(ភ្នំពេញ)៖ ក្នុងឆ្នាំ២០១៨នេះ ផលចាប់ពីធម្មជាតិ និងផលវារីវប្បកម្ម (ចិញ្ចឹមត្រី) សម្រេចបានចំនួន​៩១០ពាន់តោន កើនលើសឆ្នាំមុនចំនួន​៦.៣% ក្នុងនោះផលនេសាទទឹកសាបសម្រេចបាន៥៣៥ពាន់តោន ផលនេសាទសមុទ្រ១២១ពាន់តោន និងផលវារីវប្បកម្មសម្រេចបានចំនួន ២៥៤ពាន់តោន កើនឡើង​២២.៥% ធៀបនឹងឆ្នាំ២០១៧។ នេះបើតាមការឲ្យដឹងពី លោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំចាស់​ និងលើកទិសដៅការងារឆ្នាំថ្មី ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០១៨ផងដែរ ការកែច្នៃផលនេសាទទឹកសាប និងសមុទ្រសម្រេចបាន៨៤ពាន់តោន និងការនាំចេញផលនេសាទស្រស់ និងកែច្នៃអនុវត្តបានជាង១៤ពាន់តោន។

ដោយឡែក បទល្មើសជលផលជាង៣,២០០ករណី ត្រូវក្រសួងសហការបង្ក្រាប បើប្រៀបធៀបឆ្នាំ២០១៧ មានការថយចុះចំនួន៧២១ករណី។ ទន្ទឹមគ្នានេះ លោក វេង សាខុន បានឲ្យដឹងថា ឆ្នាំ២០១៨ ក្រសួងបានបង្កើតសហគមន៍នេសាទ ចំនួន​៥១៦សហគមន៍ ក្នុងនោះ​២៧សហ​គមន៍ កំពុងប្រែក្លាយទៅជា​សហគមន៍អេកូទេសចរណ៍ធម្មជាតិ។

ក្នុងចំណោមសហគមន៍ទាំងអស់ គឺចែកចេញជា​សហគមន៍នេសាទទឹកសាបមានចំនួន​៤៧៥ និងសហគមន៍នេសាទសមុទ្រ មានចំនួន​៤១​សហគមន៍ ព្រមទាំងមានសមាជិកដែលជាប្រជាសហគមន៍ សរុបចំនួនជាង​៣៣២ពាន់នាក់។ កន្លែងអភិរក្សជលផលសរុបទូទាំងប្រទេស មានចំនួន​៦៦៥កន្លែង និងបង្កើតស្រះជម្រកត្រីសហគមន៍ បានចំនួន​៨៨៤កន្លែង៕