(បន្ទាយមានជ័យ)៖ ប្រជាពលរដ្ឋ​ អាជីវករ​ ក្រុមហ៊ុនអ្នកនាំចេញកសិផល​ដំឡូងមី​ តាមមាត់ច្រកម៉ាឡៃ​ ស្នើសុំកិច្ចអន្តរាគមន៍​ពីរាជរដ្ឋាភិបាលកម្ពុជា ពិសេសលោកអភិបាលខេត្តបន្ទាយមានជ័យ លោក សួន បរវ ដើម្បីឲ្យអភិបាលស្រុកម៉ាឡៃ​ លោក​ ឯម​ សុខា​ ចេញលិខិត​ បញ្ជាក់គុណភាពដំឡូងមី (CA) ឲ្យបានលឿនទាន់ពេលវេលា​ ជៀសវៀងការរាំងស្ទះដល់ ការ​នាំចេញកសិផល​ ជៀសវាងនូវការ ប្រើប្រាស់បច្ចេកទេសផ្សេងៗ ដើម្បីបង្អូសពេលវេលាក្នុងការចេញ​ CA នេះផង​ដែរ​។

ម្យ៉ាងវិញទៀតអ្នកនាំចេញកសិផល កំពុងតែមានការព្រួយបារម្មណ៍យ៉ាងខ្លាំង ​ព្រោះពេលនេះតំលៃកសិផល កំពុងមានការធ្លាក់ចុះជាបណ្តើរៗ​។

យ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន៣ ដែលកំពុងរង់ចាំការចុះហត្ថលេខាលើលិខិតបញ្ជាក់គុណភាពដំឡូង​ហៅថា CA របស់លោក​ ឯម​ សុខា​ អភិបាលស្រុកម៉ាឡៃ​ តែមួយគត់ ទើបកសិផលអាចនាំចូលទៅប្រទេសថៃបាន​ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនទាំងអស់មានឯកសារ CO​ របស់ក្រសួងពាណិជ្ជកម្ម​ , Phytosanitary​ របស់អគ្គនាយកដ្ឋានកសិកម្ម​, Invoices and Packing រួចរាល់អស់ហើយ​ផង​ដែរ​ គឺរង់ចាំតែ​ហត្ថលេខារបស់លោក​ ឯម​ សុខា​ អភិបាលស្រុកម៉ាឡៃ​ លើឯកសារ​ CA មួយទៀតតែប៉ុណ្ណោះ​។

តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុននាំចេញបានបញ្ជាក់ថា គាត់ (លោក ឯម សុខា) លើកឡើងពីបញ្ហាអសកម្មនានា​របស់ម្ចាស់សៃឡូ​ ដែលមិនពាក់ព័ន្ធអ្វីទាល់តែសោះ​ ទៅនឹងបែបបទនៃការនាំចេញកសិផល​ បើម្ចាស់សៃឡូណាមិនគោរពតាមការណែនាំ​ គាត់ត្រូវចេញលិខិត​ជំរាបទៅម្ចាស់សៃឡូនោះ​ ដើម្បីធ្វើកិច្ចសន្យា​ មិនមែនគាត់បដិសេធមិនព្រមចុះហត្ថលេខាលើ​ CA ឬ​ រកឡេសនេះឡេសនោះ​បង្កការលំបាកដល់អាជីវករនាំចេញកសិផលនោះទេ​។

ប្រជាពលរដ្ឋ​អាជីវករអ្នកនាំចេញទាំងអស់​សង្ឃឹមថា​ និងទទួលបានកិច្ចអន្តរាគមន៍ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងលោកអភិបាលខេត្ត ជំរុញទៅ​លោក​ ឯម​ សុខា​ ចៅហ្វាយស្រុក​ម៉ាឡៃ​ ក្នុងការពន្លឿនការចុះហត្ថលេខា​ ដើម្បីបង្កលក្ខណៈងាយស្រួល​ ដល់អ្នកនាំចេញក្នុងការជំរុញការ​នាំ​ចេញ​ កសិផលរបស់ប្រជាពលរដ្ឋខ្មែរយើង​ ក៏ដូចជាជួយបង្កនូវបរិយា​កាសងាយស្រួល​ ដល់​ក្រុមអ្នកធ្វើ​ធុរកិច្ចទាំងអស់​ ស្រប​តាមគោលនយោបាយកំណែ​ទំរង់ផ្ទៃក្នុងស៊ីជំរៅ​របស់រាជរដ្ឋភិបាលកម្ពុជា​ ក្រោម​ការដឹកនាំ​ក្រោមម្លប់សន្តិភាព ដែលមានសម្តេចតេជោ​​ នាយករដ្ឋមន្រ្តីនៃកម្ពុជា ​ជាប្រមុខដឹកនាំ​។

ពាក់ព័ន្ធករណីនេះ អង្គភាព Fresh News មិនទាន់អាចទំនាក់ទំនងលោក ឯម សុខា អភិបាលស្រុកម៉ាឡៃ បាននៅឡើយទេ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៩នេះ៕