(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានឯកភាពផ្ដល់ថវិកាសរុបចំនួន២៦២,៧៥០ដុល្លារអាមេរិក ដល់អង្គភាពចំនួន៣ ក្រោមគ្រោងការណ៍ នៃជំនួយឧបត្ថម្ភឥតសំណង់ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខ មនុស្សជាតិ (ជំនួយគូសាណូណិ) សម្រាប់ការស្ដារប្រព័ន្ធប្រឡាយ និងកែលម្អបរិយាកាសសិក្សា នៅខេត្តឧត្តរមានជ័យ និងបាត់ដំបង។

កិច្ចសន្យាផ្ដល់ជំនួយ ត្រូវបានចុះហត្ថលេខា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពី លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា និងអ្នកតំណាងអង្គភាពទទួលជំនួយទាំងបី។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា បានឲ្យដឹងថា គម្រោងទី១ សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តឧត្ដរមានជ័យ រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាប្រមាណ ៨៩,០០០ដុល្លារអាមេរិក សម្រាប់ការស្ដារឡើងវិញទំនប់អូរស្នូក។

លោកថា ប្រជាជនប្រមាណ ១,៣០០នាក់ ត្រូវបានរំពឹងថា នឹងទទួលបានទឹកស្រោចស្រពជាស្ថេរភាព ហើយទំហំដីកសិកម្ម ដែលបានទទួលបានទឹកស្រោចស្រព ត្រូវបានពង្រីកផងដែរ ក្រោមប្រព័ន្ធធារាសាស្ដ្រ ដែលបានស្ដារឡើងវិញ។

លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា បានបន្ដថា គម្រោងទី២ សម្រាប់មន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង រដ្ឋាភិបាលជប៉ុន ផ្ដល់ថវិកាប្រមាណ៨៩,០០០ដុល្លារអាមេរិក សម្រាប់ការងារស្ដារឡើងវិញ ប្រព័ន្ធធារាសាស្ដ្របឹងខ្ញុំ។ គម្រោងនេះ ត្រូវបានរំពឹងថា នឹងផ្ដល់អត្ថប្រយោជន៍ដល់ប្រជាជនប្រមាណ២៣០នាក់ នៅក្នុងតំបន់។

ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំកម្ពុជា រូបនេះ បានបន្ថែមទៀតថា «ខ្ញុំសង្ឃឹមថា ប្រព័ន្ធធារាសាស្ដ្រដែលត្រូវបានស្ដារឡើងវិញ នឹងរួមចំណែកក្នុងការផ្ដល់ទឹកស្រោចស្រពបន្ថែមទៀត ដល់វាលស្រែ និងបង្កើនផលិតផលកសិកម្ម»។

ដោយឡែក គម្រោងចុងក្រោយសម្រាប់វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង រដ្ឋាភិបាលជប៉ុនផ្ដល់ថវិកាប្រមាណ ៨៥,០០០ដុល្លារអាមេរិក សម្រាប់ពង្រីកបន្ថែមបរិក្ខារសាលារៀន និងតម្លើងសម្ភារបណ្ដុះបណ្ដាល ក្នុងវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង។

«តាមរយៈគម្រោងនេះ សមត្ថភាពរបស់គ្រូបង្រៀន និងសិស្សប្រមាញ៣០០នាក់ នឹងត្រូវបានពង្រឹងហើយនឹងជួយធ្វើបច្ចុប្បន្នជំនាញបច្ចេកទេសរបស់ពួកគេ ដែលត្រូវការពីឧស្សាហកម្មពាក់ព័ន្ធនិងទីផ្សារការងារ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់លោក ហូរីណូអ៊ុជី ហ៊ីដេហ៊ីសា។

សូមបញ្ជាក់ថា ជំនួយឥតសំណង់គូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា នៅឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅតាមកម្រិតមូលដ្ឋាន៕