(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ ៨កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ១៣,៨៦៦នាក់ មកពីរោងចក្រ សហគ្រាសចំនួន៧ នៅក្នុងខេត្តកោះកុង។ ពិធីសំណេះសំណាលនេះ នឹងប្រារព្ធធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេសកោះកុង ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចរីករាយណាស់ដែលបានជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅក្នុងខេត្តកោះកុង។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងរោងចក្រនៅក្នុងខេត្តកោះកុង មានរោងចក្រខ្លះផលិតផលិតផលសកលដូចជាក្បាលរថយន្តជាដើម ដែលមិនមែនជាការបំពេញតម្រូវការក្នុងស្រុកនោះឡើយ។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បន្ថែមថា រោងចក្រនៅក្នុងខេត្តកោះកុងនេះ ក៏មានរោងចក្រផលិតបាល់ ដែលជាតម្រូវការរបស់ពិភពលោកផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យខេត្តកោះកុងមានការអភិវឌ្ឍន៍ដូចពេលបច្ចុប្បន្ន? សម្តេចតេជោ បានលើកឡើងថា ខេត្តកោះកុងជាខេត្តមួយ ដែលមានប្រវត្តិអាណោចអាធមខ្លាំងណាស់ ដែលក្នុងនោះសូម្បីតែរដ្ឋមន្ត្រីក្រសួងការពារជាតិ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏មានប្រវត្តិឈឺចាប់ផងដែរ ពោលជាឥស្សរជនខ្មែរមួយរូបដែលបានរួចផុតពីការដែលគេសម្លាប់។

* សម្តេចតេជោនាយករដ្ឋមន្រ្តី បានថ្លែងថា សម្តេចបានយកខ្លួនមកពាំង និងដោះស្រាយការលំបាករបស់អ្នកកោះកុង។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អ្នកខេត្តកោះកុងកម្សត់កម្រខ្លាំងណាស់ ទម្រាំបានដូចពេលបច្ចុប្បន្ននេះ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការវិវឌ្ឍន៍របស់កោះកុងមកដូចពេលបច្ចុប្បន្ននេះ គឺដោយសារនយោបាយឈ្នះ-ឈ្នះ ដែលជារឿងសំខាន់។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា បើគ្មានសន្តិភាពទេ គ្មានអ្នកវិនិយោគណាមកវិនិយោគរកស៊ីនៅកម្ពុជានោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចំណុចសំខាន់មួយទៀតដែលនាំឲ្យកោះកុងវិវឌ្ឍន៍មកស្ថានភាពដូចពេលបច្ចុប្បន្ននេះ គឺការអនុវត្តន៍ដោយជោគជ័យ នូវយុទ្ធសាស្ត្រពីរយ៉ាង។ ១. ការប្រែក្លាយតំបន់អតីតសមរភូមិទាំងអស់ឲ្យទៅជាតំបន់អភិវឌ្ឍន៍ និងទីផ្សារ និងទី២. ការប្រែក្លាយតំបន់ព្រំដែនរបស់កម្ពុជា ជាមួយប្រទេសជិតខាងឲ្យទៅជាតំបន់សន្តិភាព និងកិច្ចសហប្រតិបត្តិការ។

* សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានថ្លែងថា សម្តេចប្រឹងប្រែងណាស់ក្នុងការធ្វើការងារជាមយយប្រទេសថៃ វៀតណាម និងឡាវ ដើម្បីកសាងសន្តិភាពតាមខ្សែព្រំដែន។ សម្តេចតេជោ បានលើកឡើងថា បើតំបន់ព្រំដែនគ្មានសន្តិភាព ស្ថេរភាពទេនោះ នឹងគ្មានការវិនិយោគមកតំបន់ព្រំដែននោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្តេចបានប្រឹងធ្វើការជាមួយនាយករដ្ឋមន្ត្រីថៃ ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសបន្ថែមទៀត ដូចជាតំបន់សេដ្ឋកិច្ចពិសេសអូរនៀង ក្នុងខេត្តបន្ទាយមានជ័យជាដើម។

* សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃ បានកើនឡើងរហូតដល់ទៅប្រមាណ ៧ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ដែលជាទំហំពាណិជ្ជកម្មមួយដ៏ធំ។

* សម្តេចតេជោ ក៏បានថ្លែងផងដែរថា បច្ចុប្បន្នតំបន់ព្រំដែនរវាងកម្ពុជា និងវៀតណាម ដែលធ្លាប់ជាកន្លែងដាក់កាំភ្លើងបាញ់គ្នានោះ ក៏កំពុងមានការអភិវឌ្ឍដោយបង្កើត ជាតំបន់សេដ្ឋកិច្ចពិសេសជាដើម។

