(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ឲ្យដឹងថា នៅឆ្នាំ២០១៨ កម្ពុជាមានតម្រូវការសាច់សត្វជាង២៣ម៉ឺនតោន សម្រាប់ផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋសម្រាប់បរិភោគ ក្នុងនោះនាំចូលសាច់ពីបរទេសជាង៥ម៉ឺនតោន។

ការថ្លែងរបស់លោករដ្ឋមន្ត្រី វេង សាខុន ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០១៨-២០១៩ និងទិសដៅការងារសម្រាប់ឆ្នាំ២០១៩-២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩នេះ។

លោករដ្ឋមន្ត្រីបានថ្លែងថា «ការផលិតនិងផ្គត់ផ្គង់សាច់មានការកើនឡើងជារៀងរាល់ឆ្នាំ ពោលគឺបានកើនពី ២២៤ពាន់តោននៅឆ្នាំ២០១៧ ដល់ ២៣១ ពាន់តោននៅឆ្នាំ២០១៨ កើនប្រមាណជាង ៣% ដែលធ្វើឲ្យការនាំចូលសាច់សម្រាប់ផ្គត់ផ្គង់ក្នុងប្រទេសថយចុះពី ៥៧ពាន់តោននៅឆ្នាំ២០១៧ មកត្រឹមតែ ៥៤ពាន់ តោននៅឆ្នាំ២០១៨»។

លោកបន្តថា ឆ្នាំ២០១៨កន្លងទៅនេះ ក្រសួងបានជំរុញការអនុវត្តច្បាប់ ស្តីពីសុខភាពសត្វ និងផលិតកម្មសត្វ ក្នុងគោលដៅពង្រឹងការអនុវត្តស្តង់ដារអនាម័យ លើផលិតផលសត្វ ការពង្រឹងនិងជំរុញអនុវត្តវិធានការអនាម័យសត្វ ដើម្បីបង្ការ ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរាលដាលជំងឺសត្វ ក៏ដូចជាការការពារសុខភាពសាធារណៈជាចម្បងផងដែរ។

ជាងនេះទៅទៀត ក្រសួងក៏បានជំរុញការចិញ្ចឹមសត្វជាលក្ខណៈទំនើប ការផលិតចំណីសត្វក្នុងទ្រង់ទ្រាយមធ្យមនិងធំ ដើម្បីគាំទ្រដល់ចលនាចិញ្ចឹមសត្វ រួមជាមួយនឹងការលើកកម្ពស់ប្រព័ន្ធផ្តល់សេវាបច្ចេកទេស កែលម្អពូជសត្វ ការកែច្នៃផលិតផលបសុសត្វ ការបង្កើតសត្តឃាតដ្ឋានទំនើប ព្រមទាំងការសម្រួលពាណិជ្ជកម្មសត្វ និងផលិតផលសត្វ។

ជាការកត់សម្គាល់កន្លងមក ស្ទើរតែគ្រប់គ្រួសារកសិករបានចិញ្ចឹមសត្វក្នុងគោលបំណងផ្គត់ផ្គង់តម្រូវការចាំបាច់ក្នុងគ្រួសារ និងប្រើប្រាស់ជាកម្លាំងអូសទាញ។ ប៉ុន្តែការចិញ្ចឹមតាមប្រពៃណីបែបនេះបានផ្លាស់ប្តូរបន្តិចម្តងៗ ដោយបានប្តូរទិសដៅផលិតកម្ម សម្រាប់តែតម្រូវការក្នុងគ្រួសារ ទៅជាការចិញ្ចឹមសម្រាប់ធ្វើពាណិជ្ជកម្មវិញ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ការផ្លាស់ប្តូរបែបផែនផលិតកម្មនេះ បានកើនឡើងជាលំដាប់ ជាក់ស្តែងក្នុងឆ្នាំ២០១៨នេះ ផលិតកម្មសត្វសម្រេចបានចំនួន ៤៤.៣លានក្បាល កើនឡើង៣.៦% ធៀបនឹងឆ្នាំ២០១៧។ ការចិញ្ចឹមសត្វជាលក្ខណៈពាណិជ្ជកម្មបានកើន២០% ធៀបនឹងឆ្នាំ២០១៧ ដែលក្នុងនោះផលិតកម្មបក្សីជាលក្ខណៈពាណិជ្ជកម្ម មានការកើនឡើងចំនួន២១.៣% ដោយអ្នកចិញ្ចឹមមានការផ្លាស់ប្តូរឥរិយាបថពីការចិញ្ចឹមតាមបែបធម្មជាតិ មកចិញ្ចឹមតាមបែបពាណិជ្ជកម្ម ដែលធ្វើឱ្យមានកំណើនប្រាក់ចំណូលខ្ពស់៕