(កណ្តាល)៖ អតីតកីឡាករប្រដាល់ចាស់វស្សា ស សី និងកីឡាករ យឹម ឌៀប បានទទូចស្នើសុំថ្នាក់ដឹកនាំ មេត្តាជួយអន្តរាគមន៍ ក្រោយត្រូវបានចាញ់បោក១០០០ដុល្លារ ទៅឱ្យលោក ខុន ខាំចៃ ហៅ ផាណិត ជាអតីតអាជ្ញាកណ្តាល និងចៅក្រមលើសង្វៀន ជាថ្នូររត់ការចូលបម្រើកងទ័ពជាងកន្លះឆ្នាំមកហើយ ដោយមិនបានសាច់ការអ្វីសោះឡើយ ផ្ទុយទៅវិញត្រូវជននោះកុហក់ថាថ្ងៃនេះថ្ងៃនោះ ទើបធ្លាក់ឈ្មោះមក។

អតីតកីឡាករប្រដាល់ចាស់វស្សា ស សី បានឱ្យដឹងថា លោកត្រូវបានអតីតអាជ្ញាកណ្តាល និងចៅក្រម ខុន ខាំចៃ ហៅ ផាណិត បច្ចុប្បន្នរស់នៅខេត្តពោធិ៍សាត់ បោកលុយពីរូបលោកចំនួន ៦០០ដុល្លារ និងពីកីឡាករ យឹម ឌៀប អស់៤០០ដុល្លារ ជាថ្នូររត់ការបានចូលបម្រើក្នុងក្រមខណ្ឌកងទ័ព ដើម្បីបម្រើជាតិមាតុភូមិ។

អ្នកប្រដាល់ចាស់វស្សា ស សី រូបនោះ បានបន្តថា សព្វថ្ងៃលោកមានទីលំនៅភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល។ យ៉ាងណាក៏ដោយអង្គភាពព័ត៌មាន Fresh News មិនទាន់អាចសុំការបកស្រាយពីអតីតអាជ្ញាកណ្តាលបាននោះទេ៕