(កោះកុង)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងការពារជាតិ ក្នុងឱកាសអមដំណើរទៅចូលរួមសំណេះសំណាលជាមួយកម្មករ-កម្មការិនី នៅខេត្តកោះកុង ជាមួយសម្តេចតេជោ ហ៊ុន សែន បានឆ្លៀតចុះត្រួតពិនិត្យស្វែងប្រភពទឹកសាបចំនួន២កន្លែង ដើម្បីដោះស្រាយចំពោះភាពខ្វះទឹកប្រើប្រាស់ ជូនប្រជាពលរដ្ឋរស់នៅក្នុងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌលសីមា។

អមដំណើរជាមួយសម្តេចពិជ័យសេនា កាលពីរសៀលម្សិលមិញ រួមមាន៖ ទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងសិប្បកម្ម, អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង ព្រមទាំងឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុនផ្គត់ផ្គង់ទឹកស្អាតប្រចាំខេត្តកោះកុង រួមទាំងមន្ត្រីជំនាញមួយចំនួនទៀត។

ប្រភពទឹកសាបចំនួន២កន្លែង គឺនៅតំបន់ជ្រោះតាប៉ន និងតំបន់រមណីយដ្ឋានសិលាមានជ័យ ដែលរំពឹងថា មានបរិមាណទឹកអាចបូមបញ្ជូនទៅអាងស្តុកទុក ដើម្បីចែកចាយទឹកជូនពលរដ្ឋ។

ក្នុងដំណើរចុះពិនិត្យស្វែងរកប្រភពទឹកសាបនោះ លោក ចម ប្រសិទ្ធ បានថ្លែងថា អំឡុងពេលនេះ ជារដូវជួបគ្រោះរាំងស្ងួតខ្លាំងធ្វើឲ្យប្រភព ទឹកដែលធ្លាប់ទាញ មកប្រើប្រាស់ ត្រូវរីងស្ទើរតែទាំងស្រុង។ តាមការស្រាវជ្រាវពិនិត្យដោយផ្ទាល់ ហើយអ្វីដែលជាបញ្ហាធំ នោះគឺទំនប់ស្តុក ទឹកសាបប្រើប្រាស់ទុកនៅជ្រោះតាប៉នជ្រាបទឹក ពុំអាចរក្សាបរិមាណទឹកអំឡុង រដូវវស្សាបាន ទើបកើតមានវិបត្តិខ្វះទឹកខ្លាំងយ៉ាងដូច្នេះ។

លោករដ្ឋមន្រ្តីក្រសួងឧស្សហកម្ម និងសិប្បកម្ម បានជំរុញឲ្យក្រុមហ៊ុនផ្តត់ផ្គង់ទឹកនៅកោះកុងរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ចាំបាច់ពន្លឿនការជួសជុលសាងសង់ទំនប់តំបន់ជ្រោះតាប៉ន ដើម្បីទប់ឲ្យល្អរឹងមាំ ចៀសវាងធ្វើខុសបច្ចេកទេសបន្តទៀត។ នៅពេលដែលទំនប់មួយនេះធ្វើរាល់រួចហើយ នឹងអាចទទួលបានបរិមាណចំនួន២លានម៉ែត្រគូប ដែលអាចបំពេញតម្រូវការ ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់ទៅថ្ងៃអនាគត។

ប៉ុន្តែនៅពេលនេះ លំបាកដោះស្រាយ ពោលគឺមានអាជ្ញាធរ និងមន្ទីរបន្តទិញធុង ឬទឹកយកទៅជូនប្រជាពលរដ្ឋ ដែលខ្វះខាតទឹកខ្លាំងជាបណ្តោះអាសន្នថែមទៀត ទំរាំដល់រដូវវស្សាមកដល់វិញ។ ដោយឡែក ចំពោះយន្តការដោះស្រាយនៅរយៈពេលវែង រដ្ឋមន្រ្តីក្រសួងឧស្សហកម្ម នឹងលើកយកបញ្ហានេះទៅពិភាក្សាជាមួយប្រមុខរដ្ឋាភិបាល ថានឹងត្រូវគួរធ្វើអ្វីបន្ត៕