(សៀមរាប)៖ មហាសេដ្ឋីចិន លោក Jack Ma នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបន្តទស្សនាប្រាសាទបន្ទាយស្រី នាទឹកដីក្រុងអង្គរ ខេត្តសៀមរាប របស់ប្រទេសកម្ពុជា ក្នុងទឹកមុខសប្បាយរីករាយជាពន់ពេក។

តាមការឲ្យដឹងពីមន្ត្រី ដែលរួមដំណើរបានអះអាងថា បើទោះបីជា លោក Jack Ma គឺជាមហាសេដ្ឋីលំដាប់ពិភពលោកក្តី តែគេសង្កេតឃើញលោកធ្វើខ្លួនយ៉ាងសាមញ្ញ ដោយជិះរថយន្ត១២កៅអី និងគ្មានអង្គរក្សការពារអ្វីឡើយ។ ហើយលោក Jack Ma នឹងចាកចេញពីទឹកដីអង្គរ នៅវេលាម៉ោង២៖០០រសៀលនេះផងដែរ។

គួរបញ្ជាក់ដែរថា កាលពីថ្ងៃទី១២​ ខែមីនាម្សិលមិញ លោក Jack Ma បានបង្ហាញការស្ញើចសរសើរ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ​​ នៅពេលលោកបានទស្សនាប្រាសាទនានា ក្នុងតំបន់អង្គរ។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានឲ្យដឹងថា ភាពល្បីល្បាញនៃរមណីយដ្ឋានអង្គរ មិនត្រឹមតែទាក់ទាញអ្នកស្រាវជ្រាវ និងភ្ញៀវទេសចរទូទៅប៉ុណ្ណោះទេ ប៉ុន្តែបុគ្គលល្បីៗក្នុងពិភពលោក រួមនឹងអ្នកមានៗលំដាប់ពិភពលោកច្រើនរូប ក៏ទាក់ចិត្តមិនខកខាន ក្នុងដំណើរមកទស្សនាអង្គរដែរ។ ថ្ងៃទី១២ ខែមីនា អាចចាត់ទុកជាថ្ងៃពិសេសមួយ ដែលមហាសេដ្ឋីស្រុកចិន និងជាប្រធានក្រុមហ៊ុន Alibaba គឺលោក ចេក ម៉ា (Jack Ma) បានមកបំពេញទស្សនកិច្ចពេញមួយថ្ងៃ នៅប្រាសាទនានាក្នុងតំបន់អង្គរ។

លោក សុខ សង្វារ អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា ដែលបានជូនដំណើរលោក Jack Ma ទស្សនាប្រាសាទអង្គរវត្តបានបញ្ជាក់ថា លោក Jack Ma ជាមនុស្សសុភាពគួរឲ្យគោរព ជាទីបំផុត។ ថ្វីត្បិតលោកជាមហាសេដ្ឋី តែឥរិយាបថរបស់លោក បានបង្ហាញនូវការគោរព ផ្តល់តម្លៃយ៉ាងខ្លាំងចំពោះប្រាសាទខ្មែរ។ លោកបានសួរសំណួរនានាដែលពាក់ព័ន្ធ នឹងការគ្រប់គ្រងប្រាសាទ ក្នុងភាពជាអ្នកចង់ចេះដឹងពិតប្រាកដ និងផ្តល់ការគោរពយ៉ាងជ្រាលជ្រៅចំពោះអង្គរ។

លោក សុខ សង្វារ បានបញ្ជាក់ថា តាមការបញ្ជាក់របស់លោក Jack Ma លោកពិតជាស្ញើចសរសើរ នូវភាពអស្ចារ្យនៃប្រាសាទខ្មែរ និងកោតសរសើរនូវការគ្រប់គ្រងរមណីយដ្ឋានអង្គរ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ លោកបញ្ជាក់ថា លោក ចេក ម៉ា បាននិយាយថានឹងមកកាន់រមណីយដ្ឋានអង្គរ នាឱកាសក្រោយទៀត ដោយការធ្វើដំណើររបស់លោកនាពេលនេះ គ្រាន់តែជាលើកដំបូងប៉ុណ្ណោះ តែច្បាស់ណាស់នឹងមានលើកទី២ ឬទី៣បន្តទៀត ។

លោក សុខ សង្វារ ជឿជាក់ថា តាមរយៈវត្តមានរបស់លោក Jack Ma ក៏ដូចជា បុគ្គលល្បីៗផ្សេងទៀតក្នុងពិភពលោក ក្នុងការមកទស្សនារមណីយដ្ឋានអង្គរ ពិតជាធ្វើឲ្យភ្ញៀវទេសចរគ្រប់ជាតិសាសន៍ កាន់តែចាប់អារម្មណ៍ ហើយមកទស្សនារមណីយដ្ឋានអង្គរ កាន់តែច្រើនឡើងៗ ជារៀងរាល់ឆ្នាំបន្ថែមទៀត។

មហាជនខ្មែរ ក៏បានសម្តែងការភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលដឹងថា មហាសេដ្ឋីស្រុកចិនរូបនេះ បានមកទស្សនាសម្បត្តិបេតិកភណ្ឌរបស់កម្ពុជា ក្នុងសកម្មភាពសាមញ្ញ និងរាក់ទាក់យ៉ាងនេះ។ មតិទូទៅបានលើកឡើងថា វត្តមានរបស់បុគ្គលល្បីៗក្នុងពិភពលោក ដែលបានមកកម្សាន្តនៅប្រទេសកម្ពុជា កាន់តែបង្ហាញយ៉ាងច្បាស់ថា ប្រទេសនេះពិតជាកំពុងរស់នៅក្រោមសុខសន្តិភាព ដ៏រឹងមាំមួយយ៉ាងពិតប្រាកដ។

សូមជម្រាបថា លោក Jack Ma មហាសេដ្ឋីលំដាប់ពិភពលោករបស់ចិន និងប្រធានក្រុមហ៊ុន Alibaba បានមកធ្វើទស្សនកិច្ចនៅខេត្តសៀមរាប កាលពីយប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ដើម្បីស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ នេះបើយោងតាមមន្ត្រីអាកាសយានដ្ឋានអន្តរជាតិ ខេត្តសៀមរាប បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងនៅយប់នោះ។

មន្រ្តីដដែលបានបញ្ជាក់ថា លោក Jack Ma មកទស្សនកិច្ចនៅខេត្តសៀមរាប តាមរយៈក្រុមហ៊ុនឯកជនមួយ ប៉ុន្តែមិនដឹងថា លោកនឹងស្នាក់នៅកម្ពុជា ប៉ុន្មានថ្ងៃ និងគ្រោងជួបមន្រ្តីណា នៅឡើយទេ។ ក្រៅពីខេត្តសៀមរាប លោកនឹងធ្វើដំណើរកម្សាន្តនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យផងដែរ៕