* សម្តេចតេជោ បានថ្លែងថា ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងឡាវ ក៏បាននិងកំពុងពង្រឹង និងពង្រីកបន្តិចម្តងៗផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គោលនយោបាយតភ្ជាប់ ក៏ជាជោគជ័យសម្រាប់ការអភិវឌ្ឍនៅខេត្តកោះកុងផងដែរ។ ក្នុងនោះសម្តេចបានស្នើសុំដោយ ផ្ទាល់ទៅភាគីថៃឲ្យជួយសាងសង់ផ្លូវជាតិលេខ៤៨។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពីអតីតកាលប្រទេសជិតខាងគេបិទដង្ហើមសេដ្ឋកិច្ចកម្ពុជាជារឿងមួយ ហើយក្នុងនោះក៏មានការចង់បិទដង្ហើមសេដ្ឋកិច្ចខ្លួនឯងថែមទៀត ដោយមិនឲ្យមានការរកស៊ីជាមួយថៃ។ សម្តេចតេជោបានបញ្ជាក់ថា សម្តេចមិនគាំទ្រឡើយចំពោះការរារាំងមិនឲ្យរកស៊ីជាមួយថៃ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៤៨ នឹងក្លាយទៅជាផ្លូវហាយវេនាពេលអនាគត ក្រោមហិរញ្ញប្បទានរបស់កូរ៉េខាងត្បូង។

* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា មហិច្ឆតារបស់សម្តេចមិនត្រឹមតែតភ្ជាប់ខេត្តកោះកុង ទៅ ព្រះសីហនុ នឹងទៅភ្នំពេញនោះ គឺនឹងសាងសង់ផ្លូវតភ្ជាប់កោះកុង ទៅតំបន់ថ្មដានៅខេត្តពោធិ៍សាត់ នឹងទៅខេត្តបាត់ដំបង និងប៉ៃលិនផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅជុំវិញបាងកក ប្រទេសថៃ និងបណ្តាប្រទេសនានា គ្មានផ្លូវណាមិនយកលុយនោះទេ។ ពោលគេយកលុយពីអ្នកជិះយកមក វិនិយោគសាងសង់ផ្លូវ។ តែសម្រាប់កម្ពុជា យកលុយតែក្នុងអន្តរកាលប៉ុណ្ណោះ ពេលមានលទ្ធភាពនឹងទិញយកផ្លូវនោះមកវិញ មិនឲ្យប្រជាពលរដ្ឋលំបាកក្នុងការបង់លុយថ្លៃផ្លូវនោះឡើយ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ភាពជោគជ័យលើការតភ្ជាប់មួយទៀតរបស់រាជរដ្ឋាភិបាលក្រៅពីការតភ្ជាប់ផ្លូវហើយនោះ គឺការតភ្ជាប់បណ្តាញអគ្គិសនី ដែលពីមុនអគ្គិសនីនៅក្នុងខេត្តកោះកុងទិញមកពីប្រទេសថៃ។ តែបច្ចុប្បន្នខេត្តកោះកុង បានក្លាយជាធុងអាគុយមួយសម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីទៅរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សេងទៀត។

* សម្តេចតេជោ បានថ្លែងថា កម្ពុជា និងថៃ បានឯកភាពថា ដើម្បីកាត់បន្ថយការធ្វើចំណាកស្រុកទៅធ្វើការខុសច្បាប់ក្នុងប្រទេសថៃ គឺត្រូវបង្កើតរោងចក្រនៅតាមបណ្តោយ ព្រំដែនក្នុងប្រទេសកម្ពុជា ដោយមិនចាំបាច់ឲ្យពលរដ្ឋកម្ពុជាចូលទៅធ្វើការនៅក្នុងប្រទេសថៃនោះទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានសម្រេចឲ្យឧកញ៉ា លី យ៉ុងផាត់ សាងសង់កន្លែងផ្គត់ផ្គង់ទឹកសម្រាប់រយៈពេលវែងនៅក្នុងខេត្តកោះកុងនេះ។ សម្តេចតេជោ ក៏បានឲ្យដឹងផងដែរថា ដើម្បីដោះស្រាយបញ្ហាខ្វះទឹកនាពេលបច្ចុប្បន្ន កម្ពុជាបានទាក់ទងជាមួយខេត្តត្រាតរបស់ថៃ ជួយផ្គត់ផ្គង់ទឹកនៅក្នុងខេត្តកោះកុង។

* សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ថ្ងៃស្អែកប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៉ីន និងភរិយា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ហើយសម្តេចត្រូវមានការងារជាច្រើនត្រូវធ្វើក្នុងកំលុងបំពេញទស្សនកិច្ចនេះ។

* សម្តេចតេជោ ហ៊ុន សែន បានបង្ហើបថា សម្តេចកំពុងឲ្យក្រុមមេធាវីសិក្សាប្តឹងអ្នកប្រមាថសម្តេចនៅតាម Facebook។ សម្តេចតេជោ បានថ្លែងថា សារប្រមាថរបស់សម្តេចនោះមានមិនតិចជាង ៣០នោះទេ។ សម្តេចតេជោថា សម្តេចនឹងប្តឹងទារសំណងជំងឺចិត្តមិនតិចជាង ២លានដុល្លារនោះទេ។ សម្តេចតេជោថា បើទោះបីអ្នកប្រមាថនោះនៅក្រៅស្រុក តែទ្រព្យសម្បត្តិគេនៅក្នុងស្រុកទាំងអស់។ សម្តេចនឹងរឹបអូសយកទ្រព្យសម្បត្តិនោះទៅលក់យកលុយជួយកុមារកំព្រា។

