(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ បានជំរុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ក្នុងខេត្តត្បូងឃ្មុំ ក៏ដូចជាទូទាំងប្រទេស សហការគ្នាក្នុងដំណើរការចុះបញ្ជីប័ណ្ណកម្មសិទ្ធដីធ្លី ឲ្យរួចរាល់មុនឆ្នាំ២០២១ ដោយបច្ចុប្បន្នមានប្រមាណ៥លាន១សែនក្បាលដី ដែលបានចុះបញ្ជីរួច។

ក្នុងឱកាសអញ្ជើញជាអធិបតី បិទសន្និបាទបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំ២០១៩ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានលើកឡើងថា ការចុះបញ្ជីប័ណ្ណកម្មសិទ្ធិដីធ្លីនេះ មានគោលដៅសំខាន់ណាស់ ដែលក្លាយជាទុនសម្រាប់ប្រជាពលរដ្ឋ និងរួចផុតពីហានិភ័យនានា ពិសេស ដីដែលមានប័ណ្ណកម្មសិទ្ធិ និងដីដែលគ្មានប័ណ្ណកម្មសិទ្ធិ មានតម្លៃខុសគ្នា នេះជាចំនុចសំខាន់។

លោកក៏បានលើកឡើងផងដែរ ពាក់ព័ន្ធទៅនឹងតម្លៃដីនៅឯខេត្តព្រះសីហនុ ដោយតំបន់នៅក្នុងក្រុង កាលពី១ឆ្នាំកន្លះមុន ដី១ម៉ែត្រការ៉េតម្លៃ២៧ដុល្លារ បច្ចុប្បន្នដីកន្លែងដដែរនេះ ឡើងទៅដល់ ៤៥០០ដុល្លារ ក្នុង១ម៉ែត្រការរ៉េ ដោយឡែកក្នុងខេត្តត្បូងឃ្មុំនេះ តម្លៃដីក៏កំពុងឡើងផងដែរ ក៏ដូចជាទូទាំងប្រទេស ព្រោះថា «កម្ពុជាកំពុងមានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រមាណ៧,៥% និងចាត់ទុកជាប្រទេសមានលំដាប់លេខរៀងទី១០ ដែលមានស្ថេរភាពសេដ្ឋកិច្ចយូរ»

ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ក៏បានបញ្ជាក់ផងដែរថា ដោយសារស្ថេរភាពនយោបាយ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដាក់ចេញគោលនយោបាយ ដឹកនាំដ៏ត្រឹមត្រូវ បានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជារឹងមាំ និងមានកំណើនឡើងបែបនេះ។

ជាមួយគ្នានោះដែរ ដោយអ្នកវិនិយោគខាងក្រៅចូលមកខាងក្នុងប្រទេស អ្នកខាងក្នុងសង្ឃឹមភាពរឹងមាំស្ថេរភាពនយោបាយកាន់តែល្អប្រសើរ ទាំង២ចំណុចនេះ បូកបញ្ចូលគ្នា ធ្វើឲ្យជាតិរបស់យើងមានការវិវឌ្ឍន៍រីកចម្រើន ដែលមិននឹកស្មានដល់ ការចុះបញ្ជីដីធ្លីនេះ មានគោលដៅយ៉ាងដូច្នេះ។

ការចុះបញ្ជីនេះផងដែរ គឺដើម្បីកាត់បន្ថយបញ្ហាវិវាទដីធ្លី ព្រោះថា ក្រោយចុះបញ្ជី ប្រជាពលរដ្ឋមានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវច្បាស់លាស់ ពិសេសប័ណ្ណកម្មសិទ្ធិដីធ្លី ដែលចេញនាពេលនេះ បានដាក់ប្រព័ន្ធ QR code គ្រាន់តែយកទូរស័ព្ទមកស្គែន នោះនឹងបង្ហាញទិន្នន័យ ឈ្មោះម្ចាស់កម្មសិទ្ធិ ទំហំ និងទីតាំងដីច្បាស់លាស់ដោយស្វ័យប្រវត្តិតែម្តង។

ជាមួយនឹងការលើកឡើងបែបនេះ ឧបនាយករដ្ឋមន្រ្តី ក៏បានជំរុញដល់អាជ្ញាធរខេត្ត ក្រុង/ស្រុក ត្រូវបន្តយកចិត្តទុកដាក់ ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋានឲ្យបានដាច់ខាត ដើម្បីជាការរួមចំណែកថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍ឲ្យកាន់តែមានភាពរីកចម្រើន ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោជាប្រមុខ។ ក្នុងនោះអាជ្ញាធរខេត្តត្រូវបន្ត យកចិត្តទុកដាក់ បម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់ តែល្អថែមទៀត។

លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ឆ្នាំ២០១៨ កន្លងមកនេះ រដ្ឋបាលខេត្តត្បូងឃ្មុំបានខិតខំ ប្រឹងប្រែងយក ចិត្តទុកដាក់អនុវត្ត ការងារជាប្រចាំដោយបានជម្រុញដល់កង កម្លាំងប្រដាប់អាវុធគ្រប់ លំដាប់ថ្នាក់ឲ្យយកចិត្តទុកដាក់ការពារ សន្តិសុខសណ្តាប់ធ្នាប់ សង្គមជូនប្រជាពលរដ្ឋ ចុះទប់ស្កាត់បង្ក្រាបបទល្មើស គ្រប់ប្រភេទ ជាពិសេសជម្រុញបណ្តាមន្ទី អង្គភាពជុំវិញខេត្តឲ្យ អនុវត្តតាម ជំនាញការងារនិមួយៗយ៉ាងមានប្រសិទ្ធិភាពខ្ពស់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

ក្នុងនោះក៏នៅមានបញ្ហាប្រឈមមួយចំនួនសម្រាប់ដោះស្រាយបន្តក្នុងឆ្នាំ២០១៩ខាងមុខផងដែរ តែយ៉ាងណារដ្ឋបាលខេត្តនឹងខិតខំបន្ថែម៕