(ភ្នំពេញ)៖ សមាគមធនធានមនុស្សកម្ពុជា បានប្រកាសរៀបចំ សមាជលំដាប់ថ្នាក់អន្តរជាតិលើកទី២ ក្រោមប្រធានបទ «ការសម្លឹងមើលអនាគតធនធានមនុស្ស ក្នុងសម័យបច្ចេកវិទ្យាទំនើប ឬ The 2nd International HR Congress«Foreseeing Human Resource Future in Digital Age» ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង០៨៖០០នាទីព្រឹក រហូតដល់០៥៖០០នាទីល្ងាច នៅមជ្ឈមណ្ឌលសហប្រតិបត្តិ-ការកម្ពុជា-កូរ៉េ (CKCC) ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

សេចក្តីជូនដំណឹងរបស់សមាគមបានឲ្យដឹងថា សមាជលំដាប់ថ្នាក់អន្តរជាតិលើកទី២នេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង៖

១៖ ផ្ដល់នូវឱកាសមួយសម្រាប់អ្នកចូលរួម ជាពិសេសអ្នកជំនាញវិជ្ជាជីវៈធនធានមនុស្ស ដើម្បីទទួលបាននូវចំណេះដឹង និងបទពិសោធន៍ក្នុងវិស័យធនធានមនុស្ស ។
២៖ ស្វែងយល់ពីបញ្ហាប្រឈមនានា, ដំណោះស្រាយ, ដំណើរនៃការអភិវឌ្ឍន៍វិស័យធនធានមនុស្សពីអតីតកាល បច្ចុប្បន្ន និងថ្ងៃអនាគត។
៣៖​ ផ្ដល់នូវគំនិតសំខាន់ៗ នៃការប្រមើមើលពីវិស័យធនធានមនុស្ស នាពេលអនាគតជូនដល់អ្នកជំនាញ ផ្នែកធនធានមនុស្ស ដើម្បីប្រកួតប្រជែងក្នុងទីផ្សារការងារ នាសម័យបច្ចេកវិទ្យាទំនើប។
៤៖ ជួយអភិវឌ្ឍអ្នកជំនាញផ្នែកធនធានមនុស្សវ័យក្មេង ឲ្យទៅជាអ្នកជំនាញផ្នែកវិជ្ជាជីវៈធនធានមនុស្សលក្ខណៈ អាជីពពិតប្រាកដ។
៥៖ ចែករំលែកនូវការប្រតិបត្តិល្អៗ នៃវិស័យធនធានមនុស្សនៅកម្ពុជានិងទីផ្សារពិភពលោក ។
៦៖ ជួយអ្នកជំនាញផ្នែកធនធានមនុស្សនាពេលបច្ចុប្បន្ន និងអនាគតឲ្យយល់កាន់តែច្បាស់អំពីដំណើរការវិវត្តន៍នៃវិស័យធនធានមនុស្សនៅកម្ពុជា។
៧៖ កសាងបណ្តាញនិងទំនាក់ទំនងល្អ រវាងអ្នកជំនាញផ្នែកធនធានមនុស្សវ័យក្មេងជាមួយ និងអ្នកជំនាញវិជ្ជាជីវៈធនធានមនុស្សលក្ខណៈអាជីព។

កម្មវិធីនេះនឹងត្រូវរៀបចំឡើង ដោយមានការចូលរួមសហការឧបត្ថម្ភពីបណ្តាដៃគូ និងក្រុមហ៊ុនធំៗមួយចំនួន ក៏ដូចជាការលក់សំបុត្រអញ្ជើញចូលរួមសម្រាប់ទ្រទ្រង់កម្មវិធីនេះ ឲ្យដំណើរការទៅបាន៕