(រតនគិរី)៖ ជារៀងរាល់យប់គេសង្កេតឃើញមានគោយន្ត យ៉ាងហោចណាស់ចំនួន៣គ្រឿង ដឹកឈើអារចម្រុះគ្រប់ប្រភេទ ចូលក្នុងទីតាំងស្តុកឈើ៣កន្លែង ក្នុងក្រុងបានលុងដូចជាទី១ ដេប៉ូឈ្មោះ ប្រាក់ សឿន, ទី២ដេប៉ូឈ្មោះ ងិន អូន និងទី៣ ដេប៉ូ ឈ្មោះ ចែ រី ហើយគោយន្តទាំងនេះ ដឹកឈើអារចេញពីតំបន់ព្រៃផ្តល់ផល និងព្រៃសហគមន៍ព្រៃឈើក្នុងខេត្ត ដោយគ្មានវិធានការគ្រប់គ្រង ត្រួតពិនិត្យពីមន្ត្រីរដ្ឋបាលព្រៃឈើមូលដ្ឋានឡើយ។ នេះបើតាមមន្រ្តីតូចតាចនៅក្រុងបានលុង បានលួចប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩នេះ។

តាមការផ្តល់ព័ត៌មានឲ្យដឹងថា ក្រុមឈ្មួញឈើខាងលើនេះ បានរៀបចំក្រុមការងារមួយច្បាស់លាស់ ក្នុងនោះពួកគេបានកាប់រំលំ និងប្រមូលឈើ ក្នុងតំបន់ព្រៃដែលមានត្រង់សឺន័រជាច្រើនគ្រឿង (កាប់រំលំ, អារ) និងគោយន្តកន្ត្រៃប្រមូលអូសទាញស្តុកពីតំបន់ព្រៃ។

បន្ទាប់មក មានក្រុមគោយន្តជាច្រើនគ្រឿង ប្រមូលដឹកពីតំបន់ព្រៃទាំងនោះ មកផ្គត់ផ្គង់នៅដេប៉ូទាំង៣ខាងលើ។ សកម្មភាពនេះ បានអូសបន្លាយជាច្រើនឆ្នាំ រហូតដល់បច្ចុប្បន្នដែលធ្វើឲ្យ ភាពអាណាធិបតេយ្យក្នុងតំបន់ព្រៃផ្តល់ផល និងសហគមន៍ព្រៃឈើកាន់តែរីករាលដាលធំទៅៗ ធ្វើឲ្យសក្តានុពលព្រៃឈើនៅខេត្តរតនគិរី កាន់តែបាត់បង់ជាមួយនឹងដីព្រៃឈើ ដែលត្រូវកាប់ទន្ទ្រានបន្ថែមយកជាកម្មសិទ្ធិ។

ពាក់ព័ន្ធទៅនឹងបញ្ហាខាងលើនេះភ្នាក់ងារ Fresh News ប្រចាំនៅខេត្តរនគិរី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៩ បានទូរស័ព្ទសុំការបំភ្លឺពីលោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើរតនគិរី តែលោកមិនបានឆ្លើយតបអ្វីនោះទេ ដោយគ្រាន់និយាយយ៉ាងខ្លីថា «ជាប់សន្និបាតនៅក្រសួងកសិកម្ម រួចបិទទូរស័ព្ទតែម្តង»

ដោយឡែក លោក សយ សូណា ប្រធានមន្ទីរកសិកម្មខេត្តរតនគិរី ទូរស័ព្ទចូលច្រើនដងតែមិនទទួល។ ប្រភពព័ត៌មានដោយឡែកទៀត បានបង្ហើបឲ្យដឹងថា បើប្រជាពលរដ្ឋដឹកឈើបន្តិចបន្តួចតាមម៉ូតូ យកមកប្រើប្រាស់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ, កម្លាំងប៉ូលីស, កម្លាំងយោធា និងកម្លាំងប៉េអឹមចាប់ឃាត់ទារប្រាក់ តែចំពោះគោយន្តដឹកឈើទ្រង់ទ្រាយធំ ចូលដេប៉ូខាងលើពុំដែនឃើញមានសមត្ថកិច្ច ណាចុះបង្ក្រាបឡើយ សង្ស័យមានការទទួលផលប្រយោជន៍ពីម្ចាស់ដេប៉ូទាំងនោះហើយមើលទៅ៕