(ភ្នំពេញ)៖ ថ្លែងនៅមុខរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងក្រុមគ្រួពេទ្យរាប់រយនាក់ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ អំពាវនាវឱ្យមានការពង្រាយបន្ថែមទៀត នូវក្រុមគ្រូពេទ្យទៅតាមជនបទ ជានៅតាមបន្ទាត់ព្រំដែនទាំង៣បី ដើម្បីបម្រើសេវាសុខាភិបាលជូនប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។

ការមានប្រសាសន៍បែបនេះរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីបិទ សន្និបាតបូកសរុបការងារឆ្នាំចាស់ឆ្នាំ២០១៨ និងលើកទិសដៅការងារឆ្នាំថ្មីឆ្នាំ២០១៩ របស់ក្រសួងសុខាភិបាល។ នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ខ្ញុំសូមបន្តអំពាវនាវឱ្យមានការពង្រាយបន្ថែមទៀត​ នូវគ្រូពេទ្យរបស់យើង ប្រហែលជាមន្ត្រីសុខាភិបាលរបស់យើងបានដឹងហើយថា ប្រមាណជាង២០ឆ្នាំមុននេះបន្តិច ខ្ទង់ឆ្នាំ១៩៩៦, ១៩៩៧ ពេលនោះខ្ញុំបានយកតួលេខអង្កេត ដោយផ្ទាល់របស់ក្រុមការងាររបស់ខ្ញុំមួយបានបង្ហាញអត្រាថាគ្រូពេទ្យ៧០ភាគរយ បម្រើប្រជាជននៅទីក្រុង ទីប្រជុំជនជិត៣០ភាគរយ [...] ឯគ្រូពេទ្យ៣០ភាគរយ បម្រើប្រជាជននៅតាមទីជនបទ ៧០ភាគរយទៅវិញ ចំណុចនេះហើយយើងរកវិធី ដើម្បីពង្រាយគ្រូពេទ្យរបស់យើង កុំឱ្យប្រមូលផ្តុំតែនៅកន្លែងដែលងាយស្រួល ប៉ុន្តែកន្លែងដែលមានការលំបាក ក៏ត្រូវបានមានការយកចិត្តទុកដាក់ ដើម្បីពង្រាយគ្រូពេទ្យរបស់យើង ទៅតាមតំបន់នានាដែលប្រជាជនទៅកាន់តំបន់នោះ»

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍បន្តថា នៅពេលដែលយើងចុះវាសវែងដី ដើម្បីចែកជូនប្រជាជននៅឆ្នាំ២០១២ ដោយបានមើលឃើញពីបញ្ហាប្រឈមនៅពេលដែលប្រជាពលរដ្ឋទៅតាំងទីលំនៅថ្មី នៅក្នុងដីធ្លីដែលរាជរដ្ឋាភិបាលផ្តល់ជូនគាត់។ នៅក្នុងចំណោមបញ្ហាទាំង៤ ត្រូវដោះស្រាយក្នុងនោះ គឺទី១ពាក់ព័ន្ធនឹងបញ្ហាសុខាភិបាល បញ្ហាផ្លូវថ្នល់តភ្ជាប់ទៅភូមិករថ្មី របស់ប្រជាពលរដ្ឋ ការដោះស្រាយបញ្ហាទឹក ដោះស្រាយបញ្ហានៅក្នុងវិស័យអប់រំ និងវិស័យសុខាភិបាលនេះតែម្តង ប៉ុន្តែយើងមិនអាចពង្រាយនៅតាមភូមិនីមួយៗ ទាំងអស់នោះទេ ក៏ប៉ុន្តែត្រូវពិនិត្យឡើងវិញនូវភូមិសាស្ត្រសុខាភិបាល ដែលវាមិនខុសគ្នានឹងភូមិសាស្ត្រវិស័យអប់រំនោះទេ។

