(ព្រះវិហារ)៖ អភិបាលស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ លោក ជា គឹមសេង បានប្រាប់មកកាន់អង្គភាពព័ត៌មាន Fresh News អំពីការព្រមានរបស់នាយកក្រុមហ៊ុន សហគមន៍អភិវឌ្ឍន៍ជាតិ លោក លាស់ ថេតរ៉ាម៉ា ដោយនឹងប្រាប់ទៅនាយករដ្ឋមន្ដ្រីឲ្យដករូបលោក ចេញពីអភិបាលស្រុកជាំក្សាន្ដ បើនៅតែរារាំងការឈូសឆាយ ផ្ទៃដីដែលនាយកក្រុមហ៊ុនរូបនេះ ចាត់ទុកថា ជាការអភិវឌ្ឍជូនជាតិ និងប្រជាជន។

ពាក់ព័ន្ធនឹងការព្រមានរបស់នាយកក្រុមហ៊ុនរូបនេះ អភិបាលស្រុកជាំក្សាន្ដ នឹងសុខចិត្តទទួលយក ហើយគោរពតាមថ្នាក់ដឹកនាំ នៃរាជរដ្ឋាភិបាល បើសិនជាដកតំណែងរបស់លោកចេញ ពីអភិបាលស្រុក ដោយគ្រាន់តែការពារផលប្រយោជន៍ប្រជាជន ដែលក្រុមហ៊ុនបានយកគ្រឿងចក្រ ទៅឈូសឆាយប៉ះពាល់ដីកម្មសិទ្ធិរបស់ពួកគាត់ ចំនួន៨១ក្បាលដី ដែលមានប្លង់រឹង និងសលាកបត្រ ដែលបានកាន់កាប់ និងអាស្រ័យផលជាយូរណាស់មកហើយនោះ។

អភិបាលស្រុកលោក ជា គឹមសេង បានបញ្ជាក់ថា ក្រុមហ៊ុនសហគមន៍អភិវឌ្ឍន៍ជាតិ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានយកគ្រឿងចក្រទៅឈូសឆាយផ្ទៃដី ធ្វើឲ្យប៉ះពាល់ដល់ដីស្រែ និងដីចំការរបស់ប្រជាពលរដ្ឋចំនួន៧៩គ្រួសារ ស្មើនឹង៨១ក្បាលដី ស្ថិតនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្តព្រះវិហារ។

សកម្មភាពឈូសឆាយដីខាងលើនេះ ត្រូវបាននាយកក្រុមហ៊ុនអះអាងថា ខ្លួនបានទទួលសិទ្ធិពីរាជរដ្ឋាភិបាល លើការអភិវឌ្ឍតំបន់នេះ ដោយមានផ្ទៃដីជាង៧០០ហិចតា។

លោក ជា គឹមសេង បានបញ្ជាក់ថា ក្រោយការសួររកឯកសារ ក្រុមហ៊ុនមានសិទ្ធិ​ធ្វើការអភិវឌ្ឍ ពីក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍ជាតិ CDC លើការធ្វើផ្លូវ២០ខ្សែ ចម្ងាយ៣០គីឡូម៉ែត្រ ក្នុងទំហំផ្ទៃដី៧០៨ហិចតា ប៉ុន្ដែមិនទាន់ទទួលបានអនុក្រឹត្យ ឬអនុប្រយោគណាមួយពីរដ្ឋាភិបាលនោះទេ។

​អភិបាលស្រុកបានបញ្ជាក់យ៉ាងដូច្នេះថា «ពេលដែលខ្ញុំហៅគាត់មកជួប (នាយកក្រុមហ៊ុន) គាត់បានប្រើពាក្យថា គាត់មានគម្រោងអភិវឌ្ឍន៍យ៉ាងត្រឹមត្រូវ ហើយជួយអភិវឌ្ឍន៍ជាតិ។ ផ្ទុយទៅវិញ ខ្ញុំហ្នឹងជាអ្នកជំទាស់ទៅនឹងអភិវឌ្ឍន៍គាត់ ដូច្នេះគាត់នឹងថតសំឡេងខ្ញុំ ហើយរាយការណ៍ជូនសម្ដេចឲ្យដកខ្ញុំ ពីចៅហ្វាយស្រុក។ ខ្ញុំរីករាយនឹងចុះចេញពីតំណែង គ្រាន់ទេប្រើសិទ្ធិការពារសិទ្ធិ ប្រជាពលរដ្ឋដែលបានបោះឆ្នោតតែប៉ុណ្ណោះ ហើយទុកឲ្យក្រុមហ៊ុនគាត់មានសុខដុរម្មនាកម្ម នៅក្នុងអ្វីដែលគាត់កំពុងមានសព្វថ្ងៃនេះទៅ តែចង់ឲ្យមានក្រុមហ៊ុន​ ហើយបើអភិវឌ្ឍន៍ក្នុងន័យជួយជាតិ ជួយប្រជាជន ហើយនៅពេលបច្ចុប្បន្ននេះ ស្រុករបស់ខ្ញុំ ត្រូវការអណ្ដូងប្រហែល១០០ និងផ្លូវជាច្រើនខ្សែទៀតនៅកន្លែងផ្សេង»

យ៉ាងណាក៏ដោយ ចំពោះការលើកឡើងរបស់អភិបាលស្រុកជាំក្សាន្ដខាងលើនេះ អង្គភាពព័ត៌មាន Fresh News មិនទាន់អាចស្វែងរកការបកស្រាយ ពីនាយកក្រុមហ៊ុនបាននៅឡើយទេ នៅថ្ងៃនេះ៕