(ភ្នំពេញ)៖ វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបន្តបើកវគ្គជំនាញអធិការកិច្ចបឋម ជំនាន់ទី១ វគ្គ២ ឆ្នាំ២០១៩ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ទី១៣ ខែមីនា ឆ្នាំ២០១៩ ដើម្បីលើកកំពស់អធិការកិច្ច ឲ្យកាន់តែមានប្រសិទ្ធិភាពលើគ្រប់វិស័យ សំដៅបង្ការទប់ស្កាត់កែលម្អ និងមានវិធានការ ដើម្បីប្រឆាំងនឹងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា ឆ្លើយតបទៅនឹងភារកិច្ចស្នូល ក្នុងនាមជាសេនាធិការឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងអនុវត្តន៍តាមការណែនាំពីលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី លើការលើកកំពស់សមត្ថភាពមន្ត្រីរាជការ ។

លោកបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ត្រូវបានធ្វើជាតំណាងលោកស្រី ម៉ែន សំអន រដ្ឋមន្ត្រី អញ្ជើញបើកវគ្គបណ្តុះបណ្តាលនេះ និងមានសិក្ខាកាមមកពីគ្រប់អគ្គនាយកដ្ឋាន នាយកដ្ឋាន និងមន្ទីរចំណុះឲ្យក្រសួងគ្រប់ខេត្ត រាជធានី។

វគ្គទី២នេះមានសិក្ខាមចំនួន៤២នាក់ ដែលចំនួននេះ មានចំនួនដូចគ្នាទៅនឹងវគ្គទី២ដែរ និងក្រោយបញ្ចប់វគ្គទាំង២ នឹងទទួលបានវិញ្ញាបនប័ត្របញ្ជាក់ការបណ្តុះបណ្តាល ដោយគ្រោងធ្វើពិធីជាផ្លូវការនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩។ នេះបើតាមការឲ្យដឹងពីលោកបណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ច។

លោកបណ្ឌិត ចាប សុថារិទ្ធ បានថ្លែងថា វិស័យអធិការកិច្ចជាវិស័យមួយដ៏មានសារៈសំខាន់ ពីព្រោះវាជាគន្លឹះមួយ នៃការគ្រប់គ្រងរដ្ឋឲ្យ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ស្ថាប័ននេះ មាននៅស្ទើរគ្រប់ប្រទេសនៅក្នុងសកលលោក គ្រាន់តែមានការដាក់ឈ្មោះមិនដូចគ្នា ទៅតាមបរិបទនយោបាយ សង្គម ឬតំបន់ភូមិសាស្រ្តតែ ប៉ុណ្ណោះ។

លោកបណ្ឌិត ចាប សុថារិទ្ធ បានបញ្ជាក់ថា ឈរលើមូលដ្ឋាននេះ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត លោកសូមធ្វើការណែនាំដូចតទៅ៖

*ទី១៖ វិទ្យាស្ថានជាតិអធិការកិច្ចត្រូវអភិវឌ្ឍ និងធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធការងារ និងការបណ្តុះបណ្តាល ដោយពិគ្រោះយោបល់ជាមួយអនុរដ្ឋលេខាធិការ និងរដ្ឋលេខាធិការទទួលបន្ទុក ដូចជា ត្រូវមានផែនការ និងកម្មវិធីបណ្តុះបណ្តលច្បាស់លាស់ រចនាសម្ព័ន្ធគ្រប់គ្រងច្បាស់លាស់ និងពង្រឹងការងាររដ្ឋបាល ឲ្យមានគុណភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។

*ទី២៖ វិទ្យាស្ថានត្រូវត្រៀមរៀបចំ ក្រុមប្រឹក្សាភិបាលមួយដែលរួមមាន ថ្នាក់ដឹកនាំ អគ្គនាយក និងអ្នកជំនាញ ផ្នែកអធិការកិច្ច ដើម្បីកំណត់កម្មវិធីបង្រៀន និងលើកផែនការយុទ្ធសាស្ត្ររបស់វិទ្យាស្ថាន។

