(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ) បានណែនាំឲ្យក្រសួង ស្ថាប័ន និងអភិបាលខេត្តទាំងអស់ ត្រូវរៀបចំផ្សព្វផ្សាយច្បាប់ចរាចរណ៍ មួយខែមួយលើក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។ នេះបើយោងតាមលិខិតរបស់សម្តេចក្រឡាហោម ស ខេង ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

យោងតាមលិខិតនេះ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅតែជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង បង្កឱ្យមានអ្នកស្លាប់ របួស ពិការ ខូចខាតទ្រព្យសម្បត្តិ ជារៀងរាល់ថ្ងៃគួរឱ្យព្រួយបារម្ភ។

ដើម្បីបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក សម្តេចសូមសំណូមពរដល់គ្រប់ក្រសួង ស្ថាប័ន និងថ្នាក់រាជធានី ខេត្ត ឲ្យណែនាំដល់គ្រប់អង្គភាពក្រោមឱវាទ ចូលរួមឱ្យបានសកម្ម ក្នុងការអប់រំផ្សព្វផ្សាយ និងគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចខាងក្រោម៖

១៖​ រៀបចំឱ្យមានកម្មវិធីដោយឡែក ក្នុងការអប់រំផ្សព្វផ្សាយ ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក និងបទដ្ឋាន សុវត្ថិភាពចរាចរណ៍ជាប្រចាំខែ (យ៉ាងតិចមួយខែមួយលើក) ដើម្បីលើកកម្ពស់ការប្រុងប្រយ័ត្ន ធានាសុវត្ថិភាពក្នុងការធ្វើចរាចរណ៍ និងធ្វើរបាយការណ៍អំពីសកម្មភាពនេះ ដូចមានគំរូជូនភ្ជាប់ មកកាន់ គ.ស.ច.គ (អគ្គលេខាធិការដ្ឋាន) ដែលមានទីតាំងនៅក្រសួងសាធារណការ និងដឹកជញ្ជូន។

២៖ កសាងបទបញ្ជាផ្ទៃក្នុង ចែងអំពីការជំរុញអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន នូវបញ្ហាសុវត្ថិភាពសំខាន់ៗ ក្នុងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ដូចជា ការពាក់ខ្សែក្រវាត់ពេលធ្វើដំណើរតាមរថយន្ត ការពាក់មួកសុវត្ថិភាព ពេលធ្វើដំណើរតាមទោចក្រយានយន្ត ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ការបើកបរមិនស្ថិតក្រោមឥទ្ធិពលនៃជាតិស្រវឹង។ល។

៣៖ ត្រួតពិនិត្យ និងមានវិធានការតឹងរឹង ជំរុញការគោរពបទបញ្ជាផ្ទៃក្នុង នៅតាមច្រកចេញចូល ក្រសួង ស្ថាប័ន ព្រមទាំងបង្កើតកម្មវិធីប្រឡងប្រណាំង លើកទឹកចិត្តចំពោះបុគ្គល ដែលមានចំណេះដឹងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក និងអនុវត្តន៍បានល្អតាមបទបញ្ជាផ្ទៃក្នុង៕

ខាងក្រោមនេះ ជាលិខិតរបស់សម្តេចក្រឡាហោម​ ស ខេង៖