(កំពត)៖ ស្របពេលដែលលំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងយោធពលខេមរភូមិន្ទ និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ​ ក្នុងទឹកដីខេត្តកំពត នាយឧត្តមសេនីយ៍ ឈុំ សុជាត អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងថា លំហាត់ហ្វឹកហ្វឺនមួយនេះ មិនមានការគំរាមគំហែងអ្នកណាទាំងអស់។

នាយឧត្តមសេនីយ៍អ្នកនាំពាក្យរូបពាក្យរូបនេះ បានបញ្ជាក់តាម Facebook របស់ខ្លួនយ៉ាងដូច្នេះថា៖ «លំហាត់ហ្វឹ​កហ្វឺ​ន មិនមានការគំរាមគំហែង អ្នកណាទាំងអស់ ផ្ទុយទៅវិញសមយុទ្ធនេះ គឺជាការបង្ហាញនូវការចូលរួមថែរក្សា សន្តិសុខក្នុងតំបន់ តាមរយៈការផ្លាស់ប្តូរបទពិសោធគ្នាតែប៉ុណ្ណោះ ជាពិសេសបទពិសោធ ប្រយុទ្ធ ប្រឆាំង អំពើភេវរកម្ម ជួយសង្គ្រោះប្រជាពលរដ្ន ពេលមានគ្រោះមហន្ហរាយធម្មជាតិជាដើម»។

លំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងយោធពលខេមរភូមិន្ទ និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ​ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​ របស់​កងពល​តូច​លេខ​៧០​ ​នៅ​ស្រុកជុំគីរី​ ខេត្តកំពត​។

លំហាត់​ហ្វឹក​ហ្វឺននេះ​ មានក​ងទ័ពរំដោះ​ប្រជាជន​ចិន​ចូលរួម​ចំនួន២៥២នាក់ និង​មានកងទ័ពកម្ពុជា​ចំនួន២.៥៤២​នាក់ ​ក្នុង​នោះមាន៖​ កម្លាំង​ធ្វើលំហាត់​ចំនួន​៣៨២នាក់​, កម្លាំ​ងបម្រើការ​ក្នុង​លំហាត់​ចំនួន​៤៤៨នាក់,​ កម្លាំង​ចូល​រួមក្នុ​ងពិ​ធីបើក​-បិទ ​ចំនួន​១.៦៨៥​នាក់​។ លំហាត់នេះមានរយៈពេលជិត១ខែ ដោយនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក​, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម។

នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា លំហាត់ហ្វឹ​កហ្វឺ​ននាគមាស​ ផ្តោតសំខាន់លើប្រធានបទកិច្ចការ​មនុស្សធម៌ ​និងការ​ប្រឆាំង​ភេវរកម្ម​ ដែលជាឱកាស សម្រាប់កងទ័ពប្រទេសទាំង២ ត្រូវសិក្សារៀនសូត្រទៅវិញទៅមក ដើម្បីបង្កើនសមត្ថភាពវិជ្ជាជីវៈ សម្រាប់បំពេញភារកិច្ចការពារប្រទេសជាតិ កាន់តែមានប្រសិទ្ធភាព និងខ្លាំងក្លាថែមទៀត។ មិនតែប៉ុណ្ណោះ លំហាត់នាគមាស ឆ្នាំ២០១៩ គឺជាការចូលរួមចំណែកជំរុញទំនាក់ទំនងមិត្តភាព កម្ពុជា- ចិន ឱ្យកាន់តែរឹងមាំខ្លាំងក្លា ជាពិសេសកិច្ចសហប្រតិបត្តិការរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន។

បើតាមអ្នកនាំពាក្យក្រសួងការពារជាត, បច្ចុប្បន្ននេះ ទំនាក់ទំនងចិន-កម្ពុជា បានឈានដល់ចំណុចកំពូល និងល្អជាងពេលណាៗទាំងអស់ ដែលមិត្តភាពជាដែកថែបនេះបានកើតឡើង ក្នុងដំណាក់កាលដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន និងលោក ស៉ី ជីនពីង ប្រធានាធបិតីចិន។ ប្រទេសកម្ពុជា និងប្រទេសចិ​ន នឹងបន្តពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនេះបន្ថែមទៀត ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ។

សូមរំលឹកដែរថា កងទ័ពកម្ពុជា-ចិន បានធ្វើលំហាត់នាគមាស នៅក្នុងប្រទេសកម្ពុជា ចំនួន២លើករួចមកហើយ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ ភាគីទាំងពីរបានឯកភាពធ្វើបង្កើតឱ្យមានលំហាត់ហ្វឹកហ្វឺននេះ រៀងរាល់១ឆ្នាំម្តង ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិយោធា។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុនផងដែរ៕