(ភ្នំពេញ)៖ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រទេសកម្ពុជា គឺជាតួរអង្គសំខាន់ នៅក្នុងការសម្របសម្រួលដល់បញ្ហា នៅឧបទ្វីបកូរ៉េ ដោយសារតែកម្ពុជាមានបទពិសោធន៍ខ្ពស់ក្នុងការបង្រួបបង្រួមផ្ទៃក្នុងរបស់ខ្លួនកន្លងមក ហើយកម្ពុជាក៏ជាមិត្តល្អរបស់កូរ៉េទាំងពីរផងដែរ។

ការលើកអនុសាសន៍របស់ លោកបណ្ឌិត សុខ ទូច បានធ្វើឡើងនៅក្នុងកិច្ចសម្ភាសផ្តាច់មុខជាមួយទូរទស្សន៍ Fresh News នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ ស្តីអំពីទំនាក់ទំនងកម្ពុជា-កូរ៉េខាងត្បូង និងសារសំខាន់នៃដំណើរទស្សនកិច្ចរបស់ លោក មូន ចេអ៉ិន ប្រធានាធិបតីកូរ៉េខាងត្បូង មកកាន់ប្រទេសកម្ពុជា ក្នុងសប្តាហ៍នេះ។

លោកបណ្ឌិត សុខ ទូច បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងដឹងហើយ ការបង្រួបបង្រួមកូរ៉េទាំងពីរទៅមិនរួចទេ ប៉ុន្តែសម្របសម្រួលកូរ៉េទាំងពីរ ដើម្បីឱ្យមានស្ថិរភាព សន្តិសុខនៅតាមព្រំដែន ដើម្បីអភិវឌ្ឍ ត្រូវការរៀនសូត្រពីកម្ពុជាច្រើន ព្រោះកម្ពុជាមានបទពិសោធន៍នៅក្នុងរឿងនេះ ហើយកម្ពុជាក៏អាចដើរតួនាទីជាអ្នកសម្រប់សម្រួល ធម្មតាអ្នកអាជ្ញាកណ្តាលត្រូវតែត្រូវទាំងសង្ខាង អញ្ចឹងបើកូរ៉េទាំងពីរដាក់សេចក្តីទុកចិត្តលើកម្ពុជា កម្ពុជាអាចផ្តល់ឱកាសជាផ្ទះសម្រាប់ការចរចាទៅថ្ងៃអនាគត»

នៅប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ​ មានព័ត៌មាន​ចុះផ្សាយ​អំពី​ការ​ចាប់ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ នូវ​ទីតាំង​បាញ់​រ៉ុកែត​កូរ៉េខាងជើង​ ហើយ​បើ​តាម​ព័ត៌មាន​ចុងក្រោយ​បង្អស់​មួយ បានឱ្យដឹងថា​ កូរ៉េខាងជើង​ទំនង​ជា​កំពុងតែ​រៀបចំ​បាញ់​សាកល្បង​មីស៊ីល​សាជាថ្មី​ទៀត​ពិតប្រាកដមែន​ ក្រោយពេលការចរចាថ្នាក់កំពូលលើកទី២រវាង កូរ៉េខាងជើង និងសហរដ្ឋអាមេរិក ប្រទេសវៀតណាម ដើម្បីបញ្ចប់នុយក្លេអ៊ែកូរ៉េខាងជើងនោះ មិនទទួលជោគជ័យ។

ការសាកល្បងនុយក្លេអ៊ែ ជាបន្តបន្ទាប់ម្តងហើយម្តងទៀត របស់កូរ៉េខាងជើង បានក្លាយទៅជាប្រធានបទសំខាន់ ដែលប្រទេសមួយចំនួន នៅលើពិភពលោកចាត់ទុកថា អាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ នៅក្នុងតំបន់ ក៏ដូចជានៅលើពិភពលោក។

បើតាមយោបល់របស់ លោក សុខ ទូច, ការដែលយកវៀតណាមធ្វើជាអ្នកសម្រាប់សម្រួលដល់ការចរចាអំពីបញ្ហានៅឧបទ្វីបកូរ៉េ នឹងមិនបានផលល្អឡើយ ដោយសារតែវៀតណាម ត្រូវជាមួយកូរ៉េខាងលើជើង តែមិនមានទំនាក់ទំនងល្អជាមួយកូរ៉េខាងត្បូង ចំណែកម្ពុជាវិញគឺល្អជាមួយទាំងអស់ ដែលកូរ៉េ និងអាមេរិកគួរពិចារណាយកប្រទេសកម្ពុជា ធ្វើជាគោលដៅជួបចរចាលើកទី៣។

លោកបានបញ្ជាក់ថា «ពេលនេះកូរ៉េខាងជើងចាប់ផ្តើមសាកល្បងមីស៊ីលរបស់ខ្លួនទៀតហើយ អញ្ចឹងក្នុងករណីណាមួយ អាចកម្ពុជាដើរតួនាទី ក្នុងការចាត់ចែងសម្របសម្រួលកិច្ចប្រជុំអាមេរិកាំងជាមួយនឹងកូរ៉េខាងជើង ហើយកម្ពុជាក៏អាចទៅកើត នៅពេលខាងមុខផងដែរ»

លោកបានលើកឧទាហរណ៍ថា កម្ពុជាជាប្រទេសតូច តែប្រៀបដូចម្ទេស១គ្រាប់សម្រាប់នំបញ្ចុកមួយចាន ដែលជួយឱ្យនំបញ្ចុកកាន់តែឆ្ងាញ់។ លោថ្លែងថា គេមិនអាចបរិភោគផ្លែម្ទេសទទេបានទេ ប៉ុន្តែបើនំបញ្ចុកអត់ម្ទេស ក៏មិនឆ្ងាញ់ត្រូវមាត់ដែរ។ លោកបញ្ជាក់ទៀតថា «កម្ពុជាមិនអាចមានធនធានធំ ដូចកូរ៉េខាងត្បូង ដូចអាមេរិកាំងប៉ុន្តែ ករណីខ្លះកម្ពុជាក៏អាចដើរតួនាទីជាអ្នកសម្របសម្រួល ដោយសារតែមានបទពិសោធន៍ក្នុងការបង្រួបបង្រួមនយោបាយផ្ទៃក្នុងរបស់ខ្លួន»