(ស្វាយរៀង)៖ ដោយសារកំណើនសេដ្ឋកិច្ចនៅក្រុងបាវិត កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ហើយប្រជាពលរដ្ឋ ក៏បានប្រើប្រាស់សម្ភារហូបចុកប្រចាំថ្ងៃ ក៏ចេះកើនឡើងដែរ ហើយពលរដ្ឋខ្លះ មានការយល់ដឹងអំពីបរិស្ថាន អនាម័យ បានទៅរកការប្រើប្រាស់សេវាប្រមូលសំរាម ពីក្រុមហ៊ុនដឹកសំរាម។ ចំណែកឯពលរដ្ឋមួយចំនួនទៀត នាំគ្នាចោលសំរាមតាមចិញ្ចើមផ្លូវ នាំឲ្យស្អុយរលួយ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ទាំងអ្នករស់នៅផ្ទាល់ និងអ្នកធ្វើដំណើរតាមផ្លូវតែម្តង។

ជុំវិញការចោលសំរាមគ្មានសណ្តាប់ធ្នាប់ ដើម្បីគេចវេសពីការប្រើប្រាស់សេវាប្រមូលសំរាមពីក្រុមហ៊ុន ពលរដ្ឋចំនួននៅក្រុងបាវិត ដែលមានផលប៉ះពាល់ដល់សុខភាព និងការរស់នៅ បានស្នដល់អភិបាលក្រុងបាវិត សូមជួយទប់ស្កាត់ក្រុមអាជីករ និងពលរដ្ឋមួយចំនួន ដែលខ្វះការយល់ដឹងអំពីបរិស្ថានរស់នៅ បានយកកាកសំណល់ (សំរាម) យកទៅផ្លុងចោលចំនួន១៥កន្លែង ក្នុងក្រុងបាវិត និងសូមជួយជំរុញ ឲ្យពលរដ្ឋបោះសំរាមចោលនោះ ទៅរកការប្រើប្រាស់សេវាប្រមូលសំរាម ដើម្បីឲ្យក្រុមហ៊ុនដឹកសំរាម មានលទ្ធភាពទៅប្រមូលសំរាម ដល់លំនៅដ្ឋានផ្ទាល់តែម្តង។

បើតាមលោក ខេន តំណាងក្រុមហ៊ុនហាយព្រីដដឹកកាកសំណល់សំរាម នៅក្រុងបាវិត បានឲ្យដឹងថា សព្វថ្ងៃប្រជាពលរដ្ឋ នៅសង្កាត់បាវិត ក្រុងបាវិតមាន៥០៥០គ្រួសារ ក្នុងនោះអ្នកប្រើប្រាស់សេវា មានចំនួនតែ៥២៨គ្រួសារ ហើយភូមិបាវិតលើមានការប្រើប្រាស់សេវាច្រើនជាងគេ ខណៈក្រុមហ៊ុនមានរថយន្ត២០គ្រឿង និងកម្មករ១២២នាក់។

លោកបានបន្តថា ពលរដ្ឋបានយកសំរាមទៅផ្លុងចោល ពីមុនមានតែ១៣កន្លែងទេ តែមកដល់បច្ចុប្បន្ននេះកើនឡើង១៥កន្លែង ហើយមិនព្រមបង់សេវា ធ្វើឲ្យប៉ះពលដល់បរិស្ថានក្នុងក្រុង និងតាមផ្លូវសាធារណៈ។ ខាងក្រុមហ៊ុនជួយយកជាច្រើនឆ្នាំហើយ តែកាកសំណល់នេះបច្ចុប្បន្នចេះ តែកើនឡើងពី ១ថ្ងៃទៅ១ថ្ងៃ។

លោក ខេន បន្ថែមថា សំរាមដែលពលរដ្ឋយកទៅផ្លុងចោលនោះ ភាគច្រើននៅផ្លូវកំពង់ស្ពានជាង១០កន្លែង និងតាមផ្លូវជាតិលេខ១ មាន៥កន្លែង ដែលមិនព្រមបង់សេវា។ លោកបន្តថា សំរាមទាំង១៥កន្លែងនេះ មិនមែនជាបន្ទុករបស់ក្រុមហ៊ុនទេ តែខាងក្រុមហ៊ុន បានជួយប្រមូលយកចេញជារៀងរាល់ថ្ងៃ បើគិតជាថវិកា ខាងក្រុមហ៊ុនចំណាយ១ខែៗ ជិត៣,០០០ដុល្លារឯណោះ។

លោកក៏បានសំណូមមពរដល់អាជ្ញាធរក្រុងបាវិត មេតា្តជួយចាត់វិធានការចំពោះបញ្ហានេះផង ព្រោះបច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួន ដែលមិនយល់ពីបរិស្ថាន ចេះតែយកកាកសំណល់ បោះចោលពាសវាលពាសកាល ធ្វើឲ្យខូចសណ្ដាប់ធ្នាប់ក្រុង និងប៉ះពលបរិស្ថាន ក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ដែលគេមានអនាម័យល្អ។ លោកក៏ស្នើ សូមឲ្យពលរដ្ឋហូបចុកហើយ មានការវេចខ្ចប់ និងដាក់តាមធុងសំរាម ដែលមាននៅតាមដងផ្លូវ ជាពិសេសពលរដ្ឋ ដែលមិនបានបង់សេវាអនាម័យតាមផ្ទះជួល ឬគេហដ្ឋាននានា សូមឲ្យយល់ដឹងអំពីបរិស្ថាន ជួយចូលរួមការសំអាតអនាម័យទាំងអស់គ្នា និងចូលរួមបង់សេវាគ្រប់គ្នា ដើម្បីឲ្យក្រុមហ៊ុនមានលទ្ធភាព និងក្នុងការប្រមូលកាកសំណល់ទាំងនេះ យកទៅបោះចោល នៅទីលានដែលមានសុវត្ថិភាព។

លោក សេង សិលា អភិបាលក្រុងបាវិត ធ្លាប់បានឲ្យដឹងថា សំរាមជាច្រើនកន្លែង ដែលប្រជាពលរដ្ឋ និងអាជីករយកមកផ្លុងចោលនោះមានពិតមែន តែលោកបានចុះពន្យល់ណែនាំ និងបានបង្ហោះសារតាមផេកសាលាក្រុង និងរបស់លោកផ្ទាល់ មិនឲ្យចោលសំរាមពាសវាលពាសកាលឡើយ។ លោកបានជំរុញឲ្យមានវិចខ្ចប់ យកទៅដាក់ទីតាំង និងចូលរួមបង់សេវាទាំងអស់គ្នាផងដែរ។

លោកបានបន្តថា​ បញ្ហាខាងលើនេះ លោកបានចាត់ចែងឲ្យមន្ត្រីជំនាញឃ្លាំចាំមើល ចាប់មកផាកពិន័យ តែដោយបច្ចុប្បន្ននេះ លោកខ្វះមន្ត្រីជំនាញ ទើបពិបាកក្នុងការងារគ្រប់គ្រងផ្នែកអនាម័យ ព្រោះមន្ត្រីលោកមានគ្នាតិចពេក៕