(ព្រះវិហារ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា សហភាពសហព័ន្ធយុវជនកម្ពុជា ជាអង្កការសមាគមមួយ ដែលបានធ្វើជាសាក្សី ក្នុងការវិវត្តន៍នៃប្រវត្តិសាស្ត្រប្រទេសកម្ពុជា។

ប្រសាសន៍របស់លោក ហ៊ុន ម៉ានី បែបនេះ ក្នុងឱកាសដែលលោករួមជាមួយលោក អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រះវិហារ លោក ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមសំណេះសំណាលជាមួយសមាជិក សមាជិកា សហភាពសហពន្ធ័យុវជនកម្ពុជាខេត្តព្រះវិហារ នៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

លោក ហ៊ុន ម៉ានី បានថ្លែងថា សហភាពសហព័ន្ធយុវជនកម្ពុជា បានកើតនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលរហូតមកដល់ថ្ងៃនេះ មានអាយុកាល៤០ឆ្នាំ។ ហើយសហភាពសហព័ន្ធយុវជនកម្ពុជា ជាផ្នែកមួយរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា របស់សម្តេចពោធិសាល ជា ស៊ីម, សម្តេចពញាចក្រី ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ជាតំណាងរណសិរ្ស។

លោកថា អ្នកទទួលបន្ទុកយុវជន គឺសម្តេចតេជោ ហ៊ុន សែន ផ្ទាល់ ដែលរណសិរ្ស បានចាត់តាំងឲ្យគាត់ទទួលបន្ទុកការងារយុវជន។ យើងនៅតែបន្តស្មារតី២ធ្នូ ហើយស្មារតី២ធ្នូជាអ្វី? ចំពោះខ្ញុំស្មារតី២ធ្នូ គឺសំដៅទៅលើបុគ្គលម្នាក់ មនុស្សម្នាក់ហ៊ានដាក់ផលប្រយោជន៍ខ្លួនឯងដោយឡែក មករួបរួមគ្នាជាកម្លាំងមួយដើម្បីសម្រេចជោគជយ័ដើម្បីសង្គមជាតិ។ លោកថា ថ្នាក់ដឹកនាំយើងជំនាន់មុនដាក់ជីវិត ផលប្រយោជន៍គ្រួសារដាក់ដោយឡែកទាំងអស់ ដើម្បីរំដោះប្រជាជនចេញពីរបបប្រលយ័ពូជសាសន៍ខ្មែរក្រហម។

លោក ហ៊ុន ម៉ានី បានបញ្ជាក់ទៀតថា ចាប់តាំងពីឆ្នាំ២០១២មក យើងមិនបាច់ដាក់ជីវិតខ្លួនឯងនោះទេ ប៉ុន្តែឲ្យយើងដាក់ពេលវេលាពីក្រុមគ្រួសារ ពីការរៀនសូត្រ ពីការងាររបស់ខ្លួន មកជួបជុំគ្នាពាក់អាវ ស.ស.យ.ក តែមួយ មិនថា ការងារមនុស្សធម៌ ការងារវប្បធម៌ប្រពៃណី មិនថា ការងារបិច្ចាគឈាម សុខាភិបាល...។ ចឹងបេសកកម្មស្ម័គ្រចិត្តរបស់យើងតាមរយៈការងារមួយៗ និងហើយគឺដើម្បីបន្តនូវស្មារតី២ធ្នូ។

ជាមួយគ្នានោះលោក ហ៊ុន ម៉ានី ក៏បានណែនាំឲ្យយុវជនយើងត្រូវធ្វើជាគំរូល្អដល់យុវជនជំនាន់ក្រោយ។ លោកថា ស.ស.យ.ក មិនមែនខ្ញុំទេ ស.ស.យ.ក ជាក្រុមគ្រួសារយើងទាំងអស់គ្នា ហើយភាពជាគំរូនេះក៏មិនមែនខ្ញុំដែរ បងប្អូនដែលពាក់អាវ ស.ស.យ.ក ទាំងអស់គ្នានេះហើយជាគំរូដល់ក្មេងជំនាន់ក្រោយនោះ៕