(ស្វាយរៀង)៖ បើទោះបីរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសទប់ស្កាត់ និងហាមដាច់ខាត លើការនាំជ្រូកពីប្រទេសជិតចូលមកកម្ពុជា យ៉ាងណាក៏ដោយ ក៏នៅតែមានការ នាំជ្រូករស់ចូលដដែល ជាក់ស្តែងកាលពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ក្រុមចល័តការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានធ្វើការ ឃាត់រថយន្តកូរ៉េមួយគ្រឿង មានជ្រូក១៨ក្បាល ដឹកឆ្លងពីប្រទេសវៀតណាម មកទឹកដីកម្ពុជាតាមច្រកទ្វាតំបន់ព្រំដែនខ្សែដែក ស្ថិតក្នុងឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង គោលដៅចូល ទៅទឹកដីខេត្តព្រៃវែង។

បើតាមអ្នកបើករថយន្តដឹកជ្រូក ដែលត្រូវសមត្ថកិជំនាញ់ឃាត់បាននោះ បានប្រាប់ឲ្យដឹងថា គាត់មិនមែនជាម្ចាស់ជ្រូកទេ គ្រាន់តែរកស៊ីដឹកជ្រូកឲ្យគេប៉ុណ្ណោះ ដោយក្នុងមួយក្បាលឈ្នួល ដឹក៣ម៉ឺនរៀល ហើយម្ចាស់នៅស្រុកមេសាង ខេត្តព្រៃវែង មានឈ្មោះ រ៉ា និងឈ្មោះ សៅ។

លោកបានបន្តទៀតថា មានរថយន្តជាច្រើនគ្រឿងក្នុងមួយថ្ងៃៗ ចូលដឹកជ្រូករស់តាមច្រកទ្វាតំបន់ព្រំដែនខ្សែដែកនេះ ដោយបង់លុយឲ្យខាងនគរបាលឈរជើងច្រកទ្វារតំបន់ព្រំដែនខ្សែដែក ក្នុងមួយរថយន្ត៣ម៉ឺនរៀល និងទាហាន២ម៉ឺនរៀល ក្រៅពីនេះគ្មានបង់ទៀតទេ។

មន្ត្រីពេទ្យសត្វបានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបរថយន្តដឹកជ្រូកនេះ ស្ថិតនៅខាងជើងប៉ុស្តិ៍ចំងាយ៣០០ម៉ែត្រ ដោយចេញច្រកទ្វារតំបន់ព្រំដែនខ្សែដែក។

ពាក់ព័ន្ធនិងករណីនាំជ្រូកចូលពីប្រទេសជិតខាងនេះបើតាម លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង បានប្រាប់ថា សមត្ថកិច្ចជំនាញរបស់លោក បានធ្វើការឃាត់រថយន្តដឹកសត្វជ្រូករស់ចំនួន១៨ក្បាល យកមករក្សាទុកនៅមន្ទីរកសិកម្មខេត្តស្វាយរៀង ដើម្បីអនុវត្តបច្ចេកទេស បូមឈាមជ្រូកទាំងអស់នោះ យកទៅពិសោធនៅរាជធានីភ្នំពេញ។

លោកប្រធានមន្ទីរបានបន្តទៀតថា បើបូមឈាមសត្វជ្រូកទាំងនោះ យកទៅពិសោធហើយរកឃើញថា មានជំងឺនោះត្រូវតែយកកប់ចោលតែម្តង តែបើគ្មានជំងឺគឺធ្វើការផាកពិន័យតាមផ្លូវច្បាប់។

លោក ថាច់ រតនា បានបញ្ជាក់ទៀតថា បើតាមគោលការណ៍របស់ក្រសួងកសិកម្ម គឺបិទទាំងស្រុងមិនអនុញ្ញាតឲ្យនាំសត្វជ្រូកចូលមកប្រទេសកម្ពុជាទៀតទេ ដោយសារប្រទេសវៀតណាម កំពុងតែផ្ទុះជំងឺដ៏កាចសាហាវ នៅលើសត្វជ្រូក និងអាចឆ្លងមកមនុស្ស។

ពាក់ព័ន្ធករណីខាងលើនេះ លោកមេប៉ុស្តិ៍ប្រចាំច្រកទ្វារតំបន់ព្រំដែនខ្សែដែក បានប្រាប់តាមទូរស័ព្ទថា ពុំមានការដឹកជ្រូកតាមច្រកលោកនោះទេ មិនដឹងចាប់នៅណាផង ហើយលោកក៏គ្មានសិទ្ធិបើកឲ្យជ្រូកចូលដែរ។

លោកបានបន្តទៀតថា លោកមិនបានដឹងទេ ព្រោះប៉ុស្តិ៍គ្មានទំនិញឆ្លងកាត់ទេ បើចង់ដឹងមកចាំមើលទៅក៏បានដែរ ហើយគេរាយការណ៍ចឹង មានតែលោកឡើងប្រឈមជាមួយ លោកស្នងការហើយ៕