(កំពង់ឆ្នាំង)៖ ពិធីបុណ្យទន្លេលើកទី៥ ដែលនឹងប្រព្រឹត្តទៅនៅខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី១៥-១៧ ខែមីនា ឆាប់ៗខាងមុខ​នេះ គឺជាព្រឹត្តិការណ៍ទេសចរណ៍ដ៏ធំ ដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរ អាចទៅទស្សនាកម្សាន្តបានយ៉ាងសប្បាយរីករាយ ប៉ុន្តែភ្ញៀវទេសចរមួយចំនួន មិនត្រឹមតែទៅទស្សនាតែបុណ្យទន្លេប៉ុណ្ណោះទេ ពិតណាស់ថា ពួកគេប្រាកដជាទៅទស្សនានៅរមណីយដ្ឋាន ដទៃទៀតមិនខានឡើយ។

ប្រការនេះ ក្រសួងទេសចរណ៍ បានរៀបចំរួចជាស្រេចក្នុងការណែនាំជាមតិយោបល់ប្រាប់ដល់ភ្ញៀវទេសចរ តាមរយៈវីដេអូខ្លីមួយបង្ហាញអំពីរមណីយដ្ឋាន និងតំបន់ទេសចរណ៍សំខាន់ៗ ដែលមាននៅក្នុងខេត្តកំពង់ឆ្នាំង និងនៅខេត្តជុំវិញ ដូចជា ខេត្តកណ្ដាល ខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ជាដើម។

នៅក្នុងវីដេអូខ្លីនេះ ក្រសួងទេសចរណ៍ បានបង្ហាញពីរមណីយដ្ឋានទឹកធ្លាក់អន្លង់ស្វាយ ភ្នំនាងកង្រី សិប្បកម្មផលិតក្អមឆ្នាំង វត្តត្រឡែងកែង វត្តពោធិ៍រុក្ខារាម នៅខេត្តកំពង់ឆ្នាំង, ទឹកជ្រោះឆាយរការ ទឹកជ្រោះឆាយប្រុយ និងកន្លែងទេសចរណ៍ដទៃទៀត ដែលមាននៅសហគមន៍ទេសចរណ៍អូរសោម ខេត្តពោធិ៍សាត់, រមណីយដ្ឋានធម្មជាតិទឹកធ្លាក់ជ្រាវ ភ្នំព្រះរាជទ្រព្យ ខេត្តកំពង់ស្ពឺ និងខេត្តកណ្ដាល ព្រមទាំងតំបន់ទេសចរណ៍ដ៏ទាក់ទាញជាច្រើនទៀត។

ក្នុងកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៥នេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង តែងតែជំរុញដល់មន្ត្រីរាជការ និងក្រុមការងារ ពាក់ព័ន្ធ ត្រូវចូលរួមរៀបចំរមណីដ្ឋានទេសចរណ៍នានា នៅក្នុងខេត្តកំពង់ឆ្នាំង និងនៅខេត្តជុំវិញឱ្យល្អប្រសើរ ដើម្បីត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរ និងបម្រើសេវាកម្មជូនភ្ញៀវ ប្រកបដោយភាពរួសរាយរាក់ទាក់ ត្រូវយក​ចិត្តទុកដាក់លើបញ្ហាអនាម័យម្ហូបអាហារ បន្ទប់ទឹកស្អាត ដើម្បីផ្ដល់នូវភាពពេញចិត្តដល់ភ្ញៀវទេសចរ។

សូមទស្សនាវីដេអូខ្លីរបស់ក្រសួងទេសចរណ៍ដូចតទៅ៖