(ភ្នំពេញ)៖ លោកវរសេនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលរយៈពេល២ថ្ងៃជាប់គ្នា ដោយផ្ដោតសំខាន់លើការត្រួតពិនិត្យជាតិស្រវឹង បណ្ណបើកបរអន្តរជាតិ លំហាត់ពីរបៀបវិន័យកងកម្លាំង និងការសង្គ្រោះបឋម ដើម្បីទប់ស្កាត់ និងលើកកម្ពស់ផ្នែកច្បាប់ នៃសុវត្ថិភាពគ្រោះថ្នាក់ចរាចរផ្លូវគោក។

ពិធីនេះដែរ មានការចូលរួមពីលោក-លោកស្រី តំណាងអង្គការមួយ នៃប្រទេសសាំងហ្គាពួ លោកវរសេនីយ៍ឯក ថី វិសាល មកពីអគ្គនាយកដ្ឋានសណ្ដាប់ធ្នាប់ចរាចរ ក្រសួងមហាផ្ទៃ លោកអធិការរងទទួលផែនការងារចរាចរខណ្ឌទាំង១២ និងលោក-លោកស្រីនាយផ្នែក នាយរងផ្នែក នៃការិយាល័យចរាចរ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

ថ្លែងក្នុងពិធីនេះ លោក សែម បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី២ថ្ងៃជាប់គ្នានេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់មន្ត្រីជុំនាញយកចិត្តទុកដាក់ ក្នុងការអនុវត្ត តាមដងផ្លូវនានា ដោយផ្ដោតសំខាន់លើការត្រួតពិនិត្យជាតិស្រវឹង ត្រួតពិនិត្យបណ្ណបើកបរអន្តរជាតិ លំហាត់ពីរបៀបវិន័យកងកម្លាំង និងការសង្គ្រោះបឋមក្នុងពេលជួបបញ្ហា ដើម្បីបង្កាទប់ស្កាត់ និងលើកកម្ពស់ផ្នែកច្បាប់ នៃសុវត្ថិភាពគ្រោះថ្នាក់ចរាចរផ្លូវគោក ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត៕