(ភ្នំពេញ)៖ លំហាត់នាគ​មាស​ឆ្នាំ២​០១៩​ រវាងកងទ័ពកម្ពុជា និង​កងទ័ពរំដោះប្រជាជន​ចិន​ បានចាប់ផ្តើមបើកជា​ផ្លូវ​ការ​ហើយ នៅព្រឹក​ថ្ងៃទី១៣​ ខែមីនា ឆ្នាំ២០១៩នេះ នៅទី​លានបាញ់​គ្រាប់ពិត​សាលា​ហ្វឹក​ហ្វឺន​តេជោ​សែន​ជុំគីរី​របស់​កងពល​តូច​លេខ​៧០​ ស្ថិត​នៅ​ភូមិ​ត្រពាំង​វែង ​ឃុំត្រពាំងរាំ​ង​ ស្រុកជុំគីរី​ ខេត្តកំពត​។

ពិធីបើក លំហាត់នាគមាស ឆ្នាំ២០១៩ បានធ្វើឡើងក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និង ឧត្តមសេនីយ៍ទោ ហ្វេង ស៊ាង (Feng Xiang) នាយរងសេនាធិការ កងទ័ពជើងគោគ នៃតំបន់យោធភូមិភាគខាងត្បូង របស់កងទ័ពរំដោះប្រជាជនចិន ដោយមានការចូលរួមពីភ្ញៀវជាតិ អន្តរជាតិ អនុព័ន្ធយោធា អាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ។

តាមរបាយការណ៍បានបង្ហាញថា លំហាត់​ហ្វឹក​ហ្វឺននេះ​ មានក​ងទ័ពរំដោះ​ប្រជាជន​ចិន​ចូលរួម​ចំនួន២៥២នាក់ និង​មានកងទ័ពកម្ពុជា​ចំនួន២.៥៤២​នាក់ ​ក្នុង​នោះមាន៖​ កម្លាំង​ធ្វើលំហាត់​ចំនួន​៣៨២នាក់​, កម្លាំ​ងបម្រើការ​ក្នុង​លំហាត់​ចំនួន​៤៤៨នាក់,​ កម្លាំង​ចូល​រួមក្នុ​ងពិ​ធីបើក​-បិទ ​ចំនួន​១.៦៨៥​នាក់​។ លំហាត់នេះមានរយៈពេលជិត១ខែ ដោយនឹងបិទបញ្ចប់នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៩។

នាយ​ឧត្តម​សេនីយ៍ ឈុំ សុជាត អ្នក​នាំពាក្យក្រ​សួងការពារ​ជាតិ​កម្ពុជា ​បាន​ឲ្យដឹងថា លំហាត់ហ្វឹ​កហ្វឺ​ននាគមាស​ ឆ្នាំ២​០១៩ ​ធ្វើ​ឡើងដើម្បី​ពង្រឹង​កិច្ចសហ​ប្រតិបត្តិកា​រល្អ​រវា​ងក​ងយោធពល​ខេមរ​ភូមិន្ទ​ ជា​មួយកង​ទ័ពរំដោះប្រជាជន​ចិន​ ដើម្បីផ្លា​ស់​ប្តូរបទពិសោធន៍​លើកិច្ចការ​មនុស្សធម៌ ​ការ​ជួយ​សង្គ្រោះ​គ្រោះម​ហន្តរាយ ​ការ​ប្រឆាំង​ភេវរកម្ម​ ការ​រក្សាសន្តិភាពផងដែរ​។

សូមបញ្ជាក់ថា កម្ពុជា-ចិន បានធ្វើលំហាត់នាគមាសចំនួន២លើករួចមកហើយ នៅក្នុងទឹកដីខេត្តកំពតនេះ ដោយលើកទី១ នៅឆ្នាំ២០១៦ និងលើកទី២ នៅឆ្នាំ២០១៨។ លំហាត់នាគមាស ឆ្នាំ២០១៩ ត្រូវបានគេមើលឃើញថា មានលក្ខណៈទ្រង់ទ្រាយធំ ដោយមានកម្លាំងទ័ព និងសព្វាវុធចូលរួមច្រើនជាងមុន។

អាវុធយុទ្ធភ័ណ្ឌសំខាន់ៗ ដែលប្រើប្រាស់នៅក្នុងលំហាត់នាគមាសឆ្នាំនេះ រួមមានដូចជា៖ រថពាសដែក​, រថក្រោះ, កាំភ្លើងធំ, កាំភ្លើងត្បាល់, ឧទ្ធម្ភាចក្រ, អាវុធគាំទ្រពីលើអាកាស ជាដើម៕