ត្រង់ចំណុចនេះសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមយ៉ាងដូច្នេះ៖ «ក្នុងចំណុចនេះ ក៏យើងមិនភ្លេចជាមួយប្រជាពលរដ្ឋរបស់យើង ដែលនៅតាមព្រំដែនជាមួយនឹងប្រទេសជិតខាង ករណីខ្លះវាជាករណីមិនអាចជៀសរួចនៅពេលដែល ប្រជាពលរដ្ឋយើងបកថយក្រោយ ដើម្បីនឹងមករកគ្រូពេទ្យរបស់យើងនៅខាងក្រោយនេះ គឺជួបការលំបាកខ្លាំងណាស់ដោយសារតែត្រូវធ្វើដំណើរឆ្ងាយបើប្រៀបធៀបជាមួយគាត់រស់នៅ ជាប់ខ្សែព្រំដែនប្រទេសជិតខាងផង បើគាត់ឆ្លងទៅម្ខាងទៀតគាត់នឹងទទួលបានសេវាព្យាបាលយ៉ាងឆាប់ ដូច្នេះហើយបានជាក្នុងការជួបចរចា ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ថៃ និងឡាវ ខ្ញុំមិនដែលភ្លេចពីការលើកឡើងពីការទ្រទ្រង់គ្នាទៅវិញទៅមកនោះទេ»

សម្តេចតេជោ ហ៊ុន​ សែន បានមានប្រសាសន៍បន្តអំពាវនាវកុំឱ្យគ្រូពេទ្យនៅកក់កុញមួយកន្លែង ដែលបម្រើប្រជាពលរដ្ឋមានចំនួនតិច នៅពេលដែលទីកន្លែងដទៃទៀត ដែលត្រូវពង្រាយទៅខ្វះចំនួនគ្រូពេទ្យ ដូច្នេះ គោលនយោបាយលើកទឹកចិត្តចំពោះគ្រូពេទ្យ ដែលត្រូវបានទទួលការពង្រាយទៅតាមទីជនបទត្រូវគិតគូរ និងយកចិត្តទុកដាក់ពិនិត្យអំពីបញ្ហាការផ្តល់លទ្ធភាព ដូចជាគ្រូបង្រៀនជាដើម ហើយការរើសគ្រូពេទ្យទៀតសោត ត្រូវពិនិត្យឱ្យបានល្អិតល្អន់ កុំធ្វើដូចទសវត្សឆ្នាំ៨០ ដែលដាក់ឈ្មោះថានៅខេត្តតាមពិត រស់នៅរាជធានីភ្នំពេញ ហើយពេលរៀនចប់មិនចុះទៅបម្រើការងារនៅតាមខេត្ត។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា មានអ្នកចង់ចូលធ្វើគ្រូពេទ្យច្រើនណាស់ ប្រសិនបើជ្រើសរើសកុំសំដៅតែមន្ទីរពេទ្យ នៅក្នុងរាជធានីភ្នំពេញ លើកលែងតែឯកទេសសំខាន់ដេលយើងខ្វះ ប៉ុន្តែបើយើងរើសគ្រូពេទ្យ ដើម្បីបំពេញឱ្យខេត្តណាមួយត្រូវតែ ឱ្យអទិភាពទៅលើមុខវិជ្ជាអទិភាព ហើយរស់នៅក្នុងខេត្តដែលត្រូវជ្រើសរើស និងស្ម័គ្រចិត្តទៅបម្រើការងារនៅក្នុងខេត្តនោះចាំទទួល ធ្វើយ៉ាងដូច្នេះយើងនឹងអាចបំពេញតម្រូវការពេទ្យដែលខ្វះកាត់បាន ក៏ប៉ុនតែប្រសិនបើមានតែឧបករណ៍ទំនើប ប៉ុន្តែមិនមានគ្រូពេទ្យជំនាញ ក៏តម្រូវការព្យាបាលជម្ងឺជូនពលរដ្ឋនៅតែចោទជាបញ្ហាដដែល ដូច្នេះ បញ្ហាធនធានមនុស្សនៅតែជាកត្តាសំខាន់ណាស់ នៅក្នុងវិស័យសុខាភិបាល និងវេជ្ជសាស្ត្ររបស់កម្ពុជា៕