(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា សម្តេចកំពុងតែឱ្យក្រុមមេធាវីរបស់សម្តេច សិក្សាដើម្បីឈានទៅដល់ការប្តឹងទៅតុលាការ ចំពោះជនទាំងឡាយ ដែលបានប្រមាថដល់សម្តេច នៅលើបណ្តាញសង្គម Facebook។

ការអះអាងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅក្នុងពិធីសំណេះសំណាល ជាមួយកម្មករ និយោជិតប្រមាណជាង១ម៉ឺន៦ពាន់នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ។

នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេចកំពុងឲ្យក្រុមមេធាវីរបស់សម្តេច សិក្សាប្តឹងអ្នកប្រមាថសម្តេចនៅតាម Facebook។ សម្តេចតេជោ បានថ្លែងថា សារប្រមាថរបស់សម្តេចនោះមានមិនតិចជាង៣០នោះទេ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាប អាអ្នកប្រមាថខ្ញុំតាម Facebook ខ្ញុំកំពុងឱ្យមេធាវីរបស់ខ្ញុំសិក្សា សិក្សាដើម្បីដាក់ពាក្យប្តឹងហើយ ហ្អែងប្រមាថតាម ​Facebook ហើយហ្អែងត្រូវដឹងថា ទោះហ្អែងនៅក្រៅប្រទេសមែន តែទ្រព្យសម្បត្តិហ្អែងនៅក្នុងប្រទេស រឹបអូសយកទាំងអស់បើតុលាការកាត់ឱ្យអញឈ្នះ ជូនសារឱ្យហ្អែងបានដឹងមុន»។

សម្តេចបានបន្តថា «ឥឡូវនេះ មានជាង៣០សារ ដែលហ្អែងបង្ហោះប្រមាថជីវិតអញ គឺ៣២សា អញ្ចឹងបើវាចេញមកថ្ងៃនេះទៀត បានការណ៍យើងទៀតហើយ ប្រមូលធ្វើជាវត្ថុតាងរឹបទ្រព្យសម្បត្តិ៍ហ្អែងនៅក្នុងស្រុក ទារយ៉ាងតិច ២លានដុល្លារ ដើម្បីកុំឱ្យវាឈ្លើយ និយាយឡើងផុសចុងក្រោយ "ទំនាយលោកហ៊ុន សែន ចំកំបុតក" គឺកំបុតកហ្អែងមិនព្រមកំបុត ប៉ុន្តែជូនសារទៅប្រាប់ហ្អែងមុន ហើយប្រាប់ទៅខេត្ត ឱ្យមើលទ្រព្យសម្បត្តិវានៅទីណា ​បើកាត់រួចហើយអញនឹងរឹប រួចហើយបានអាហ្នឹង​យកទៅចែកកុមារកំព្រា»។

បើតាមការទម្លាយរបស់សម្តេចតេជោ ហ៊ុន សែន, អ្នកប្រមាថនៅលើបណ្តាញសង្គម Facebook ដែលសម្តេច គ្រោងនឹងប្តឹងទៅតុលាការខាងមុខនេះនេះ គឺជាអតីតថ្នាក់ដឹកនាំជាន់ខ្ពស់របស់អតីតគណបក្សប្រឆាំង ដែលតុលាការកាត់ទោសរំលាយចោលកាលពីចុងឆ្នាំ២០១៧។ ទោះជាយ៉ាងណាសម្តេចមិនបានបង្ហើបចំឈ្មោះចំពោះ បុគ្គលនោះនៅឡើយទេ។

សម្តេចបានបន្តថា ជននោះពេលនៅក្នុងស្រុក នៅក្នុងស្រុកមិនហ៊ានជេរប្រមាថទេ តែពេលទៅខាងក្រៅហ៊ានធ្វើ។ សម្តេចបានសោកស្តាយ ដែលកន្លងមកទារប្រាក់ត្រឹមតែ១ដុល្លារ។ លើកនេះ សម្តេចមិនទារ១ដុល្លារទៀតទេ គឺត្រូវទារឱ្យបានយ៉ាងតិច២លានដុល្លារ។

