(ភ្នំពេញ)៖ អតីតប្រមុខការទូតកម្ពុជា ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានលើកឡើងថា ការអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការរបស់លោក ម៉ូជ ជេអ៉ិន ប្រធានាធិបតីសាធារណរដ្ឋកូរ៉េខាងត្បូង បានបញ្ហាឱ្យឃើញកាន់តែច្បាស់ពីកិច្ចសហការ និងទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលបានតភ្ជាប់ការទូតគ្នាឡើងវិញ នៅក្នុងឆ្នាំ១៩៩៧ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ នេះបើតាមកិច្ចសម្ភាសន៍រវាងឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជាមួយលោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

លោក លឹម ជាវុត្ថា បានលើកជាសំណួរថា «នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម មូន ជេអ៉ិន ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េខាងត្បូង ដែលនឹងទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី១៦ ខែមីនានេះ។ នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមប្រធានាធិបតីមកកាន់កម្ពុជានេះ គឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ឯកឧត្តមប្រធានាធិបតី តើក្នុងនាមឯកឧត្តមជាអតីតប្រមុខការទូតជើងចាស់មួយរូបរបស់កម្ពុជា តើឯកឧត្តមមានចំណាប់អារម្មណ៍ ឬនឹងដឹងថា តើកម្ពុជានឹងទទួលបានផលប្រយោជន៍អ្វីពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីកូរ៉េខាងត្បូង មកកាន់កម្ពុជានៅពេលនេះ»?

ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អតីតប្រមុខការទូតកម្ពុជាបានថ្លែងយ៉ាងដូច្នេះ៖ «ជាមួយទំនាក់ទំនងជាមួយកូរ៉េខាងត្បូង មានទំនាក់ទំនងនៅឆ្នាំ១៩៧០ កាត់ផ្តាច់វិញនៅឆ្នាំ១៩៧៥ ដោយពួកខ្មែរក្រហម ភ្ជាប់វិញនៅឆ្នាំ១៩៩៧ ដោយសម្តេចតេជោ ហ៊ុន សែន។ ដូចនេះបើយើងនិយាយពីទំនាក់ទំនងរវាងកម្ពុជា និងកូរ៉េខាងត្បូងនេះ គឺមានភាពសកម្ម និងមានផលប្រយោជន៍ចំពោះកម្ពុជាច្រើនណាស់ កូរ៉េខាងជើង យើងមានទំនាក់ទំនងតែផ្នែកនយោបាយ ហើយកូរ៉េខាងត្បូង គឺមានទំនាក់ទំនងការរីកចម្រើនមានផលប្រយោជន៍ ទៅវិញទៅមកលើគ្រប់វិស័យ»

ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានរំលឹកឡើងថា «ទំនាក់ទំនងកម្ពុជា ជាមួយសាធារណរដ្ឋកូរ៉េខាងត្បូង ដូចជាកំសត់បន្តិចខ្លាំងណាស់ ពីព្រោះក្រោយរដ្ឋប្រហាររបស់សេនា ប្រមុខ លន់ ណុល ខែមីនា ឆ្នាំ១៩៧០ គឺ លន់ ណុល បានទទួលស្គាល់សាធារណរដ្ឋកូរ៉េខាងត្បូង ហើយដាក់ទំនាក់ទំនងការទូត ឆ្នាំ១៩៩៧០ នៅខែឧសភា ក្រោយរដ្ឋប្រហារ ខែមីនា ប៉ុន្តែឆ្នាំ១៩៧៥ ពេលខ្មែរក្រហមឈ្នះរបប លន់ ណុល នៅខែមេសា ឆ្នាំ១៩៧៥ ខ្មែរក្រហមក៏កាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយសាធារណរដ្ឋកូរ៉េខាងត្បូង ដោយសារទំនាក់ទំនងខ្មែរក្រហម ជាមួយកូរ៉េខាងជើង វាមានទំនាក់ទំនងល្អជាង»

