(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានដាក់បទបញ្ជាជាថ្មី ឲ្យមន្ដ្រីនគរបាលក្រោមឱវាទទាំងអស់ ត្រូវបន្ដយកចិត្តទុកដាក់ការងារជំនាញ ពង្រឹងតាមដានត្រួតពិនិត្យ ណែនាំដល់មន្រ្តីថ្នាក់ក្រោម ដោះស្រាយការងារនៅសេសសល់។

ការដាក់បទបញ្ជារបស់លោកឧត្តមសេនីយ៍ស្នងការ ធ្វើឡើងក្នុងកិច្ចប្រជុំ​ផ្សព្វផ្សាយទិសដៅអនុវត្ត ឆ្នាំ​២០១៩ ដោយយក​ឯកសារណែនាំ អនុសាសន៍របស់ ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃ​កម្ពុជា, អនុសាសន៍ណែនាំចង្អុលបង្ហាញរបស់​សម្តេចក្រឡាហោម ស ខេង ព្រមទាំងអនុសាសន៍ណែនាំ របស់​នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅក្នុងអង្គសន្និបាក្រសួងមហាផ្ទៃ មកដាក់ជាទិសដៅរបស់ស្នងការ ដើម្បីផ្សព្វផ្សាយបន្តដល់មន្រ្តីនគរបាលចំណុះឲ្យស្នងការខេត្តកំពង់ចាម។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី​ផែនការងារសេនាធិការ ចំនួន៥០​រូប, ផែនការងារធនធានមនុស្សចំនួន​៦០រូប, ផែនការងាភស្តុភារ និងគណនេយ្យ​ចំនួន​៣៨រូប, ផែនការងារអន្តោប្រវេសន៍ ចំនួន​៣២​រូប, ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គិភ័យចំនួន​៣២​រូប, ផែនការងារអត្តសញ្ញាណកម្ម ចំនួន៤២រូប, ការិយាល័យអន្តរាគមន៍ ចំនួន​៥៧​រូប សរុបរួមចំនួន​៣១១​រូប។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ​ឯម កុសល ​ក៏បានណែនាំឲ្យថ្នាក់ដឹកនាំ និងមន្ដ្រីនគរបាលក្រោមឱវាទទាំងអស់ ត្រូវ​ធ្វើការចេះស្រលាញ់ការងារ មានការអាធ្យាស្រ័យគ្នា សាមគ្គីភាព បម្រើអង្គភាព បម្រើប្រជាពលរដ្ឋឲ្យបានល្អប្រសើរបន្ថែមទៀត៕