*ទី៣៖ វិទ្យាស្ថានជាតិអធិការកិច្ចត្រូវពង្រឹងការងារសិក្សា ស្រាវជ្រាវ និងផ្សព្វផ្សាយការងារពាក់ព័ន្ធនឹង វិស័យ អធិការកិច្ច សំដៅធ្វើយ៉ាងណាដើម្បីពង្រីក និងពង្រឹងចំណេះដឹងដល់មន្រ្តីរាជការ ដែលបម្រើការងារ ក្នុងវិស័យអធិការកិច្ច តាមរយៈការចុះអង្កេត ឬសិក្ខាសាលាពិគ្រោះយោបល់អំពីតម្រូវការ នៃការបណ្តុះបណ្តាលជំនាញអធិការកិច្ច និងប្រធានបទចាំបាច់សម្រាប់ដំណាក់កាល នីមួយៗដើម្បីអាចឆ្លើយតបបានទៅនឹងតម្រូវការពិតប្រាកដរបស់អង្គភាពពាក់ព័ន្ធ។

*ទី៤៖ អង្គភាពក្រោមឱវាទក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចគ្រប់លំដាប់ថ្នាក់ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវចូលរួមគាំទ្រ ផ្តល់កិច្ចសហការ និងត្រូវចាត់មន្រ្តី មកចូលរួម ការបណ្តុះបណ្តាល ដើម្បីឲ្យវិទ្យាស្ថានជាតិអធិការកិច្ចអាចបន្តអនុវត្តការងារឲ្យកាន់តែស្វាហាប់ អាចដោះ ស្រាយបញ្ហាប្រឈមនានា និងមានលទ្ធភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាអប់រំក្នុងវិស័យអធិការកិច្ចឲ្យកាន់ តែមានប្រសិទ្ធភាព។

*ទី៥៖ វិទ្យាស្ថានជាតិអធិការកិច្ចត្រូវពង្រឹងការងារទំនាក់ទំនងជាមួយបណ្តាស្ថានទូត អង្គការជាតិ-អន្តរជាតិ និងបណ្តាគ្រឹះស្ថានសិក្សានានាដើម្បីស្វែងរកកិច្ចសហការ និងគាំទ្រ ជាពិសេសដល់កម្មវិធីបណ្តុះបណ្តាល របស់វិទ្យាស្ថាន ទាំងផ្នែកបច្ចេកទេស ការរៀបចំកម្មវិធីសិក្សា និងគ្រូឧទ្ទេសជាដើម ដោយមិនត្រូវពឹងផ្អែក ទាំងស្រុងលើថវិកាជាតិនោះឡើយ។

សូមរំលឹកថា លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងងជាអនុរដ្ឋលេខាធិការ ធ្លាប់បានសរសេរលើបណ្តាញសង្គមកន្លងមកថា ជាច្រើនទសវត្សកន្លងមកនេះ នៅកម្ពុជា វិស័យអធិការកិច្ច បានដំណើរការស្ទើរគ្រប់សម័យកាល។ ស្ថាប័នអធិការកិច្ចបានចាប់កំណើត ឡើងដំបូងនៅសម័យសង្គមរាស្ត្រនិយមក្នុងឆ្នាំ១៩៦៩ ដែលកាលនោះ មានឈ្មោះថា គណៈកម្មការជាតិ នៃការបោសសម្អាតទូទៅ។ ស្ថាប័នអធិការកិច្ចមានវត្តមានជាបន្តបន្ទាប់រហូតមក ដោយមានឈ្មោះផ្សេងៗ ជាអាទិ៍ ក្រសួងត្រួតពិនិត្យកិច្ចការរដ្ឋ នៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជាឆ្នាំ១៩៧៩-១៩៨៩ ក្រសួងត្រួតពិនិត្យ នៅសម័យរដ្ឋកម្ពុជាឆ្នាំ១៩៨៩-១៩៩៣ អគ្គលេខាធិការដ្ឋានអធិការកិច្ចរាជរដ្ឋាភិបាល នៅចន្លោះឆ្នាំ១៩៩៣-១៩៩៨ និងបច្ចុប្បន្នគឺ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច៕