(ព្រះសីហនុ)៖ បន្ទាប់ពីអភិបាលខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបន្ទាន់ជាមួយអភិបាលក្រុង ស្រុកទាំង៤ កម្លាំងកងរាជអាវុធហត្ថខេត្ត និងស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីអប់រំ ផ្សព្វផ្សាយច្បាប់ និងបង្ក្រាបរាល់សកម្មភាពអនាធិបតេយ្យ របស់ក្រុមពលរដ្ឋមួយចំនួន ដែលបានផ្តុំគ្នាធ្វើសកម្មភាពរំលោភលើដីកម្មសិទ្ធិរបស់អ្នកដទៃ និងដីសាធារណៈរបស់រដ្ឋផងដែរ នៅសាលាខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញនេះ។

សំរាប់ថ្ងៃអង្គារទី១២ ខែមីនា ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្ដ ស្រុក ឃុំ និងសមត្ថកិច្ចចម្រុះ ចុះផ្សព្វផ្សាយច្បាប់ ណែនាំប្រជាពលរដ្ឋ និងបិទសេចក្ដីជូនដំណឹង (ស.ជ.ណ) នៅទីតាំងកើតហេតុផ្ទាល់ ដែលចូលមកចាប់ដីឯកជន និងដីរដ្ឋនៅចំណុចអូរត្រាវ ស្ថិតក្នុងភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ។

លោក យន្ដ មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បាននិយាយថា ការកោះប្រជុំគណៈបញ្ជាការឯកភាពបន្ទាន់ ដើម្បីចាត់វិធានការផ្លូវច្បាប់ចំពោះក្រុមប្រជាពលរដ្ឋដើរចាប់ដីអនាធិបតេយ្យ នៅខេត្តព្រះសីហនុ តាមខ្សែញាក់របស់មេខ្យល់លាក់មុខ។ រយៈពេលប្រមាណជាងមួយសប្តាហ៍ចុងក្រោយនេះ ក្រុមប្រជាពលរដ្ឋមកពីស្រុកផ្សេង ខេត្តផ្សេងៗជាច្រើននាក់ បានធ្វើការប្រមូលផ្ដុំគ្នាចូល ទៅទន្ទ្រាន កាន់កាប់វាស់វែងដីចែកគ្នានៅស្ទើរគ្រប់ស្រុក ក្រុង ទៅតាមចំណែករៀងៗខ្លួន។

បន្ទាប់ពីក្រុមអាជ្ញាធរតាមមូលដ្ឋាន បានធ្វើការតាមដានស៊ើបអង្កេតរួចរាល់ពិនិត្យឃើញថា ក្រុមប្រជាពលរដ្ឋទាំងនេះ គឺបានចល័តមកពីតំបន់ផ្សេងៗ ឬខេត្តផ្សេងៗ តាមការចលនាអូសទាញរបស់ មេខ្លោងលាក់មុខ នៅពីក្រោយខ្នង ដើម្បីទន្ទ្រានយកដីកម្មសិទ្ធិរបស់អ្នកដទៃ រួមជាមួយនឹងដីរបស់រដ្ឋផងដែរ ក្រោមហេតុផលថា (ក្រីក្រគ្មានដីគ្មានផ្ទះនៅ)។ តែករណីនេះ អាជ្ញាធរយល់ថា គឺជាយុទ្ធសាស្ត្ររបស់ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យក្រោមល្បិច (ឈ្នះបានដីចាញ់បានលុយ) ប៉ុណ្ណោះ។

ជាវិធានការចំពោះមុខនេះ លោកបានប្រគល់ភារកិច្ចជូនគណៈបញ្ជាការឯកភាព ក្រុងស្រុកទាំងអស់ ត្រូវធ្វើការអប់រំផ្សព្វផ្សាយដល់ទីតាំង ដែលក្រុមគាត់ចូលទន្ទ្រានកាន់កាប់នោះ ដើម្បីឲ្យពួកគាត់ បានយល់ដឹងព្រមទាំងកំណត់អត្តសញ្ញាណពួកគាត់ឲ្យបានច្បាស់លាស់ ជំរុញឲ្យពួកគាត់យល់អំពីច្បាប់ និងចាកចេញពីទីតាំងទន្ទ្រាន ដើម្បីចៀសវាងមានបញ្ហានៅ ពេលអាជ្ញាធរចាត់វិធានការផ្លូវច្បាប់។

ជាមួយគ្នានេះផងដែរ អភិបាលខេត្តព្រះសីហនុ ក៏បានដាក់បញ្ជាទៅស្នងការនគរបាលខេត្តព្រះសីហនុ រួមជាមួយនឹងមេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ ត្រូវធ្វើការស្រាវជ្រាវ តាមដានរកមុខ សញ្ញា មេខ្យល់ទាំងអស់នេះដើម្បីចាត់ការទៅតាមផ្លូវច្បាប់ដោយគ្មានលើកលែង។ប្រទេសមានច្បាប់ ដូច្នេះយើង ត្រូវតែអនុវត្តទៅតាមច្បាប់ដោយមិនអាច បណ្ដែតបណ្ដោយឲ្យក្រុមអនាធិបតេយ្យ មកក្រឡុកធ្វើព្យុះធ្វើភ្លៀងបង្កបញ្ហាឥតឈប់ឈរដូច្នេះឡើយ។ ទន្ទឹមនេះលោកអភិបាលខេត្តព្រះសីហនុ ក៏បានផ្ញើសារអំពាវនាវដោយទទូចដល់ក្រុមប្រជាពលរដ្ឋ អនាធិបតេយ្យទាំងអស់នេះ សូមនាំគ្នាដកខ្លួនចេញពីទីតាំងដីកម្មសិទ្ធិរបស់គេ និងដីសាធារណៈរបស់រដ្ឋ ដើម្បីកុំឲ្យមានបញ្ហាជាមួយច្បាប់៕