(ភ្នំពេញ)៖ រយៈពេល២ខែដំបូង គឺខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ១,៤៣៤.៩១ប៊ីលានរៀល ស្មើនឹងប្រមាណ ៣៥៨.៧៣ លានដុល្លារអាមេរិក។ នេះបើតាមប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំបូកសរុបលទ្ធផលប្រមូលចំណូលពន្ធប្រចាំខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្តសម្រាប់ឆ្នាំ២០១៩ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

កិច្ចប្រជុំខាងលើនេះ រៀបចំធ្វើឡើង ក្រោមអធិបតីភាពរបស់លោក គង់ វិបុល ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ដោយមានការចូលរួមរបស់ លោកអគ្គនាយករង លោកប្រធាន-អនុប្រធាន នាយកដ្ឋាន សាខាពន្ធដារខេត្ត-ខណ្ឌ និងមន្ត្រីរាជការពន្ធដារពាក់ព័ន្ធទាំងអស់ ក្រោមចំណុះរបស់អគ្គនាយកដ្ឋានពន្ធដារ។

ក្នុងកិច្ចប្រជុំនោះ លោកប្រធានអង្គប្រជុំ បានបង្ហាញថា ក្នុងខែមករា និងខែកុម្ភៈ ឆ្នាំ២០១៩ នេះ ចំណូលពន្ធ-អាករ ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបាន (តាមប្រព័ន្ធគ្រប់គ្រងទិន្នន័យចំណូលអនឡាញ) មានចំនួន ១ ៤៣៤.៩១ ប៊ីលានរៀល (ប្រមាណ ៣៥៨.៧៣ លានដុល្លារអាមេរិក) ស្មើនឹង ១៥.៦៨% នៃផែនការប្រចាំឆ្នាំ។ ប្រសិនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៨ ឃើញថា ចំណូលពន្ធ-អាករសម្រាប់រយៈពេល០២ខែ ឆ្នាំ២០១៨ កើនឡើងចំនួន ១៧៤.៥៨ ប៊ីលានរៀល (ប្រមាណជា ៤៣.៦៤ លានដុល្លារអាមេរិក) ស្មើនឹង១៤%។

ទន្ទឹមនឹងនេះ លោកអគ្គនាយកបានណែនាំបន្ថែមដល់គ្រប់អង្គភាព ឲ្យបន្តខិតខំពង្រឹងការអនុវត្តច្បាប់ វិន័យការងារ និងត្រូវមានភាពទន់ភ្លន់តែម៉ឺងម៉ាត់ ដោយផ្អែកលើទិដ្ឋភាពច្បាប់ ក្នុងការផ្ដល់សេវាជូនអ្នកជាប់ពន្ធ និងការគ្រប់គ្រងប្រមូលចំណូល។

សម្រាប់ឆ្នាំ២០១៩នេះ ដើម្បីធានាបាននូវប្រសិទ្ធភាព ក្នុងការគ្រប់គ្រងប្រមូលចំណូលពន្ធ និងឈានទៅសម្រេចឲ្យបានលើសផែនការ ឲ្យបានជាអតិបរិមានោះ អគ្គនាយកដ្ឋានពន្ធដារ នឹងបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ថែមទៀត នូវគោលនយោបាយកែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ព្រមទាំងដាក់ចេញនូវវិធានការមួយចំនួន ដូចខាងក្រោម៖

* បន្តពង្រឹងការអនុវត្ត និងផ្សព្វផ្សាយដល់អ្នកជាប់ពន្ធអំពីការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែមរបស់អគ្គនាយកដ្ឋានពន្ធដារ ក្នុងគោលដៅគ្រប់គ្រងការបង្វិលសង និងការប្រើប្រាស់ឥណទានអាករ លើតម្លៃបន្ថែម Online-VAT Refund and Online-VAT Credit ឱ្យកាន់តែឆាប់រហ័សនិងមានប្រសិទ្ធភាពខ្ពស់។

* បន្តអនុវត្តនិងធ្វើការផ្សព្វផ្សាយបន្តឱ្យបានទូលំទូលាយ នូវអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងសេចក្ដីណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ស្ដីពីការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យអាទិភាព។

* ស្នើនាយកដ្ឋានពាក់ព័ន្ធ និងសាខាពន្ធដារខេត្ត-ខណ្ឌ ជាអង្គភាពគ្រប់គ្រងផ្សព្វផ្សាយ ជំរុញ និងពង្រឹងការដាក់លិខិតប្រកាស និងបង់ពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ២០១៨។

* ស្នើនាយកដ្ឋានរដ្ឋបាលនិងកិច្ចការទូទៅ នាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធតូចនិងមធ្យម និងនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន សហការពិនិត្យសិក្សាដើម្បីរៀបចំនីតិវិធីចុះបញ្ជីពន្ធដារ ដោយមានមន្ត្រីនៃអគ្គនាយកដ្ឋានពន្ធដារដើម្បីចុះផ្ដល់សេវាផ្ទាល់នៅតាមសាខាពន្ធដារខេត្ត សំដៅពន្លឿននិងជំរុញប្រសិទ្ធភាពនៃការផ្ដល់សេវាចុះបញ្ជីពន្ធដារជូនអ្នកជាប់ពន្ធ។

* ជំរុញនិងពន្លឿនការរៀបចំសេចក្ដីព្រាងបទដ្ឋានគតិយុត្តនានាដើម្បីឆ្លើយតបនឹងសំណើសុំ និងដោះស្រាយបញ្ហាប្រឈមនានាពាក់ព័ន្ធនឹងពន្ធដាររបស់ផ្នែកឯកជន សំដៅជួយសម្រួលដល់ការបំពេញកាតព្វកិច្ចសារពើពន្ធរបស់អ្នកជាប់ពន្ធ៕