(ភ្នំពេញ)៖ សមាគមអតីតយុទ្ធជនកម្ពុជា-វៀតណាម បានសម្រេចចុះហត្ថលេខារួមគ្នាបន្តនូវកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមកលើបញ្ហាផ្សេងៗរបស់អតីតយុទ្ធជនរយៈពេល ៥ឆ្នាំទៀតចាប់ពីឆ្នាំ២០១៩ ដល់២០២៣។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងរវាងលោកទេសរដ្ឋមន្ត្រី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ជាមួយលោក វៀន​ វ៉ាន់​ឌឿក​ ប្រធានសមាគម​អតីត​យុទ្ធជន​វៀតណាម​ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

សូមបញ្ជាក់ថា នៅមុនពេលឈានដល់ការចុះហត្ថលេខាបន្តកិច្ចសហប្រតិបត្តិការជាមួយគ្នា លោកទេសរដ្ឋមន្ត្រី គន់ គីម និងលោក វៀន​ វ៉ាន់​ឌឿក​ បានជួបជជែកលើការងារអតីតយុទ្ធជននៃប្រទេសទាំងពីរផងដែរ។

ទេសរដ្ឋមន្រ្តី​ គន់​ គីម​ បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណេីរទស្សនកិច្ចការងាររបស់ប្រតិភូសមាគមអតីតយុទ្ធជនវៀតណាមនៅលេីទឹកដីកម្ពុជា​ និងជូនពរឲ្យប្រតិភូ​សម្រេច​បានជោគជយក្នុងដំណេីរទស្សនកិច្ចលេីកនេះ។

ដោយឡែកលោក​ ង្វៀង​ វ៉ាន់ឌឹក​ បានថ្លែងអំណរគុណយ៉ាងជ្រៅចំពោះសមាគម​អតីត​យុទ្ធជន​កម្ពុជា​ ដែលបានទទួលរាក់ទាក់នឹងបង្កលក្ខណ:ល្អដល់ប្រតិភូក្នុងឱកាសបំពេញភារកិច្ចនៅកម្ពុជា។

សូមបញ្ជាក់ផងដែរថា ​តាមស្មារតីនៃកិច្ចសហប្រតិបត្តិការរវាង​សមាគមអតីត​យុទ្ធជនកម្ពុជា-វៀតណាម​ ដំណើរទស្សនកិច្ចរបស់ប្រតិភូ​អតីត​យុទ្ធជន​វៀតណាម​ មកកាន់កម្ពុជានាពេលនេះ សំដៅដកពិសោធ​ និងលេីកកម្ពស់កិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមករវាងសមាគមអតីត​យុទ្ធជន​ប្រទេសទាំងពីរ​៕