(កំពត)៖ នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ លោក ជាវ តាយ អភិបាលខេត្តកំពត រួមនឹងថ្នាក់ដឹកនាំខេត្តមួយចំនួន និងមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរក្រុង ស្រុក ក្នុងខេត្ត បានទទួលជួបជាមួយគណៈប្រតិភូ គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃព្រឹទ្ធសភា (គណៈកម្មការទី២) ដឹកនាំដោយ លោក ជា ជេដ្ឋ ។

នៅក្នុងជំនួបខាងលើ លោក ជាវ តាយ បានរាយការណ៍ជូនប្រតិភូ អំពីសភាពការណ៍រួមទូទៅ និងវឌ្ឍនភាពរីកចម្រើន ព្រមទាំងលទ្ធផលការងារសំខាន់ៗ ដែលរដ្ឋបាលខេត្តកំពត សម្រេចបានកន្លងមក និងផែនការទិសដៅអនុវត្តបន្ត នូវកម្មវិធីនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនីតិកាលទី៦ នៃរដ្ឋសភាព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានា ដែលរដ្ឋបាលខេត្តកំពត បានជួបប្រទះកន្លងមក និងកំពុងបានខិតខំជំរុញការអភិវឌ្ឍជាប្រចាំផងដែរ។

ជាមួយឱកាសនោះដែរ លោកអភិបាលខេត្ត និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ ក៏បានរាយការណ៍ ឲ្យដឹងផងដែរអំពីលទ្ធផល និងសមិទ្ធផលសំខាន់ៗ ពាក់ព័ន្ធលើវិស័យមួយចំនួន រួមមានការងារអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធ ការងារសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការងារពន្ធដារ ការងាររតនាគារ ការងារសវនកម្ម ការផ្ដល់សេវាសាធារណៈ និងការងារគយ និងរដ្ឋករ ក្នុងដែនសមត្ថកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិជូនគណៈប្រតិភូ។

លោក ជា ជេដ្ឋ បានឲ្យដឹងថា គណៈកម្មការនៅក្នុងព្រឹទ្ធសភាមានចំនួន១០។ ដោយឡែកគណៈកម្មការទី២ នៃព្រឹទ្ធសភាដែលបានចុះមកបំពេញបេសកកម្ម ក្នុងខេត្តកំពតពេលនេះ គឺក្នុងគោលបំណងសិក្សាស្វែងយល់ ជាមួយអាជ្ញាធរដែនដី ខេត្ត ក្រុង ស្រុកនិង មន្ទីរជំនាញ អង្គភាពពាក់ព័ន្ធ ក្នុងខេត្តកំពតស្ដីពី ការងារអនុវត្តថវិកា ការងារអភិវឌ្ឍមូលដ្ឋាន និងការផ្ដល់សេវាសាធារណៈ នៅថ្នាក់ក្រោមជាតិ។

លោក ជា ជេដ្ឋ បានកោតសរសើរវាយតម្លៃខ្ពស់ ចំពោះលទ្ធផលការងារដែលរដ្ឋបាលខេត្តកំពត ក៏ដូចជាមន្ទីរអង្គភាពជំនាញ បានរួមគ្នាខិតខំជម្នះរាល់ការលំបាក និងបញ្ហាប្រឈមនានា ក្នុងដំណើរការជំរុញល្បឿន នៃកិច្ចអភិវឌ្ឃន៍ខេត្តមានការរីកចម្រើន នាពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ទាំងនេះគឺជាសេចក្ដីប្រាថ្នា និងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីបង្កើនល្បឿន នៃកិច្ចអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងសង្គមសំដៅលើកកម្ពស់ជីវភាព និងការកាត់បន្ថយភាពក្រីក្រ ជូនប្រជាជនបានឆាប់រហ័យពិតប្រាកដ។

លោកប្រធានគណៈប្រតិភូ ក៏បានសំណូមពរផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំខេត្តកំពត គ្រប់លំដាប់ថ្នាក់ បន្តខិតខំចូលរួមជំរុញកិច្ចអភិវឌ្ឍន៍បន្ថែមទៀត​ ពិសេសការចូលរួមជំរុញការងារប្រតិបត្តិច្បាប់ ឲ្យបានកាន់តែប្រសើរឡើង៕