(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត នៅរសៀល​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារស្ដីពីការរៀបចំអនុវត្ត និងការកាត់ទម្លាក់បណ្ដាញខ្សែកាប្លិ៍អាកាស​តាមដងផ្លូវ ក្នុងក្រុងកំពត ដើម្បីកែលម្អ​រៀបចំឲ្យក្រុងមានសោភ័ណ្ឌភាពល្អ សម្រាប់អបអរសាទរ និងស្វាគមន៍ នៅថ្ងៃបុណ្យប្រពៃណី ចូលឆ្នាំខ្មែរ​ពេលខាងមុខនេះ និងបុណ្យសមុទ្រជុំទី៣ នៅចុងឆ្នាំ២០១៩នេះ។

ក្នុងកិច្ចប្រជុំនេះ លោក​ ជាវ តាយ បានលើកឡើងថា ​ក្រុងកំពតក៏ជាក្រុងមួយ ធ្លាប់ទទួលបានផ្ការំដួលបីទងរួចមកហើយដែរ ហើយដើម្បីរក្សានូវកិត្តិនាមនេះ បានគង់វង្សលុះត្រាតែ រដ្ឋបាលខេត្តក៏ដូចក្រុងកំពត មន្ទីរ អង្គភាព និងអាជ្ញាធរស្រុកពាក់ព័ន្ធ ត្រូវមានការចូលរួមសហការគ្នារក្សាកិត្តិនាមនេះទាំងអស់គ្នា។ ពិសេសក្នុងការរៀបចំកែលម្អ សម្រួល សោភ័ណភាពខ្សែកាប្លិ៍ទូរគមនាគមន៍ដែលសព្វថ្ងៃនេះ ​ឃើញមានភាពរញេរញ៉ែ ដែលគ្មានសណ្ដាប់ធ្នាប់ នៅតាមដងផ្លូវសំខាន់ៗ ក្នុងក្រុងកំពត។

ដើម្បីឲ្យទទួលបានលទ្ធផល និងមានប្រសិទ្ធភាព នៃការអនុវត្តលើការងាររៀបចំអនុវត្តលើប្រព័ន្ធខ្សែកាបិ៍នេះ ចាប់ពីពេលនេះតទៅ ត្រូវតែយកអស់ស្មារតី ទទួលខុសត្រូវខ្ពស់ ចូលរួមសហការទាំងអស់គ្នា។ ទន្ទឹមនោះ មន្ទីរ​ប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលមានតួនាទីក្នុងការអនុវត្តផ្ទាល់ ត្រូវតែយកចិត្តទុក​ដាក់ ទទួលខុសត្រូវ លើការងាររៀបចំបណ្ដាញខ្សែ ទូរគមនាគមន៍ តាមដងផ្លូវ ដែលមានភាពរញេរញ៉ៃនេះ ព្រោះបើ​មិនរៀបចំជម្រះនូវភាពអនាធិបតេយ្យ​ចោលទេ គឺ​មិនអាច​រៀបចំភាពល្អស្អាតថ្មីបានឡើយ។

លោកអភិបាលខេត្ត បានណែនាំថា មន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ត ក៏ដូចមន្ទីរ អង្គភាព អាជ្ញាធរពាក់ព័ន្ធ លើការងាររៀបចំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុង​ត្រូវតែមានការគិតគូរពីការតខ្សែបណ្ដាញ ក៏ដូចការកប់លូត្រូវតែមានការតាមដានត្រួតពិនិត្យឲ្យមានលក្ខណៈស្ដង់ដារ តាមបទដ្ឋានបច្ចេកទេស ត្រឹមត្រូវច្បាស់លាស់ ជៀសវាងបណ្ដែតបណ្ដោយឲ្យក្រុមហ៊ុនខ្សែកាប្លិ៍ ក្រុមហ៊ុនដាក់លូ ឬអ្នកដឹកដី តាមដងផ្លូវក្នុងក្រុងតាមបែបអនាធិបតេយ្យបានឡើយ។

លោក ជាវ តាយ ក៏បានជំរុញណែនាំដល់​ក្រុមការងារ ត្រូវខិតខំបង្កើនស្មារតីទទួលខុសត្រូវ និងមានការចូលរួមទាំងអស់គ្នាដើម្បីឲ្យលទ្ធផលការងារនេះ ទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព ដោយផ្ដោតលើសកម្មភាព ផ្សព្វផ្សាយដល់ក្រុមហ៊ុនឲ្យមានការចូលរួម និងបង្កើនសកម្មភាពចុះអនុវត្តជាក់ស្ដែង សំដៅធ្វើយ៉ាងណារួមគ្នាធ្វើឲ្យសោភ័ណភាពក្រុងកំពត បានកាន់តែល្អប្រសើរឡើង។

សូមបញ្ជាក់ថា​ ​យោងតាមគម្រោងគោលការណ៍ក្នុងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តកំពត ក្នុងការកែលម្អ​សម្រួលសោភ័ណភាពខ្សែកាប្លិ៍ទូរគមនាគមន៍ ដែលគ្មានសណ្ដាប់ធ្នាប់ក្នុងក្រុងកំពត ​រដ្ឋបាលខេត្តកំពតនឹងបានចាប់ផ្ដើមរៀបចំអនុវត្តការងារ កាត់ទម្លាក់ប្រព័ន្ធ បណ្ដាញខ្សែកាប្លិ៍អាកាស នៅតាមដងផ្លូវសំខាន់ៗ ចំនួនទាំង១៣ខ្សែនៅក្នុងក្រុងកំពត និងនៅតាមបណ្ដាផ្លូវផ្សេងៗទៀតជាបន្តបន្ទាប់ ដែលការងារនេះត្រូវបានអនុវត្ត ចាប់តាំងពីខែមីនានេះទៅ៕​