(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបន្ដចុះសំណេះសំណាលសួរសុខទុក្ខ​បងប្អូនប្រជាពលរដ្ឋ និងពិនិត្យគម្រោងស្ថាបនាផ្លូវបេតុង​០១ខ្សែ ប្រវែង​៣៨០ម៉ែត្រ ទទឹង​០៥ម៉ែត្រ ស្ថិតក្នុងភូមិជើងឯក សង្កាត់ជើងឯក។

ថ្លែងក្នុងឱកាសនោះ លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើ​ការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ដែលជានិច្ចកាលតែងគិតគូរដល់ការលំបាករបស់​ប្រជាពលរដ្ឋទាំងអស់។

ជាក់ស្ដែង​នៅថ្ងៃនេះ រដ្ឋបាលខណ្ឌ​ បានដឹកនាំមន្ត្រីរាជការ ចុះពិនិត្យគម្រោងស្ថាបនា ផ្លូវបេតុ០១ខ្សែទៀត ដែលជាសមិទ្ធផលថ្មី ទុកសម្រាប់​ប្រជាពលរដ្ឋប្រើប្រាស់ សម្រួលដល់ការធ្វើដំណើរ និងបង្កើនសោភណ្ឌភាពនៃការរស់នៅ​ផងដែរ។

លោក នុត ពុធដារ៉ា ក៏បានលើកឡើងពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈររបស់ប្រទេសជាតិ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​កម្ពុជា ជូនប្រជាពលរដ្ឋផងដែរ ដែលធ្វើឲ្យប្រជាពលរដ្ឋ​អបអរសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្ដេច និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគិតគូរដល់ការលំបាករបស់ពួកគាត់៕