(កំពង់ចាម)៖ ឧបនាយករដ្ឋមន្រ្តីលោក យឹម ឆៃលី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះរដ្ឋបាលខេត្តកំពង់ចាម និងមន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ដែលបានខិតខំប្រឹងប្រែង បំពេញភារកិច្ចបម្រើសេវាជូនប្រជាពលរដ្ឋបានល្អប្រសើរ និងអភិវឌ្ឍន៍លើគ្រប់វិស័យក្នុងឆ្នាំ២០១៨ កន្លងទៅនេះ។

លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅឆ្នាំ២០១៩ របស់ខេត្តកំពង់ចាម ដែលបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម ដោយមានការចូលរួមពីលោក ហ៊ុន ណេង អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងមន្ត្រីរាជការចូលរួមជាច្រើននាក់ទៀត។

ឧបនាយករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ និងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្តកំពង់ចាម មន្ទីរអង្គភាពជុំវិញនានា ក៏ដូចជា រដ្ឋបាលស្រុក-ក្រុង រដ្ឋបាលឃុំ-សង្កាត់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋ ដែលបានចូលរួមគ្នាសម្រេចបាននូវសមិទ្ធផលគ្រប់វិស័យនៅទូទាំងខេត្ត ដើម្បីរួមចំណែកអភិវឌ្ឍថែរក្សាសន្តិភាពស្ថិរភាពនយោបាយ និងរក្សាការពារបានយ៉ាងគត់មត់នូវបូរណភាពទឹកដី អធិបតេយ្យភាពជាតិ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេស ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គមធ្វើឲ្យប្រទេសជាតិយើង បន្តសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់រហូត ដល់ ៧,៥ ភាគរយ ក្នុងឆ្នាំ២០១៨កន្លងទៅនេះ។

តាមរយៈកំណើននេះ បានបង្កលក្ខណៈសម្បត្តិ កាត់បន្ថយភាពក្រីក្រ និងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ទន្ទឹមនេះអាជ្ញាធរកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដោយមានការចូលរួមពីប្រជាពលរដ្ឋក្នុងខេត្ត បានខិតខំរួមគ្នាបង្កបរិយាកាសនយោបាយ ចូលរួមការពារសន្តិសុខ ព្រមទាំងចូលរួមបំពេញកតព្វកិច្ចនានា ស្របតាមច្បាប់ ទៅតាមគោលការណ៍ នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៤ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឲ្យប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានតម្លាភាព និងសុវត្ថិភាពយ៉ាងល្អប្រសើរ បើប្រៀបធៀបទៅនឹងការបោះឆ្នោតនាអាណត្តកន្លងមកនៅក្នុងប្រទេសកម្ពុជាយើង។

ជារួមអង្គសន្និបាតយល់ឃើញថា ការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពនានាជុំវិញខេត្ត ក្នុងរយៈពេលមួយឆ្នាំកន្លងមក ទទួលបានលទ្ធផលគួរជាទីមោទនៈ បើទោះបីជាមានបញ្ហាប្រឈមនានា ដែលបានកើតឡើងក៏ដោយ ក៏រដ្ឋបាលខេត្តបានខិតខំដោះស្រាយឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាព។

អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងក្នុងឱកាសនោះថា ការសម្រេចបានលទ្ធផលដ៏ធំធេងនេះ គឺបានមកពីការណែនាំចង្អុលបញ្ហាញជាប្រចាំពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ, លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ចាម លោក ហ៊ុន ណេង ដែលតែងតែផ្តល់ជាអនុសាសន៍ល្អៗ ដើម្បីជាប្រទីបបំភ្លឺ ក្នុងការអនុវត្តភារកិច្ចអោយបានជោគជ័យ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត បានផ្តាំផ្ញើដល់សមាជិក សមាជិកា នៃអង្គសន្និបាត ត្រូវបន្តខិតខំប្រឹងប្រែង បំពេញភារកិច្ចក្នុងឆ្នាំបន្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ រួបរួមសាមគ្គីជាធ្លុងមួយ ដើម្បីសម្រេចបាន ស្នាដៃធំៗបន្តទៀត ដោយប្រកាន់ខ្ជាប់នូវអភិក្រមរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តី «ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និង វះកាត់» និងបាវចនាពីរទៀតគឺ «កែទំរង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ» ដោយស្មារតីឯករាជ្យ៕