អតីតប្រមុខការទូតកម្ពុជារូបនេះ បានបន្ថែមទៀតថា ដូច្នេះការសម្រេចភ្ជាប់ទំនាក់ទំនងការទូតរវាកម្ពុជា និងកូរ៉េខាងត្បូង ជាការសម្រេចចិត្តដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ហើយសុំបញ្ជាក់ថានេះ មិនមែនជាដំណើរទស្សនកិច្ចលើកទី១ របស់ប្រធានាធិបតីរបស់កូរ៉េខាងត្បូងមកកម្ពុជានោះទេ មានប្រធានាធិបតី២រូប ដែលបានមកធ្វើបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ទន្ទឹមនឹងនេះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានធ្វើទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋកូរ៉េខាងត្បូង ចំនួន៦ដងផងដែរ។

ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានបញ្ជាក់ថា ដូច្នេះទំនាក់ទំនងនយោបាយកម្ពុជា-កូរ៉េខាងត្បូង មានភាពស្និតស្នាលនឹងគ្នាល្អណាស់ ជាមួយគ្នានេះដែរវិស័យសេដ្ឋកិច្ច និងធុរកិច្ច ក៏មានការរីកចម្រើនខ្លាំងណាស់ សម្រាប់វិស័យវិនិយោគកម្ពុជា-កូរ៉េ គិតមកដល់ខែមករា ឆ្នាំ២០១៩ វិនិយោគកូរ៉េខាងត្បូង និងកម្ពុជា មានប្រហែល៥ពាន់លានដុល្លារ ហើយពាណិជ្ជកម្មនៅឆ្នាំ២០១៨ រវាងប្រទេសទាំងពីរ មានចំនួន៧០០លានដុល្លារ ក្រៅពីនោះកូរ៉េខាងត្បូង ក៏បានផ្តល់ជំនួយឥតសំណងដល់កម្ពុជា បានប្រហែល៣០០លានដុល្លារ ហើយក្រៅពីនេះនៅឆ្នាំ២០២០ មានគម្រោងចំនួន៤ ដែលកូរ៉េខាងត្បូង បម្រុងជួយដល់កម្ពុជាយើង លើទឹកប្រាក់៤០លានដុល្លារ ហើយកម្ចីសម្បទានវិញ នៅឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ មានប្រហែល៣៥០លានដុល្លារ។ ដូច្នេះទំនាក់ទំនងកម្ពុជា-កូរ៉េ មានការជិតស្និតលើគ្រប់វិស័យដូចជា នយោបាយ និងការផ្លាស់ប្តូរថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរ។

សូមជម្រាបថា ពាក់ព័ន្ធនឹងចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-កូរ៉េនោះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសាធារណរដ្ឋកូរ៉េខាងត្បូង បានចំនួន៦លើក គឺនៅឆ្នាំ១៩៩៦ ឆ្នាំ២០០១ ឆ្នាំ២០០៦ ឆ្នាំ២០០៨ ឆ្នាំ២០០៩ និងឆ្នាំ២០១៤ ហើយប្រធានាធិបតីរបស់កូរ៉េខាងត្បូង ក៏បានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា បានចំនួន៤លើក ផងដែរ ក្នុងនោះរួមមាន៣រូប៖ (លោក ប្រធានាធិបតី រ៉ូ មូយុន បានធ្វើទស្សនកិច្ចជាផ្លូវការនៅថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៦, លោកប្រធានាធិបតី លី ម្យុងបាក់ បានអញ្ជើញមកធ្វើ ទស្សនកិច្ចចំនួន២លើក (ទស្សនកិច្ចផ្លូវរដ្ឋ នៅខែតុលា ឆ្នាំ២០០៩ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធនៅខែ វិច្ឆិកា ឆ្នាំ២០១២) និងលោកប្រធានរដ្ឋសភា ជុង អ៊ុយវ៉ា ធ្វើទស្សនកិច្ចផ្លូវការ នៅថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៥)៕