(មូស្គូ)៖ ប្រតិភូក្រសួងទេសចរណ៍ដឹកនាំដោយលោក គុជ បញ្ញាសា អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោករដ្ឋមន្ត្រី ថោង ខុន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានដឹកនាំមន្ត្រីរាជការ និងក្រុមហ៊ុនឯកជនចំនួន ៣ក្រុមហ៊ុន ចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ «26th Moscow International Travel & Tourism Exhibition (MITT 2019)» នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២-១៤ ខែមីនា។

ព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ក៏មានការចូលរួមពី៥៤ប្រទេស និង៥២តំបន់ នៃសហព័ន្ធរុស្ស៊ី ដូចជា៖ មជ្ឈុមបូព៌ា អាស៊ី អាមេរិក អាហ្វ្រិក អឺរ៉ុប មេឌីទែរ៉ាណេ បណ្តាប្រទេសនៃអតីតសហភាពសូវៀត (CIS) និងក្រុមហ៊ុនទេសចរណ៍រុស្ស៊ី ព្រមទាំងផ្នែកឯកជនពាក់ព័ន្ធវិស័យទេសចរណ៍រហូតដល់ទៅ ១៨០០ក្រុមហ៊ុន និងមានអ្នកទិញដ៏មានសក្តានុពល ព្រមទាំងមានអ្នកជំនាញមកពីស្ថាប័នទេសចរណ៍ជាតិនានា ធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពនៃវិស័យទេសចរណ៍ជុំវិញពិភពលោក និន្នាការនៃការធ្វើដំណើរថ្មី ការបង្កើនប្រសិទ្ធភាពនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ និងយុទ្ធសាស្ត្រផ្សព្វផ្សាយទាក់ទាញទេសចររុស្ស៊ី។

ក្នុងឱកាសនេះដែរ លោក គុជ បញ្ញាសា ត្រូវបានអញ្ជើញកិត្តិយសក្នុងការផ្តល់បទសម្ភាសន៍ជាមួយបណ្តាញផ្សព្វផ្សាយនានារបស់សហព័ន្ធរុស្ស៊ី ស្តីពីការអភិវឌ្ឍទេសចរណ៍ប្រកបដោយនិរន្តរភាពរបស់កម្ពុជា។

MITT 2019 គឺជាព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍លំដាប់ទី៥នៃពិភពលោក ដែលជាឱកាសសម្រាប់កម្ពុជាក្នុងការជំរុញយុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ផ្តល់ភាពកក់ក្តៅ» និងផ្សព្វផ្សាយវេទិកាទេសចរណ៍អាស៊ាន (ATF 2021) ដែលកម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ព្រមទាំងទាក់ទាញប្រតិបត្តិករទេសចរណ៍ វិនិយោគគិន និងភ្ញៀវទេសចរពីទីផ្សារអឺរ៉ុប ជាពិសេសទេសចររុស្ស៊ី មកទស្សនា និងវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើងថែមទៀត។

គួរកត់សម្គាល់ថា ឆ្នាំ២០១៨កន្លងទៅ កម្ពុជាទទួលបានភ្ញៀវទេសចរពីអ៊ឺរ៉ុបប្រមាណ ៨២០,០០០នាក់ ស្មើនឹង ១៣% នៃចំនួនទេសចរសរុបដែលមកទស្សនាកម្ពុជា។ តាមរយៈព្រឹត្តិការណ៍ MITT 2019 ដែលជាទីផ្សារទេសចរណ៍អាទិភាពទើបងើបឡើងថ្មី កម្ពុជាសង្ឃឹមថានឹងទទួលបានទេសចរមកពីទីផ្សារអឺរ៉ុបកាន់តែច្រើនថែមទៀត៕