(ប៉ៃលិន)៖ ថ្ងៃទី១២ ខែមិនា ឆ្នាំ២០១៨ រដ្ឋបាលខេត្តប៉ៃលិន បានរៀបចំពិធីប្រកាសតែងតំាងប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈថ្មីខេត្តប៉ៃលិនថ្មី ស្ថិតក្រោមអធិបតីភាព លោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ព្រមទាំងមានការអញ្ជើញចូលរួមពីសំណា់ប្រតិភូអមដំណើរ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជំនាញជុំវិញខេត្តជាច្រើនរូបផងដែរ។

តាមប្រកាសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លេខ ២០ប្រ.ក ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ត្រូវបានប្រគល់ភារកិច្ច លោក ព្រហ្ម រដ្ឋា ឱ្យបំពេញមុខងារជាប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តប៉ៃលិនថ្មី ជំនួសលោក លឹម ប៊ុនហេង ដែលត្រូវចូលនិវត្តន៍។

លោក លោក ព្រហ្ម រដ្ឋា ដែលទើបទទួលការតែងតាំងថ្មី បានឡើងប្តេជ្ញាចិត្ត ដោយគោរពអនុវត្តន៍តាមគោលនយោបាយរបស់រាជរដ្ឋាភិបាលនៃកម្ពុជា ដោយរក្សា និងពង្រឹងកិច្ចសហប្រតិបត្តិការល្អ ជាមួយមន្ទីរ អង្គភាពជុំវិញខេត្ត និងដៃគូអភិរក្សវិស័យវប្បធម៌ ព្រមទាំងពង្រឹងកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុង។

លោក ផាន់ ចាន់ធុល បានសម្តែងនូវការអបអរសាទចំពោះលោក ព្រហ្ម រដ្ឋា ដែលត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងស្នាដៃនានា ដែលថ្នាក់ដឹកនាំ និងមន្ត្រីរាជការ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត សម្រេចបាននា ពេលកន្លងមក ជាពិសេសបានខិតខំបំពេញការងារស្នូលរបស់ខ្លួនបានល្អប្រសើ ក្នុងនាមជាសេនាធិការឱ្យរដ្ឋបាលខេត្ត ដូច្នេះសូមលោកប្រធានមន្ទីរថ្មី ត្រូវបន្តដឹកនាំអង្គភាពឱ្យមានការរីកចម្រើនបន្ថែមទៀត ជាពិសេសត្រូវរក្សាបាននូវកត្តាសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យបានល្អ។

លោកអភិបាលខេត្ត បានបញ្ជាក់ថា៖ រាល់ការតែងតាំងការប្រគល់ភារកិច្ច និងរៀបចំមុខតំណែងមន្រ្តីរាជការ គឺជាដំណើរការជាធម្មតាក្នុងការគ្រប់គ្រងដឹកនាំ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររដ្ឋបាល ដូចបានដាក់ចេញក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦នៃរដ្ឋសភា ជាពិសេសគឺកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល។

លោកប្រាក់ សុណ្ណារ៉ា រដ្ឋលេខាធិការ តំណាងលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានលើកឡើងថា៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែយកចិត្តទុកដាក់លើវិស័យវប្បធម៌ ដោយចាត់ទុកវប្បធម៌ ជាប្រលឹងជាតិ ជាកោសិកានៃសង្គម និងជាអត្តសញ្ញាណជាតិខ្មែរ ដែលជាទ្រព្យមហាសាលពុំអាចកាត់ថ្លៃបាន។

ជាមួយនេះ រាជរដ្ឋាភិបាល បានផ្តល់ជាអាទិភាពខ្ពស់ ចំពោះការងារវប្បធម៌ និងបេតិកភ័ណ្ឌ ដោយបានដាក់ចេញនូវផែនការច្បាស់លាស់ប្រកបដោយចីរភាព ដោយឈរលើគោលការណ៍ អភិរក្សដើម្បីការអភិវឌ្ឍ និងការអភិរក្សប្រកបដោយនិរន្តរភាព ហើយក្នុងរយៈពេលជាង ១៦ឆ្នាំ មកនេះ សម្បតិ្តបេតិកភ័ណ្ឌវប្បធម៌រូបិយនិងអរូបិយ បានចូលរួមចំណែកធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់ ព្រះរាជាណាចក្រកម្ពុជាល្បីរន្ទឺ ដោយសម្បត្តិវប្បធម៌ជាតិមួយចំនួន ត្រូវបានពិភពលោកទទួលស្គាល់ និងដាក់បញ្ជូលក្នុងបញ្ជីបេតិកភ័ណ្ឌពិភពលោក និងបញ្ជីបេតិកភ័ណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្កការ UNESCO។

ក្នុងឱកាសនោះដែរ លោកមរដ្ឋលេខាធិការ ក៏បានផ្តាំផ្ញើដល់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលទើបទទួលបានការតែងតាំងមុខតំណែងថ្មី ត្រូវខិតខំបំពេញភារកិច្ច ប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ មានសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ ពង្រឹងរបៀបរបបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវខិតខំស្រាវជ្រាវ ស្វែងយល់ចងក្រងឯកសារ និងទំនៀមទម្លាប់ វប្បធម៌រូបី និងអរូបី ដែលនៅសេសសល់ពីដូនតា ដើម្បីរួមគ្នាអភិរក្ស ទុកសម្រាប់ក្មេងៗជំនាន់ក្រោយ និងរក្សានូវតម្លៃវប្បធម៌ខ្មែរឱ្យមានភាពល្បីល្បាយលើសកលលោក៕