(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា ​ចេញអនុក្រឹត្យតែងតាំងអភិបាលរងខេត្ដព្រះសីហនុ ចំនួន២រូប ជំនួសលោក​ ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។ នេះបើតាមអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩។

ក្នុងអនុក្រឹត្យរបស់​សម្ដេចតេជោ ហ៊ុន សែន ​បានបញ្ជាក់ថា មន្ដ្រីដែលត្រូវបានតែងតាំងជាអភិបាលរងខេត្តព្រះសីហនុ ទាំង២រូបនោះ រួមមាន លោក លៀម សុដា និងលោក ម៉ាង ស៊ីណេត។ លោក លៀម សុដា បច្ចុប្បន្នជាអភិបាលរង ខេត្តឧត្តរមានជ័យ និងលោក ម៉ាង ស៊ីណេត ជាមន្ដ្រីគ្រប់គ្រងរដ្ឋបាល ក្រសួងពាណិជ្ជកម្ម។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៩​ បានចេញអនុក្រឹត្យបញ្ចប់មុខតំណែង អភិបាលរងខេត្តព្រះសីហនុ ២រូប គឺលោក ស្រ៊ុន ស្រ៊ន់ និងលោក ផៃ ប៊ុនវណ្ណៈ។ សម្ដេចបញ្ជាក់ថា បាន​ចាត់ទុកថា ការដកអភិបាលរងខេត្តព្រះសីហនុទាំង២រូបនេះ គឺជាការយកគ្រាប់គ្រូស និងខ្សាច់ចេញពីស្បែកជើង ទើបអាចដើរទៅមុខទៀតបាន៕