(ព្រះ​សីហ​នុ)៖ នាយឧត្តមសេនីយ៍ ថោង លីម អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានអញ្ជើញ​បិទ​សន្និបាត​បូក​សរុប សភាពការណ៍ លទ្ធផល​កិច្ច​ប្រតិបត្តិការ​ប្រចាំឆ្នាំ និង​ផ្សព្វផ្សាយ​ទិស​ដៅ​ការងារ​បន្ត របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​។

ក្នុងពិធីនេះ ក៏មានការចូលរួមពី លោក គង់ វិ​ថា​ណា​ក់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ ​និងលោក លោកស្រី ជា​អភិបាល អភិបាលរង ក្រុង ស្រុក តំណាង​សាលាដំបូង​ខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំ​តាម​មន្ទីរ ស្ថាប័នរដ្ឋ​ពាក់ព័ន្ធ​មួយ​ចំនួន ក្នុង​ខេត្ត​ព្រះ​សីហ​នុ។

លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បានឲ្យដឹងថា ​ក្នុងឆ្នាំ២០១៨ បទល្មើស​ព្រហ្មទណ្ឌ កើតឡើង​ចំនួន​១០៥​លើក​/៨៤​លើក (​មានការ​កើនឡើង​ចំនួន​២១​លើក ស្មើ​និង​២៥%) ក្នុងនោះ​បទល្មើស​ឧក្រិដ្ឋ​កើតឡើង​២៩​លើក​/២៥​លើក, បទល្មើស​ម​ជ្ឈឹ​ម កើតឡើង​៧៦​លើក​/៥៩​លើក, បទល្មើស​ខាងលើ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​៥​នាក់ (​ស្រី​) រង​របួស​មនុស្ស​២១​នាក់ ស្រី​៣​នាក់ បាត់​ម៉ូតូ​ចំនួន​២​គ្រឿង និង​សម្ភារផ្សេង​ជា​ច្រើន​ទៀត។

ដោយឡែក លទ្ធផល​នៃ​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស បាន​ចំនួន​១០៣ ស្មើនឹង​៩៨% ករណី​ឃាត់ខ្លួន​ចំនួន​២៣៥​នាក់ ក្នុង​នោះ​មាន​៖ បទល្មើស​ឧក្រិដ្ឋ ចំនួន​២៩​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​៧៣​នាក់ មាន​ជនបរទេស​ចំនួន​៤៨​នាក់ (​ចិន​), បទល្មើស​ម​ជ្ឈឹ​ម ចំនួន​៧៤​ករណី ឃាត់ខ្លួន​ជនសង្ស័យ ចំនួន​១៦២​នាក់ ជនបរទេស ចំនួន​៤៧​នាក់ មាន​៤​សញ្ជាតិ (​ចិន​, អា​ល្លឺ​ម៉​ង់​, កា​ហ្សា​ស្តង់ និង​ឥណ្ឌា)។ ករណី​ខាងលើ​បាន​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​សាលាដំបូង។

លោក គង់ វិ​ថា​ណា​ក់ អភិបាលរង​ខេត្ត បាន​ថ្លែង​កោតសរសើរ​ចំពោះ​ស្នាដៃ​របស់​កងកម្លាំង​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ខិតខំ​ប្រឹងប្រែង បំពេញភារកិច្ច ​ថែរក្សា​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ បម្រើ​ប្រជាពលរដ្ឋ បាន​ល្អ​កន្លង​មក​។ ក្នុង​នោះ លោក​បាន​រំលឹក​ដាស់តឿន​ឲ្យ​កងកម្លាំង​នគរបាលខេត្ត​ព្រះ​សីហ​នុ យកចិត្ត​ទុក​លើ​បញ្ហា​៖ សណ្តាប់ធ្នាប់ សាធារណៈ ការ​កកស្ទះ​ចរាចរណ៍, ពង្រឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក, ចំពោះ​ជនបរទេស​បើកបរ​យានយន្ត ដោយ​គ្មាន​ប័ណ្ណបើកបរ, បន្ត​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព, ការ​គ្រប់គ្រង​ជនបរទេស និង​ចូលរួម​បង្ការ ទប់ស្កាត់ ក្រុម​មនុស្ស បង្ក​ភាព​អធិបតេយ្យ រំលោភ​បំពាន​ទន្ទ្រាន​កាន់កាប់​ដីធ្លី​របស់​រដ្ឋ របស់​ប្រជាពលរដ្ឋ​ដែល​មាន​ប័ណ្ណកម្មសិទ្ធិ​។​ល​។

នាយ​ឧត្ដមសេនីយ៍ ថោ​ង លី​ម អគ្គស្នងការ​រង​នគរបាល​ជាតិ បានផ្តាំផ្ញើ​ក្នុង​ឱកាស​នោះ ដោយ​បាន​ឯកភាព​ដល់​ការ​លើក​ឡើង​របស់លោក​អភិបាលរង​ខេត្ត ព្រមទាំង​លើក​ឡើង​អំពី​សភាពការណ៍ សន្តិសុខ សកល​សន្តិសុខ នយោបាយ​ក្នុង​ប្រទេស សកម្មភាព​ក្រុមប្រឆាំង ដែល​មាន​ឧបាយកល​ទុច្ចរិត​ញុះញង់ បំផ្លាញ​ដល់​សន្តិសុខ​ជាតិ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ បាន​ណែនាំ​ឲ្យ​កងកម្លាំង​នគរបាល ត្រូវ​យកចិត្តទុកដាក់​លើ​ការងារ​ ក្តាប់​សភាពការណ៍ អំពី​សន្តិសុខ នយោបាយ សណ្តាប់ធ្នាប់​សង្គម ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ ដើម្បី​រាយការណ៍​ជូន​ថ្នាក់ដឹកនាំ​ដាក់​ចេញ​នូវ​វិធានការ ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេលវេលា និង​ចូល​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព​ឲ្យ​ល្អ​ប្រសើរ៕