(ភ្នំពេញ)៖ ប្រជាពលរដ្ឋក្រីក្រ មានទាំងចាស់ជរា និងពិការភាព ចំនួន៣៨គ្រួសារ មកពីតាមបណ្ដាភូមិ-សង្កាត់នានា ក្នុងខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានទទួលការជួយសង្គ្រោះឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកា ក្នុងពិធីជួបសំណេះសំណាល សួរសុខទុក្ខ ដោយដៃគូអង្គការខេមរា ក្រុមហ៊ុន AGIG និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោកស្រីប្រធាន អាន ផល្លា តំណាងឲ្យលោក ជា ពិសី អភិបាលខណ្ឌ។

ក្រោយទទួលបានការជួយសង្គ្រោះឧបត្ថម្ភជាគ្រឿងឧបភោគ បរិភោគ និងថវិកាក្នុងម្នាក់ៗ ប្រជាពលរដ្ឋក្រីក្រ ចាស់ជរា និងពិការភាព ទាំង៣៨គ្រួសារ មកពីតាមបណ្ដាភូមិ-សង្កាត់នានា ក្នុងខណ្ឌឫស្សីកែវ គ្មានពាក្យអ្វីក្រៅពីការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំអង្គការខេមរា ក្រុមហ៊ុន AGIG និងអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌប្ញស្សីកែវ ដែលដឹកនាំដោយលោកស្រីប្រធាន អាន ផល្លា ជា ពិសី។

ជុំនួសមុខឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ, ប្រធានសមាគមនារីខណ្ឌលោកស្រី អាន ផល្លា បានថ្លែងអំណរគុណ ចំពោះអង្គការខេមរា និងក្រុមហ៊ុន AGIG ដែលជាដៃគូដ៍សំខាន់ រាល់ការបរិច្ចាកនូវធនធានផ្សេងៗ មានជាសម្ភារ គ្រឿងឧបភោគ បរិភោគ និងថវិកាក្ដី ដោយពុំបានរើសអើងពីពូជសាស ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ក្នុងន័យចូលរួមចំណែកជួយសង្គមយ៉ាងសកម្ម ធ្វើឱ្យប្រសើរឡើងចំពោះជនងាយរងគ្រោះគ្រប់ប្រភេទ ដើម្បីកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