(កំពត)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងថា ការធ្វើលំហាត់នាគមាសរវាងកងទ័ពកម្ពុជា-ចិន ឆ្នាំ២០១៩នេះ មិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាមួយឡើយ ហើយសមយុទ្ធនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ និងមានទ្រង់ទ្រាយធំជាបន្តបន្ទាប់ ដើម្បីពង្រឹងសមត្ថភាពដល់កងទ័ពកម្ពុជា។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩ មុនពិធីបើកជាផ្លូវការនូវលំហាត់នាគមាសឆ្នាំ២០១៩ រវាងកងទ័ពកម្ពុជា-ចិនថា ការធ្វើលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៩នេះ គឺដើម្បីបង្កើនសមត្ថភាពដល់កងទ័ពកម្ពុជា ហើយសមយុទ្ធនេះ នឹងធ្វើឲ្យកងទ័ពកម្ពុជា ចំណេញច្រើន ដោយទទួលបានបទពិសោធន៍ជាច្រើន ពីខាងភាគីចិនទាក់ទងនឹងការប្រឆាំងអំពើភេរវកម្ម ការសង្គ្រោះគ្រោះមហន្តរាយ និងរបៀងវារៈ​ជាច្រើនទៀត។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានថ្លែងយ៉ាងដូច្នេះថា «ការធ្វើលំហាត់សមយុទ្ធនាគមាសនេះ គឺមិនមែនជាការគំរាមកំហែងដល់ប្រទេសណា ឬបុគ្គលណាឡើយ ខណៈដែលប្រទេសជិតខាង ក៏មានការធ្វើសមយុទ្ធដែរដូចជាការធ្វើរវាងអា​មេរិក-ថៃ​ជាដើម»។

នាយឧត្តមសេនីយ៍ បានបញ្ជាក់ថា លំហាត់នាគមាសនេះនឹងធ្វើឡើងជារៀងរាល់ឆ្នាំ និងមានលក្ខណៈទ្រង់ទ្រាយធំជាបន្តបន្ទាប់ចំពោះសម្ភារយោធា ដែលកំពុងដាក់តាំង នៅទីលានលំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៩នេះ មានឧទ្ធម្ភាគចក្រចិនចំនួន៦គ្រឿង ព្រមទាំងសព្វាវុធជាច្រើនទៀត ដើម្បីធ្វើការបាញ់រួមគ្នា។

សូមរំលឹកថា លំហាត់សមយុទ្ធនាគមាសឆ្នាំ២០១៩នេះមានរយៈពេល ២៨ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។ ពិធីបិទលំហាត់នឹងធ្វើឡើងនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ។

លំហាត់ហ្វឹកហ្វឺននេះ មានភាគីកងទ័ពរំដោះប្រជាជនចិន ចូលរួមចំនួន២៥២នាក់ និងភាគីកម្ពុជាចូលរួមចំនួន២៥៤២នាក់ ក្នុងនោះមាន៖ កម្លាំងធ្វើលំហាត់ចំនួន៣៨២នាក់, កម្លាំងបម្រើការក្នុងលំហាត់​ចំនួន៤៤៨នាក់, កម្លាំងចូលរួមក្នុងពិធីបើក-បិទ ចំនួន១,៦៨៥នាក់។

ក្នុងលំហាត់នាគមាសនេះ មានការហ្វឹកហាត់ក្នុងទីបញ្ជាការ និងទីលាន ដោយផ្តោតសំខាន់លើវិញ្ញាសាមួយចំនួន ដូចជាការប្រឆាំងភេវរកម្ម, ការរំដោះចំណាប់ខ្មាំង, ការសង្រ្គោះប្រជាពលរដ្ឋ ពីគ្រោះធម្មជាតិ, ការបំពេញភារកិច្ចក្រោមឆ័ត្រអង្គការសហប្រជាជាតិ និងវិស្វកម្មជាដើម។ អាវុធយុទ្ធភណ្ឌ សំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់ នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក​, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាគចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