(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានសម្រេចចុះបិទអាជីវកម្មមជ្ឈមណ្ឌលកម្សាន្ដ និងកាស៊ីណូ របស់ជនជាតិចិនមួយកន្លែង យីហោ «ជីន ទីង» មានទីតាំងនៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលបង្កសំឡេងរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ការចុះបិទអាជីវកម្ម មជ្ឈមណ្ឌលកម្សាន្ដ «ជីន ទីង» នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ ក៏ស្ថិតក្រោមហេតុផលជាច្រើនផ្សេងទៀតផងដែរ រួមមាន៖ ពុំមានប្រព័ន្ធចំរោះទឹកកខ្វក់ (បង្ហូរចូលសមុទ្រ), ទីតាំងកាស៊ីណូសាងសង់នៅលើដីឆ្នេរសមុទ្រ, ទីតាំងម៉ាស៊ីនភ្លើងដាក់លើផែ ដែលបង្កឲ្យមានប្រេងហូរចូលសមុទ្រ ជាហេតុធ្វើឲ្យប៉ះពាល់បរិស្ថានយ៉ាងខ្លាំង។

លើសពីនេះ ទីតាំងខាងលើអាជ្ញាប័ណ្ឌប្រកបអាជីវកម្មល្បែងភ្នាល់អនឡាញហួសសុពលភាព, មានករណីអ្នកគ្រប់គ្រង់សន្ដិសុខ ប្រចាំការនៅកាស៊ីណូ បានបាញ់គម្រាម និងបង្កឲ្យមានរបួសស្នាម, មានការបំពងសំឡេងខ្លាំង (ធុងបាស់) រាល់យប់ស្ទើរតែទល់ភ្លឺពីទីតាំងកាស៊ីណូបណ្ដាលឲ្យរំខាន ដល់ការស្នាក់នៅរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសដែលមកកម្សាន្ដនៅក្បែនោះ។

សូមជម្រាបថា កន្លងមករដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរសង្កាត់កោះរ៉ុងសន្លឹម ធ្លាប់បានចុះធ្វើការណែនាំ និងធ្វើកំណត់ហេតុដើម្បីឲ្យម្ចាស់ទីតាំងកាស៊ីណូរុះរើសំណង់ចេញពីតំបន់ឆ្នេររួចមកហើយ តែម្ចាស់កាស៊ីណូនេះ ពុំព្រមអនុវត្តតាមឡើយ៕​