(ភ្នំពេញ)៖ វាគ្មិន និងជានាយិកាសាលាមតេ្តយ្យ Yoshino Enomai ប្រទេសជប៉ុន លោកស្រី Yoko Ueyama បានឲ្យដឹងថា ដើម្បីអប់រំកុមារឱ្យក្លាយជាពលរដ្ឋសកល គឺត្រូវកុមារតាំងពីក្មេង។ការអប់រំនោះទៀតសោត គឺត្រូវធ្វើឡើងនៅតាមសាលាមតេ្តយ្យ និងគ្រួសារជាដើម, ដូចនេះ ប្រសិនបើយើងរួមគ្នាខិតខំប្រឹងប្រែងអប់រំកូនៗកុមារតូចៗ តាំងពីដំបូង នោះយើងនឹងទទួលបានកុមារ ដែលពោរពេញដោយការអប់រំល្អ ក៏ដូចជាក្លាយទៅជាពលរដ្ឋល្អផងដែរ។

ការថ្លែងដូច្នេះ របស់អ្នកជំនាញរូបនេះ ក្នុងឱកាសវិទ្យុផ្កាឈូកសហការជាមួយដៃគូរពាក់ព័ន្ធ អញ្ជើញវាគ្មិនជំនាញទាំងផ្នែកពុទ្ធិចក្រ និងអាណាចក្រ រៀបចំកម្មវិធីសិក្ខាសាលាស្ដីពី គុណភាពជីវិតកុមារ ក្រោមប្រធានបទ «អប់រំកុមារឱ្យក្លាយជាពលរដ្ឋសកល» កាលពីចុងសប្ដាហ៍នេះ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជាជប៉ុន (CJCC)។

លោកស្រី Yoko UeYama «ក្មេងៗទាំងអស់នៅកម្ពុជា ជាទ្រព្យសម្បត្តិមហាសាលរបស់កម្ពុជា ចំណែកឯកុមារៗនៅប្រទេសជប៉ុន ក៏ជាទ្រព្យសម្បត្តិមហាសាលរបស់ប្រទេសជប៉ុនផងដែរ ។ដូច្នេះយើងទាំងអស់គ្នា ចាំបាច់ត្រូវតែធ្វើការអប់រំដល់កុមារ នៅក្នុងប្រទេសនីមួយៗ ដើម្បីទទួលបាននូវអនាគតនៃប្រទេសជាតិរបស់យើងផងដែរ»។

ប្រធានមូលនិធិអៀង លោកអៀង សុធារ៉ា ដែលជាស្ថានិកនៃសិក្ខាសាលាសាធារណៈនេះ បានឱ្យដឹងថា ការរៀបចំសិក្ខាសាលាសុខភាពផ្លូវកាយ និងផ្លូវចិត្តទាំងនេះ ពិសេសគឺសិក្ខាសាលាស្តីពីគុណភាពជីវិតកុមារ ប្រធានបទ របៀបអប់រំកុមារឱ្យក្លាយជាពលរដ្ឋសកល នេះគឺដើម្បីចូលរួមចំណែកក្នុងការលើកស្ទួយវិស័យអប់រំនៅប្រទេសកម្ពុជា។

សូមបញ្ជាក់ផងដែរថា កន្លងទៅនេះ វិទ្យុផ្កាឈូក សហការជាមួយដៃគូពាក់ព័ន្ធ រួមមាន មូលនិធិអៀង គណកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ សមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជាជប៉ុន(CJBI) និងដៃគូពាក់ព័ន្ធ បានរៀបចំសិក្ខាសាលានិងវេទិកាជជែកពិភាក្សាជារៀងរាល់ខែ។ រហូតមកដល់សិក្ខាសាលា «របៀបអប់រំកុមារឱ្យក្លាយជាពលរដ្ឋសកល» នាថ្ងៃពេលនេះ គឺជាលើកទី២៥ ហើយ។ ដោយឡែក នេះជាលើកទីមួយ មានវាគ្មិនអន្តរជាតិ ជំនាញកុមារ ជនជាតិជប៉ុន ចូលរួមមកធ្វើបទបង្ហាញ៕