(តាកែវ)៖ ​ព្រះតេជគុណ ស៊ី ជីឈីង ប្រធានសមាគម​អប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង និងព្រះចៅអធិការវត្តមង្គលមានលក្ខ័ណ បានបិទបញ្ចប់កម្មវិធីផ្លាស់ប្តូរវប្បធម៌ពុទ្ធសាសនា រវាងកម្ពុជា-ចិន រយៈពេល៣ថ្ងៃ ដែលធ្វើឡើងនៅវត្តមង្គលមានលក្ខណ៌ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ។ នេះបើតាមការឲ្យដឹងពី ព្រះតេជគុណ សៅ ដារ៉ាវី ព្រះរាជគណៈថ្នាក់កិត្តិយស ឧត្តមទីប្រឹក្សាសម្ដេចអគ្គមហាសង្ឃរាជនៃកម្ពុជា និងជាព្រះចៅអធិការវត្តមង្គលមានលក្ខ័ណ ប្រាប់អង្គភាព Fresh News ឲ្យដឹងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

ព្រះតេជគុណ សៅ ដារ៉ាវី ​មានសង្ឃដីកាថា ការផ្លាស់ប្តូរវប្បធម៌ពុទ្ធសាសនារវាងកម្ពុជា-ចិន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០១៩ ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញវិស័យព្រះពុទ្ធសាសនា ឲ្យកាន់តែទូលាយថែមទៀត ទៅកាន់ពិភពលោក ក៏ដូចជារឹតចំណងមិត្តភាពសាសនា រវាងប្រទេសទាំង៣ផងដែរ។

ព្រះតេជគុណ ស៊ី ជីឈីង ប្រធានសមាគមអប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង បានសន្យា​ថា នឹងនាំនូវវប្បធម៌ ​ក៏ដូចជាវិស័យព្រះពុទ្ធសាសនារបស់ប្រទេសកម្ពុជា ទៅផ្សព្វផ្សាយ ចែករំលែក ដល់ប្រជាជនចិន ហើយព្រះតេជគុណ បានថ្លែងអំណរគុណដល់ព្រះចៅអធិការវត្ត មង្គលមានលក្ខណ៌ ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ ដែលបានទទួលស្វាគមន៍​យ៉ាងកក់ក្តៅ និងយកដាក់បំផុត សម្រាប់រយៈបីថ្ងៃកន្លងមកនេះ។

ព្រះចៅអធិការវត្តមង្គលមានលក្ខ័ណ បានថ្លែងអំណរគុណដល់ព្រះតេជគុណ ស៊ី ជីឈីង និងប្រតិភូដែលបានមកទស្សនកិច្ច ក៏ដូចជាផ្លាស់ប្តូរនូវវប្បធម៌ពុទ្ធសាសនា ក្នុងស្រុកត្រាំកក់ និងវត្តមង្គលមានលក្ខ័ណនេះ ​ហើយព្រះតេជគុណរំពឹងថា សមាគម​អប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង នឹងមានវត្តមានជាបន្តបន្ទាប់ទៀតក្នុងប្រទេសកម្ពុជា។

ជាមួយគ្នានោះ សមាគម​អប់រំពុទ្ធសាសនាពិភពលោក ក្រុងហុងកុង ក៏បានផ្តល់ជាបច្ច័យមួយចំនួន ជូនដល់ព្រះចៅអធិការវត្តមង្គលមានលក្ខ័ណ ដើម្បីជាការចូលរួមចំណែកក្នុងការកសាង និងអភិវឌ្ឍន៍ ក្នុងវត្តមង្គលមានលក្ខ័ណផងដែរ៕​