សម្តេចបញ្ជាក់ថា៖ «ធ្វើអ្វីមិនកើតបន់ឱ្យគេងាប់ៗ ឥឡូវយើងគិតមើល បើសិនជានយោបាយបន់ឱ្យគេងាប់ បន់ឱ្យគេគ្រោះថ្នាក់ អញ្ចឹងធ្វើនយោបាយនេះ ដើម្បីរួបរួម ឬដើម្បីអ្វី? អញ្ចឹងខ្ញុំអត់មិនបាន គឺថាឱ្យតែមានរឿងអ្វីបបួលហ្អែងស្បថតែម្តង​ ស្បថដាក់ជីវិតព្រោះហ្អែងនិយាយមិនទៀង ប៉ុន្តែអត់ហ៊ានទេ អត់ហ៊ានស្បថដាច់ខាតហើយពួកនេះ ព្រោះមនុស្សខូចអត់ហ៊ានស្បថទេ»។

សម្តេចបញ្ជាក់បន្តថា «ចំណុចពួកអ្នកនយោបាយ អត់ហ៊ានស្បថទេ ពេលស្បថវាថាឯងអបិយជំនឿ ប៉ុន្តែការស្បថនៅលើលោកនេះ គេនៅប្រើទាំងអស់ ស្បថចូលកាន់តំណែងជាប្រមុខរដ្ឋ ស្បថចូលកាន់តំណែងជានាយករដ្ឋមន្រ្តី ស្បថចូលកាន់តំណែងជាសមាជិកសភា​ ព្រឹទ្ធសភា សូម្បីតែសាក្សីនៅតុលាការ គេដាក់ឱ្យស្បថសិន មុននឹងអ្នកឯងធ្វើជាសាក្សី នៅក្នុងតុលាការ អញ្ចឹងម៉េចអ្នកឯងមិនហ៊ានស្បថ»។

សូមបញ្ជាក់ថា នាពេលកន្លងទៅ ដើម្បីភាពសុខដុមរមនា និងសេចក្តីថ្លៃថ្នូរក្នុងសង្គមកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើទៅដល់អ្នកលេង Facebook ទាំងអស់បញ្ឈប់នូវការជេរប្រមាថគ្នា ដែលកន្លងមក ទង្វើបែបនេះបានធ្វើឱ្យបាត់បង់សីលធម៌ខ្មែរមានការអាប់ឱនជាបន្តបន្ទាប់។

យោងតាមក្រមព្រហ្មទណ្ឌ មាត្រា ៣០៧ (បទល្មើសជេរប្រមាថជាសាធារណៈ) បានបញ្ញតិ្ដថា៖ «គ្រប់ពាក្យប្រមាថ គ្រប់ពាក្យមើលងាយ ឬគ្រប់ពាក្យទ្រគោះ ដែលគ្មានការទំលាក់កំហុស ទៅលើអំពើណាមួយគឺជាការជេរប្រមាថ»។ មានន័យថា ប្រសិនបើបុគ្គលម្នាក់ ឬមួយក្រុម ប្រើពាក្យពេចន៍មិនសមរម្យដូចជាជេរប្រទេច ឬ ដោយពាក្យមើលងាយ ទៅបុគ្គលណាម្នាក់ ឬមួយក្រុម ដោយគ្មានចេតនាទំលាក់កំហុសចំពោះអំពើណាមួយនោះទេ វាគឺជាការជេរប្រមាថ។

បទជេរប្រមាថជាសាធារណៈ គឺជាបទល្មើសព្រហ្មទណ្ឌ ដែលជាប្រភេទនៃបទលហុ និងមានទណ្ឌកម្មត្រឹមតែពិន័យជាប្រាក់តែប៉ុណ្ណោះ ហើយបទលើ្មសប្រភេទនេះវាមាននីតិវិធី ពិសេសសម្រាប់ការធ្វើបណ្ដឹងចោទប្រកាន់ ដោយពាក្យបណ្ដឹងធ្វើឡើងដោយសាមីខ្លួន ឬស្ថាប័នសាមី គឺជាលក្ខខណ្ឌចាំបាច់នៃការចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ហើយបណ្ដឹងអាជ្ញាក៏ត្រូវរលត់ដោយការដកបណ្ដឹងរបស់សាមីខ្លួន ឬស្ថាប័នសាមី ផងដែរ៕