យ។

លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា ដោយយោងតាមរបាយការណ៍ ស្ដីពីការវះកាត់សកលលោកនៅឆ្នាំ២០៣០ របស់គណៈកម្មកាឡង់សេ (Lancet) បានបង្ហាញថា លក្ខខណ្ឌវះកាត់មិនទាន់មានសុវត្ថិភាព បានសម្លាប់មនុស្សលើពិភពលោកច្រើនជាង ជំងឺឆ្លងទៅទៀត ហើយក៏ជាកត្តាបង្កជំងឺមួយភាគបី នៃពិភពលោកផងដែរ។ ការទទួលបានការវះកាត់តាមនិយាមសុវត្ថិភាពពិតជាមិនទាន់សមភាពនៅឡើយ ព្រោះថាប្រជាជនជាង​៩០% នៅតំបន់អាស៊ីអាគ្នេយ៍ ពុំទទួលបានការវះកាត់ប្រកបដោយសុវត្ថិភាពពេញលេញនោះទេ បើប្រៀបទៅនឹងតំបន់ដែលមានចំណូលខ្ពស់ ដូចជាអឺរ៉ុបខាងលិច ដែលមានត្រឹមតែ៥%។

ដោយឈរលើមូលហេតុនេះហើយ ក្រសួងសុខាភិបាល បានសហការជាមួយមូលនិធិ (GE) ពង្រឹងប្រព័ន្ធព្យាបាលដោយវះកាត់ តាមរយៈកម្មវិធីកាត់ប្រកបដោយសុវត្ថិភាព ឆ្នាំ២០២០ ដោយសំដៅអភិវឌ្ឍជំនាញ និងគាំទ្រផ្នែកសម្ភារ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា កម្ពុជាមានសេចក្តីរីករាយខ្លាំងណាស់ ដែលត្រូវបានជ្រើសរើសក្នុងចំណោមប្រទេសដំបូងគេ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ឲ្យចាប់ផ្ដើមការវះកាត់ប្រកបដោយសុវត្ថិភាព ឆ្នាំ២០២០ ដែលកម្មវិធីនេះបានផ្ដល់ឱកាសបណ្ដុះបណ្ដាលថ្មី សម្រាប់គ្រូពេទ្យវះកាត់បច្ចុប្បន្ន និងអនាគតគ្រូពេទ្យវះកាត់បានផ្ដល់ការគាំទ្រ ដើម្បីបង្កើនល្បឿននូវការដាក់ចេញនូវកម្មវិធីគ្របដណ្ដប់សុខភាពសកលនាពេលអនាគតផងដែរ។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសង្ឃឹមយ៉ាងមុតមាំថា សន្និសីទនេះ រួមចំណែកនាំមកនូវការបង្កើតថ្មី លើជំនាញសកល និងបទពិសោធន៍តំបន់ ដើម្បីផ្ដល់ឱកាសដល់ប្រជាជនទាំងអស់ អាចមានលទ្ធភាពទទួលបានការព្យាបាល ដោយវះកាត់ប្រកបដោយសុវត្ថិភាពគ្រប់ៗគ្នា៕​