(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ក្រសួងបានចំណាយថវិកាជាង ២១លានដុល្លារអាមេរិក ដើម្បីប្រើប្រាស់សេវាសុខាភិបាល របស់កម្មករនិយោជិត ក្នុងប្រព័ន្ធផ្នែកគ្រោះថ្នាក់ការងារ និងថែទាំសុខភាព នៅឆ្នាំ២០១៨។

ការបញ្ជាក់របស់លោករដ្ឋមន្ត្រី បានធ្វើឡើងនៅក្នុងឱកាសដែលលោកចូលរួម ក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៨ និងលើកទិសដៅបន្តឆ្នាំ២០១៩ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩។

លោក​ ម៉ម ប៊ុនហេង បានថ្លែងថា ក្នុងឆ្នាំ២០១៨ ករណីប្រើប្រាស់សេវាសុខាភិបាល របស់កម្មករនិយោជិត ក្នុងប្រព័ន្ធផ្នែកគ្រោះថ្នាក់ការងារមានចំនួន៤១,១៣២ករណី និងផ្នែកថែទាំសុខភាពចំនួន ១,៦៧៣,៧៥២ករណី ដោយចំណាយថវិកាសរុបចំនួន ៨៤,៣៦៦,០៤០,០០០ លានរៀល (ប្រហែល២១លានដុល្លារ)។ រីឯកម្មករនិយោជិតជាស្រ្តី ទាំងក្នុងនិងក្រៅប្រព័ន្ធចំនួន ៦៥,០៥៤នាក់ ដែលបានសម្រាលកូនក្នុងឆ្នាំ២០១៨ បានទទួលប្រាក់ឧបត្ថម្ភបន្ថែមសរុបជាទឹកប្រាក់ចំនួន ២៦,២១៣,៦០០,០០០រៀល។

លោកបានគូសបញ្ជាក់ថា ចំណាយចរន្តថវិកាជាតិវិស័យសុខាភិបាលបានកើនពី ១,១៧៧,៤១៩លានរៀល នៅឆ្នាំ២០១៧ ទៅ១,៣៧៨,១០៦.៧ លានរៀល នៅឆ្នាំ២០១៨ ក្នុងនោះចំណាយនៅថ្នាក់រាជធានី-ខេត្ត បានកើនពី ៤៩៧,៥៨៣.៣លានរៀល ដល់ ៥៥២,៣៦៧.៩លានរៀល។ ហើយក្រសួងសុខាភិបាល បានចូលរួមយ៉ាងសកម្ម ក្នុងការអនុវត្តកម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល ស្តីពីប្រព័ន្ធគាំពារសង្គម។

លោក ម៉ម ប៊ុនហេង បានបន្តថា ការប្រើប្រាស់សេវាវេជ្ជសាស្ត្ររបស់ប្រជាពលរដ្ឋក្រីក្រ នៅក្រោមកម្មវិធីមូលនិធិសមធម៌សុខាភិបាល កើនពី២,៦៥១,៨៤៣ករណី នៅឆ្នាំ២០១៧ ដល់២,៨១០,៦៩៧ករណី នៅឆ្នាំ២០១៨ ដោយបានចំណាយ១៤,៣៨១,៤២៧ដុល្លារ (ក្នុងនោះចំណាយលើសេវាវេជ្ជសាស្រ្ត ១២,៤៥២,៣៤៤ដុល្លារ និងចំណាយលើសេវាមិនមែន វេជ្ជសាស្រ្ត១,៩២៩,០៨៤ដុល្លារ)។

ករណីប្រើប្រាស់សេវាវេជ្ជសាស្ត្ររបស់កម្មករ/ និយោជិតក្រៅប្រព័ន្ធ ក្រុមប្រឹក្សាឃុំ/សង្កាត់ មន្ត្រីភូមិ កីឡាករ កីឡាការនី កម្មករត្រីចក្រយាន្ត និងប្រតិបត្តិករដោះមីនមានចំនួន ៤៣,៩៣២ករណី ដោយចំណាយថវិកាជាតិអស់ប្រមាណ ២៨៤,៤៧៤ដុល្លារ។

ជាមួយគ្នានេះ បេឡាជាតិរបបសន្តិសុខសង្គម (បសស) បានចុះកិច្ចព្រមព្រៀងស្តីពីការប្រើប្រាស់ និងផ្តល់សេវាជាមួយមូលដ្ឋានសុខាភិបាលសាធារណៈ និងឯកជន សម្រាប់ផ្នែកហានិភ័យការងារចំនួន ១៥៦កន្លែង និងសម្រាប់ផ្នែកថែទាំសុខភាពចំនួន ១,៣៤៩កន្លែងផងដែរ។

បើតាមលោករដ្ឋមន្ត្រី ក្រសួងសុខាភិបាលបានចូលរួមអនុវត្តកម្មវិធីកែទម្រង់នេះយ៉ាងសកម្ម ដោយបានដាក់ឲ្យដំណើរការអង្គភាពថវិកា និងប្រតិបត្តិការថវិកាប្រកបដោយគណនេយ្យភាព តម្លាភាព និងប្រសិទ្ឋភាព និងប្រើប្រាស់ប្រព័ន្ធធនាគារ ក្នុងការបើកផ្តល់ប្រាក់បៀវត្ស ប្រាក់បេសកកម្ម ប្រាក់ម៉ោងយាម ប្រាក់ឆ្មបសម្រាលកូន និងអត្ថប្រយោជន៍មួយចំនួនទៀត របស់មន្ត្រីបុគ្គលិកសុខាភិបាល។ ការចំណាយថវិកាជាតិ និងការគ្រប់គ្រងហិរញ្ញវត្ថុ កាន់តែប្រសើរឡើងទាំងនៅថ្នាក់កណ្ដាល និងថ្នាក់រាជធានី-ខេត្ដ៕