(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន «អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប» និងបុគ្គលិកជាច្រើននាក់បានរួមគ្នា ចុះទៅចែកអង្ករ រួមនឹងសម្ភារសិក្សាមួយចំនួន ជូនដល់អង្គការកុមារកំព្រា «ម៉ែកណា» ស្ថិតនៅភូមិទួលឆុំ២ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីបង្ហាញពីការយកចិត្តទុក្ខដាក់ គោរពស្រឡាញ់ ដល់កុមារកំព្រានៅកម្ពុជា ដែលទាំងអស់នេះក៏បានបង្ហាញពីភាពស្និទ្ធស្នាលមួយជូនទៅដល់ពួកគាត់ផងដែរ។

ការចុះចែកអំណោយរួមមានអង្ករ និងសម្ភារសិក្សាមួយចំនួននេះ ធ្វើឡើងនាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅក្នុងអង្គការ «ម៉ែកណា» នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ដែលមានការចូលរួមពី លោកស្រី Evelyn Pek អនុប្រធាននាយកប្រតិបត្តិក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប អ្នកស្រី នាង សុភ័ណអ្នកថែរក្សាកុមារនៅអង្គការម៉ែកណា រួមនឹងបុគ្គលិកផ្សេងៗជាច្រើននាក់ទៀត។

នាឱកាសនោះ លោកស្រី Evelyn Pek បានបញ្ជាក់ថា «ចាប់តាំងពីក្រុមហ៊ុនរបស់យើង បានបង្កើតឡើងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១៧ ពួកយើងបានផ្តល់អង្ករជាង ២,០០០គីឡូក្រាម ជូនដល់អង្គការក្រៅរដ្ឋាភិបាលផ្សេងៗ សម្រាប់ជួយទ្រទ្រង់ដោះស្រាយបញ្ហាជីវភាពរបស់កុមារ។ យើងជឿជាក់ថាកុមារ គឺជាអនាគតរបស់ប្រទេសកម្ពុជា»។

លោកស្រីបន្ថែមថា «គោលដៅរបស់យើង គឺចង់រួមចំណែកជួយសម្រួលដល់ស្ថានភាពលំបាកកុមារកម្ពុជា ដើម្បីបង្កើតឱកាសអោយពួកគេ ទទួលបានការអប់រំអភិវឌ្ឍន៍ខ្លួនឯង និងអភិវឌ្ឍន៍ប្រទេសជាតិ អោយកាន់តែរីកចម្រើនឡើងនាពេលអនាគត»

លោកស្រីបានបញ្ជាក់បន្ថែមថា «ថ្ងៃនេះក្រុមការងាររបស់យើងខ្ញុំ បាននាំយកអង្ករចំនួន៣០០គីឡូក្រាម មកផ្តល់ជូនកុមារកំព្រានៅអង្គការម៉ែកណា ហើយយើងនឹងនៅតែបន្តផ្តល់ជំនួយនេះនាពេលអនាគតផងដែរ»

ក្រុមហ៊ុន អរសាំគ្លូប៊ល អ៊ីនវេសមិនគ្រុប ជាក្រុមហ៊ុនវិនិយោគទុន លើវិស័យនានាដូចជា អចលនទ្រព្យ ទេសចរណ៍និងបដិសណ្ឋារកិច្ច ម្ហូបអាហារនិងភេសជ្ជៈ ព័ត៌មានវិទ្យា រួមនឹងការវិនិយោគជាច្រើនផ្នែកទៀតផងដែរ។

កុមារី សុខា មានវ័យ៦ឆ្នាំ ជាកុមារីដែលរស់នៅក្នុងអង្គការម៉ែកណា បាននិយាយទាំងទឹកចិត្តសប្បាយរីករាយថា «ខ្ញុំសប្បាយរីករាយខ្លាំងណាស់ ដែលបានឃើញពួកគាត់។ ពួកគាត់មានសណ្តានចិត្ដល្អណាស់ ចំពោះយើងគ្រប់គ្នា ហើយគាត់បានលេងកំសាន្តជាមួយយើងទៀតផង។ ខ្ញុំសង្ឃឹមថាពួកគាត់នឹងត្រឡប់មកលេងជាមួយយើង លើកក្រោយទៀត»

ក្រៅពីការឧបត្ថម្ភដល់អង្គការម៉ែកណានោះ ក្រុមហ៊ុនអរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ក៏បានឧបត្តម្ភជាអង្ករ រួមនឹងគ្រឿងឧបភោគបរិភោគ និងសម្ភារសិក្សាជាប្រចាំខែ ជូនដល់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដូចជា អង្គការខេមរា និងសហគមន៍ជាតិ អន្តរជាតិដើម្បីអភិវឌ្ឍន៍ ផងដែរ។

ជាមួយគ្នានោះដែរ អ្នកស្រី នាង សុភ័ណ ដែលជាអ្នកថែរក្សាកុមារនៅអង្គការ ម៉ែកណា បានលើកឡើថថា «ខ្ញុំសប្បាយរីករាយណាស់ ដែលទទួលបានជំនួយផ្គត់ផ្គង់ជាចំណីអាហារ និងអង្ករពីក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ហើយក្មេងៗរបស់យើង ពិតជាចាំបាច់ត្រូវការអាហារ ដើម្បីរស់រានមានជីវិត។ អង្គការរបស់យើងខ្ញុំមានកង្វល់ពីការប្រឈមមុខនឹងបញ្ហាកង្វះស្បៀងអាហារ ប៉ុន្តែនៅពេលនេះ យើងទទួលបានការឧបត្ថម្ភពី ក្រុមហ៊ុនអរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ជាជំនួយដោះស្រាយជីវភាពក្មេងៗទាំងអស់គ្នា នៅទីនេះបានទាន់ពេលវេលា»។

អ្នកស្រីបន្តថា «ក្មេងៗទាំងអស់នឹងមិនចាំបាច់ព្រួយបារម្ភ ពីជីវភាពរស់នៅប្រចាំថ្ងៃទេ ពួកគេអាចផ្តោតការយកចិត្តទុកដាក់ លើការសិក្សាដើម្បីអនាគតរបស់ពួកគេ ហើយយើងខ្ញុំទាំងអស់គ្នាសូមជូនពរ ដល់ក្រុមហ៊ុន អរសាំគ្លូប៊លអ៊ីនវេសម៉ិនគ្រុប ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ក្នុងមុខជំនួញរបស់ពួកគេបន្ថែមទៀត»

សូមជម្រាបថា កាលពីសប្តាហ៍មុន ក្រុមហ៊ុនអរសាំគ្លូប៊ល អ៊ីនវេសម៉ិនគ្រុប ក៏បានយកសម្ភារសិក្សា និងសម្ភារកីឡាជូនដល់សិស្សានុសិស្ស នៅសាលាបឋមសិក្សាគោកបញ្ជាន់ ភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ក្រុមហ៊ុន នាំមុខគេផ្នែកវិនិយោគមួយនេះ នឹងដាក់គោលដៅរបស់ខ្លួនបន្តក្នុងការចុះចែកអង្ករ គ្រឿងឧបភោគបរិភោគ សម្ភារសិក្សានិងសម្ភារកីឡា ជូនដល់កុមារកំព្រា និងសិស្សានុសិស្ស នៅតាមតំបន់ផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីជាការចែករំលែកក្តីស្រឡាញ់ទៅដល់ពួកគេ៕