* សម្តេចតេជោ បានថ្លែងថា បញ្ហាទឹកនៅខេត្តព្រះសីហនុមិនចោទជាបញ្ហាទេ ព្រោះមានប្រភពទឹកពីក្បាលឆាយ។ ប៉ុន្តែអ្វីដែលចោទជាបញ្ហានោះ គឺទុយោចាស់ៗ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ភាគីថៃ ដែលបានជួយផ្គត់ផ្គង់ទឹកមកកាន់ប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់កម្មករ កម្មការិនីថា ដរាបណានៅមានការងារធ្វើ ទទួលបានប្រាក់ឈ្នួលកុំខ្វាយខ្វល់នឹងការនិយាយបំផុសបំផុលផ្សេងៗ។ ការថ្លែងបែបនេះរបស់សម្តេចតេជោ គឺឆ្លើយតបទៅនឹងអតីតក្រុមសមាជិក និងថ្នាក់ដឹកនាំអតីតបក្សប្រឆាំង ដែលប្រឹងបំផុសបំផុលថា បញ្ហា EBA នឹងធ្វើឲ្យកម្មករ កម្មការិនីលែងមានការងារធ្វើ។

* សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏មិនភ្លេចផងដែរថា នូវការថ្លែងអំណរគុណដល់កម្មករ កម្មការិនី និងក្រុមគ្រួសាររបស់ពួកគេ ដែលបានចេញទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាកាលពីឆ្នាំ២០១៨កន្លងទៅនេះ។ សម្តេចតេជោ បានថ្លែងថា ការចេញទៅបោះឆ្នោតនេះ ជាការវាយបំបាក់អំនួតរបស់ក្រុមដេកផ្ទះឈ្នះឯង និងជាការសម្រេចគាំទ្រនូវសុខសន្តិភាពនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើគ្មានសន្តិភាពគ្មានការវិនិយោគ និងគ្មានការងារធ្វើនោះទេ។ ក្នុងន័យនេះសម្តេចតេជោ បានអំពាវនាវដល់កម្មករ កម្មការិនី និងគណបក្សនយោបាយផ្សេងៗទៀត រួមគ្នាថែរក្សានូវសុខសន្តិភាពមួយនេះ។

* សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវដល់រោងចក្រ សហគ្រាសទាំងអស់យកចិត្តទុកដាក់ក្នុងរក្សាសុខុមាលភាពរបស់កម្មករ កម្មការិនី។ សម្តេចតេជោ ហ៊ុន សែន បន្តអំពាវនាវកុំឲ្យមានបងតូចបងធំនៅតាមរោងចក្រ និងកុំឲ្យមានការជួញដូរ និងប្រើប្រាស់គ្រឿងញៀននៅតាមរោងចក្រ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងជំនួបជាមួយប្រតិភូវិនិយោគិនជប៉ុននៅថ្ងៃម្សិលមិញនេះ សម្តេចបានស្នើឲ្យជប៉ុន ពង្រីកសាខារោងចក្ររបស់ខ្លួនមកកាន់ប្រទេសកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលកំពុងប្រឹងប្រែងធ្វើឲ្យកម្មករ កម្មការិនីទទួលបានប្រាក់ឈ្នួលបានកាន់តែខ្ពស់ ហើយការចំណាយផ្សេងៗរបស់ពួកគេទាំងកន្លែងស្នាក់នៅ ថ្លៃអគ្គិសនី ថ្លៃអាហារ និងថ្លៃប្រើប្រាស់ផ្សេងៗទៀតចុះទាប ដើម្បីលើកកម្ពស់ជីវភាពរបស់កម្មករ កម្មការិនី។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋធម្មនុញ្ញកម្ពុជាបានកំណត់ថា បើអត់មាននាយករដ្ឋមន្ត្រី គណៈរដ្ឋក៏ត្រូវរលាយ ពោលសូម្បីតែនាយករដ្ឋមន្ត្រីស្តីទីក៏មិនមានផងដែរ ព្រោះគ្មានអ្នកណាតែងតាំងនាយករដ្ឋមន្រ្តីស្តីទីទេ។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីកុំបន់ឲ្យសម្តេចស្លាប់ ដើម្បីបានតំណែងរបស់សម្តេច តែការបន់ឲ្យសម្តេចស្លាប់ ស្មើនឹងរលាយខ្លួនឯងដែរ ព្រោះត្រូវរលាយគណៈរដ្ឋមន្រ្តីទាំងមូល។

* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៩៖២៧នាទីព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ព័ត៌មាន Fresh News.៕