(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ បានបន្ដឃាត់ខ្លួនជនជាតិវៀតណាម៩នាក់ នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានកាន់កាប់ឯកសារកម្ពុជាមិនត្រឹមត្រូវ។

លោកឧត្តមសេនីយ៍ឯក អ៊ុក​ ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាព Fresh News ថា ប្រតិបត្តិការនេះធ្វើឡើងដោយ ​នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយថ្ឋនអន្តោប្រវេសន៍ បានសហការ​ជាមួយស្នងការ​ដ្ឋាននគរបាលរាជធានីភ្នំពេញ ​ដឹកនាំដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

លោកប្រធាននាយកដ្ឋានរូបនេះ បានគូសបញ្ជាក់ថា កម្លាំងជំនាញបានចុះត្រួតពិនិត្យជនបរទេស កំពុងលួចស្នាក់នៅគ្មានលិខិតឆ្លងដែន និងកំពុងលួចស្នាក់នៅប្រើប្រាស់ឯកសារមិនត្រឹមត្រូវ នៅទីតាំងក្នុងភូមិ ស្ថិតនៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានពិនិត្យឃើញ ជនបរទេសជាជនជាតិវៀតណាមចំនួន​៤០នាក់ ស្រី១៥នាក់ ក្នុងនោះមាន​០៩នាក់ ស្រី០៤នាក់ ប្រើប្រាស់ឯកសារមិនត្រឹមត្រូវ។

ក្រោយពីការត្រួតពិនិត្យ ក្រុមប្រតិបត្តិការចម្រុះ បានបញ្ជូនជនបរទេសជាជនជាតិវៀតណាម ចំនួន០៩នាក់ ស្រី០៤នាក់​ខាងលើ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីធ្វើការសាកសួរ និងអនុវត្តបន្តតាមនីតិវិធី៕